រៀងរាល់ឆ្នាំ ឱ្យតែដល់បុណ្យចូលឆ្នាំវៀតណាម គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ តែងចាត់តាំងសកម្មភាព និងចលនាជាច្រើនឆ្ពោះទៅប្រជាជននៅតំបន់ព្រំដែនសមុទ្រ។ លេចធ្លោគឺមានកម្មវិធី "និទាឃរដូវការពារព្រំដែនកក់ក្តៅចិត្តអ្នកភូមិ" បាននាំមកនូវនិទាឃរដូវដ៏កក់ក្តៅដល់ប្រជាជននៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុង។
ចំពោះកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ពេលបុណ្យចូលឆ្នាំវៀតណាមនិងនិទាឃរដូវឈានចូលមកដល់ម្តងៗ មិនត្រឹមតែជាដំណាក់កាលត្រៀមប្រយុទ្ធ ការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិបានរឹងមាំប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីគិតគូរជីវភាពប្រជាជនទៀតផង ពិសេសគឺជនជាតិភាគតិច។ ឆ្នាំ ២០២៦ កងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានសហការជាមួយប៉ុស្តិ៍ការពារព្រំដែនចំនួន៥ ដើម្បីចាត់តាំងកម្មវិធី "និទាឃរដូវការពារព្រំដែន កក់ក្តៅចិត្តអ្នកភូមិ" (ហៅកាត់ថា កម្មវិធី) គិតជាទឹកប្រាក់សរុបជិត៩០០លានដុង។ ឆ្លងតាមរយៈនោះ មានសកម្មភាពជាក់ស្តែងជាច្រើន ដូចជា៖ ឧបត្ថម្ភសង់ផ្ទះ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ជូនអំណោយ ពិនិត្យជំងឺនិងជូនថ្នាំពេទ្យដោយឥតគិតថ្លៃ។ល។ ដល់ប្រជាជនដែលមានស្ថានភាពលំបាក។

លោក ង្វៀងវុាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រគល់ផ្លាកនិមិត្តរូបឧបត្ថម្ភផ្ទះមហាសាមគ្គី១០ខ្នង ដល់ឃុំកូវឡាវយុង។
នៅប៉ុស្តិ៍ការពារព្រំដែនឡាយហ្វា កម្មវិធីនេះបានប្រគល់ជូនផ្ទះមហាសាមគ្គីបាន៣ខ្នង (ផ្ទះមួយខ្នងៗមានតម្លៃ ៦០ លានដុង) និងអំណោយ១០០ចំណែក រួមមាន៖ ទឹកប្រាក់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងចាត់តាំងពិនិត្យជំងឺ និងជូនថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រជិត១០០នាក់ ដែលមានស្ថានភាពលំបាកនៅលើភូមិឋាន គិតជាទឹកប្រាក់សរុបជាង២៥០លានដុង។ ទទួលអំណោយដែលកម្មាភិបាល យុទ្ធជនការពារព្រំដែនជូនដោយផ្ទាល់ដៃ បងលីហ្វិញសាង នៅឃុំឡាយហ្វា ឱ្យដឹង៖ “បុណ្យចូលឆ្នាំវៀតណាមឆ្នាំនេះពិតជាពិសេសណាស់ ខ្ញុំមានក្តីត្រេកអរក្រៃលែង ដោយបានក្មួយៗកងទ័ពការពារព្រំដែនជូនអំណោយ ពិនិត្យ ព្យាបាលជំងឺនិងជូនថ្នាំពេទ្យដោយឥតគិតថ្លៃ។ ពិសេស គ្រួសារខ្ញុំបានក្មួយៗកងទ័ពការពារព្រំដែនចលនាឧបត្ថម្ភសង់ផ្ទះថ្មីជូន ហេតុនោះគ្រួសារខ្ញុំទទួលបុណ្យចូលឆ្នាំដោយភាពកក់ក្តៅនិងសុភមង្គល”។ ចំណែកអ្នកមីង ថាច់ធីហឿង នៅភូមិយ៉ុងជួរ ឃុំត្រឹងដេ ឱ្យដឹងដោយក្តីរីកសាយ៖ "រៀងរាល់ឆ្នាំឱ្យតែដល់បុណ្យចូលឆ្នាំវៀតណាមម្តងៗ ក្មួយៗកងទ័ពការពារព្រំដែនតែងមកជូនអំណោយ ដើម្បីខ្ញុំទទួលបុណ្យចូលឆ្នាំដោយពេញលេញ ថែមទាំងបានពិនិត្យជំងឺ និងជូនថ្នាំពេទ្យដោយឥតគិតថ្លៃទៀតផង។ ទង្វើនេះបាននាំមកនូវក្តីរីករាយ សុភមង្គលដល់អ្នកក្រដូចខ្ញុំទទួលបុណ្យចូលឆ្នាំដោយកក់ក្តៅ"។

