ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/02/2026 - 10:05

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោកទ្រឿងកាញ់ត្វៀង៖

ជូនរង្វាន់ដល់សមូហភាព និងបុគ្គលកម្មាភិបាល យុទ្ធជននៃគណៈ​បញ្ជាការកងទ័ពការពារព្រំដែនទីក្រុង 

- នៅគណៈបញ្ជាការកងទ័ពការពារព្រំដែនក្រុងកឹងធើ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចាត់តាំងពិធីជូនរង្វាន់ដល់សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងកិច្ចការប្រយុទ្ធប្រឆាំង បង្ក្រាបបទល្មើស និងអនុវត្តកម្មវិធី “បុណ្យចូលឆ្នាំការពារព្រំដែន កក់ក្តៅទឹកចិត្តអ្នកភូមិ” ក្នុងចង្កោមសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៦។ សមមិត្តទ្រឿងកាញ់ត្វៀង - អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រ​ជា​ជន​ទីក្រុងកឹងធើ បានអញ្ជើញចូលរួមនិងជូនរង្វាន់។ អញ្ជើញចូលរួមនៅមាន លោកវរសេនីយ៍ឯក ផាមង៉ុកក្វាង - សមាជិកគណៈប្រតិបត្តិការបក្ខភាគទីក្រុង អនុលេខាប្រចាំការនៃគណៈ​កម្មាធិការ​បក្ស ស្នងការនយោបាយនៃគណៈបញ្ជាកាយោធាទីក្រុងកឹងធើ។

ក្នុងពិធីជូនរង្វាន់ កងទ័ពការពារព្រំដែនបានរាយការណ៍អំពីលទ្ធផលលេចធ្លោនានាក្នុងដំណាក់កាលចំណុចកំពូលប្រយុទ្ធប្រឆាំងបង្ក្រាបបទល្មើស គ្រឿងញៀន ការជួញដូរមនុស្ស ការរត់ពន្ធ ការ​គៃ​បន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ នៅតំបន់ព្រំដែនសមុទ្រ ក្នុងឱកាសមុន ក្នុង និងក្រោយបុណ្យចូលឆ្នាំថ្មីប៊ិញង៉ ឆ្នាំ២០២៦។ ទន្ទឹមនឹងនោះ បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកម្មវិធី “និទាឃរដូវការពារព្រំដែនកក់ក្តៅទឹកចិត្តអ្នកភូមិ” ដោយសកម្មភាពជាក់​ស្តែងជាច្រើន និងមានអត្ថ​ន័យដ៏ជ្រាលជ្រៅឆ្ពោះទៅកាន់កម្មភិបាល យុទ្ធជន និងប្រជាជននៅតំបន់ព្រំដែន។

សមមិត្តទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនរង្វាន់ដល់សមូហភាពនិងបុគ្គលសម្រេចស្នាដៃឆ្នើម។

ជាមួយនឹងស្នាដៃដែលសម្រេចបាន គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានជូនប័ណ្ណសរសើរដល់​សមូហភាពចំនួន ០១ និងបុគ្គលចំនួន ០២ រូប ដែលមានស្នាដៃឆ្នើមក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបការស្តុកទុកគ្រឿងញៀនខុសច្បាប់; សមូហភាពចំនួន ០១ និងបុគ្គលចំនួន ០២ រូប ក្នុង​ការដឹកនាំ ចង្អុលការ និងចាត់តាំងសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៦ នៅលើភូមិឋានទីក្រុងកឹងធើ។

សមមិត្តទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងថ្នាក់ដឹកនាំគណៈបញ្ជាការយោធាទីក្រុងកឹងធើ ជូនរង្វាន់ដល់ប៉ុស្តិ៍ការពារព្រំដែន។

ថ្លែងការណ៍ក្នុងពិធីជូនរង្វាន់ សមមិត្តទ្រឿងកាញ់ត្វៀង បានកត់សម្គាល់ និងស្ងើចសរសើរនូវលទ្ធ​ផលដែលកងកម្លាំងកងទ័ពការពារព្រំដែនទីក្រុងសម្រេចបាន។ ទន្ទឹមនឹងនោះ លោកបានសំ​ណូម​ពរឱ្យអង្គភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ទស្សនៈ គោលការណ៍របស់បក្ស គោល​ន​យោបាយ និងច្បាប់របស់រដ្ឋ ស្តីពីការកសាង គ្រប់គ្រង និងការពារអធិបតេយ្យភាពដែន​ដី សន្តិសុខព្រំដែនជាតិ។ ត្រូវក្តាប់ជាប់ស្ថានការណ៍ឱ្យបានទាន់ពេលវេលា ព្យាករណ៍ឱ្យបានច្បាស់លាស់​នូវរាល់ស្ថានភាពដែលមានផលប៉ះពាល់ដល់ភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ រក្សាឱ្យបានរឹងមាំនូវស្ថិរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅលើភូមិឋាន និងនៅលើសមុទ្រ។ ទន្ទឹមនឹងនោះ ត្រូវសកម្មប្រយុទ្ធប្រឆាំង និងបើកយុទ្ធនាការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជា​ពិ​សេសក្នុងឱកាសមុន ក្នុងនិងក្រោយបុណ្យចូលឆ្នាំថ្មី​ប៊ិញង៉ ឆ្នាំ២០២៦។ ពង្រីកកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយទាំងមូល និងតួនាទីរបស់ប្រជាជនក្នុង​ការការពារអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្រ។ ផ្សព្វផ្សាយឱ្យបានទូ​លំ​ទូ​លាយដល់អ្នកនេសាទ ដើម្បីកុំឱ្យមានការរំលោភបំពានលើការទាញយកផលសមុទ្រខុសច្បាប់ IUU ឈានដល់ការដក “កាតលឿង”។ យកចិត្តទុកដាក់និងគិតគូរដល់ជីវភាពសម្ភារៈ ស្មារតី និងអនុវត្តឱ្យបានល្អនូវរាល់គោល​នយោបាយ ដើម្បីឱ្យកម្មភិបាល យុទ្ធជន ស្មគ្រចិត្តឆ្លងកាត់រាល់ការលំបាក ដៃកាន់ជាប់កាំភ្លើង អនុវត្តល្អនូវភារកិច្ចគ្រប់គ្រង ការពាររឹងមាំនូវអធិបតេយ្យភាពដែនដី និងសន្តិសុខព្រំ​ដែន​ជាតិ។

សមមិត្តទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនអំណោយដល់គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ។ 

ក្នុងឱកាសឆ្នាំថ្មីប៊ិញង៉ ២០២៦ គណៈកម្មាធិការប្រជាជនទីក្រុង ជំនួសមុខគណៈកម្មាធិការបក្សទី​ក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​ណាម​ទីក្រុងកឹងធើ បានផ្ញើបិយវាចាប្រសិទ្ធពរដ៏ល្អប្រសើរជូនចំពោះសមូហភាពកម្មភិបាល យុទ្ធ​ជន​កងទ័ពការពារព្រំដែនទីក្រុងទាំងអស់ និងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ សុភមង្គល វិបុលសុខ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតនៅក្នុងឆ្នាំថ្មី។

ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនទីក្រុង និងគណៈបញ្ជាការយោធាទីក្រុងកឹងធើ ក៏បាន​ជូន​អំណោយបុណ្យចូលឆ្នាំថ្មីពោរពេញដោយមនោសញ្ចេតនាដល់កម្មភិបាល និងយុទ្ធជនកងទ័ពការពារព្រំដែនផងដែរ៕

លីធាន - សុផន

ចែករំលែកអត្ថបទ