វរសេនីយ៍ឯក ហាហ្វីត្រឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ជូនអំណោយដល់មាមីងក្រីក្រនៅតំបន់ព្រំដែនសមុទ្រឃុំត្រឹងដេ។
តាមកងទ័ពការពារព្រំដែនទីក្រុងកឹងធើ កម្មវិធីនេះចាប់ផ្តើមអនុវត្តពីឆ្នាំ២០២១ រហូតដល់សព្វថ្ងៃ សហការប្រគល់ផ្ទះមហាសាមគ្គីបាន៩៤ខ្នង (ផ្ទះមួយខ្នងៗមានតម្លៃ៦០លានដុង) ឧបត្ថម្ភសង់ផ្ទះជូនសិស្សក្រីក្រសង្វាតរៀនសូត្របាន៣ខ្នង (ផ្ទះមួយខ្នងៗមានតម្លៃ៥០លានដុង) និងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្របាន ៥.២៦៩ចំណែក (មួយចំណែកៗមានតម្លៃ៥០០ពាន់ដុង) អាហារូបករណ៍បាន ៨៦១ចំណែក (មួយចំណែក ១លានដុង) និងកង់១១៤គ្រឿង (មួយគ្រឿងតម្លៃ២លានដុង) ដល់ប្អូនៗសិស្សានុសិស្ស គិតជាទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុង។ ឆ្លងតាមរយៈនោះ ជួយប្រជាជននៅតំបន់ព្រំដែនសមុទ្រមានជីវភាពលំនឹង ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ ហើយរួមជាមួយកម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែន អនុវត្តបានល្អនូវភារកិច្ចរក្សាសន្តិសុខនៅតំបន់ព្រំដែនសមុទ្រ និងការពារអធិបតេយ្យសមុទ្រ កោះរបស់មាតុភូមិបានរឹងមាំ។
វរសេនីយ៍ឯក ហាហ្វីត្រឿង ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ឱ្យដឹង៖ កម្មវិធីនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏ជ្រាលជ្រៅ ធ្វើឱ្យទៅជាភាពជាក់ស្តែងនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋអំពីការគិតគូរដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រអំណរនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំថ្មី។ ឆ្លងតាមរយៈសកម្មភាពរបស់កម្មវិធី បានរួមចំណែកជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគិតគូរ ជួយប្រជាជននៅតំបន់ព្រំដែនសមុទ្ររបស់ទីក្រុងទទួលបុណ្យចូលឆ្នាំថ្មីដ៏កក់ក្តៅ និងពេញលេញជាងទៀត បង្ហាញពីសីលធម៌ជួយគ្នាទៅវិញទៅមករបស់ជនជាតិ បង្កើនចំណងសាមគ្គីភាព ផ្សារភ្ជាប់ស្អិតល្មួតរវាងកងទ័ពនិងប្រជាជន និងធ្វើឱ្យគុណសម្បត្តិរបស់ "កងទ័ពអ៊ំហូ" កាន់តែល្អប្រសើរជាងទៀត។ ទន្ទឹមនឹងនោះ រួមចំណែកបង្កើនចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន កសាងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជនរឹងមាំ ពង្រីកកម្លាំងទូទៅដើម្បីគ្រប់គ្រងនិងការពារអធិបតេយ្យ សន្តិសុខព្រំដែនជាតិរឹងមាំក្នុងស្ថានភាពថ្មី៕
យ្វីអាញ - វិមាន