ប៉ុន្មានឆ្នាំជិតៗនេះ ចលនាកីឡាទូក ងនារីក្នុងជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ កាន់តែអភិវឌ្ឍន៍ និងផុលផុសយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះមិនត្រឹមតែរួមចំណែកអភិរក្សទូក ង ប្រពៃណីរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទី ឋានៈរបស់នារីក្នុងសង្គមនាបច្ចុប្បន្នទៀតផង។
.jpg)
ទូក ងនារីវត្តទំនប់។
តាមប្រសាសន៍លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បច្ចុប្បន្ន វត្តខ្មែរជាច្រើននៅលើភូមិឋានទីក្រុង បានបង្កើតក្រុមកីឡាទូក ង នារីជាច្រើនក្រុម។ កីឡាការិនីមិនត្រឹមតែបង្ហាញពីសុខភាពមាំមួនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីសាមគ្គី ឆន្ទៈមុតមាំដើម្បីឆ្លងកាត់លំបាក និងមោទនភាព ព្រួតដៃគ្នាអភិរក្ស និងអភិវឌ្ឍកីឡាប្រណាំងទូក ង ប្រពៃណីរបស់ជនជាតិ។ រៀងរាល់ឆ្នាំ នៅពានរង្វាន់ប្រណាំងទូក ង របស់ទីក្រុង មានទូក ង នារី ជាច្រើនទូក ដូច៖ ទូក ង នារីវត្តទំនប់ វត្តអូរជុំ វត្តបឹងទន្សា វត្តទំពក់សក់។ល។ ចូលរួមប្រណាំងយ៉ាងពុះពោរនៅព្រែក Maspero។ ការប្រណាំង មិនត្រឹមតែបង្កបរិយាកាសថ្ងៃបុណ្យទានដ៏រីករាយប៉ុណ្ណោះទេ ថែមទាំងក្លាយជាវិញ្ញាសាកីឡាដ៏ពិសេសដោយឡែករបស់ជនរួមជាតិខ្មែរ បានទាក់ទាញប្រជាជន និងភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសមកទស្សនា លើកទឹកចិត្តយ៉ាងច្រើនកុះករទៀតផង។
ស្មារតីសាមគ្គីបានបង្ហាញច្បាស់តាមរយៈទូក ងនារីវត្តទំនប់ ឃុំអាងនិញ បានគ្រងតំណែង ជើងឯកបីឆ្នាំបន្តបន្ទាប់។ បងស្រីត្រឹងធីមី គ្រូបង្វឹកទូក ង នារីវត្តទំនប់ ឱ្យដឹង៖ “ដោយសារចូលចិត្តប្រណាំងទូក ង នារី ម្ល៉ោះហើយ ឆ្នាំ ២០២០ ខ្ញុំបានវិនិយោគឱ្យវត្តបោះទូក ង នារី និងចលនាបងប្អូននារីក្នុងភូមិស្រុកមកហាត់សមនិងអុំប្រណាំង។ ពីមុនដោយសារសង្គមមិនទាន់អភិវឌ្ឍន៍ ការយល់ដឹងនៅមានកម្រិត ម្ល៉ោះហើយពីដើមមិនឱ្យនារីមកជិតទូក ង ទេ ។ ចំណែកឥឡូវ បុរសនិងនារីស្មើភាពគ្នា ហើយនារីបានចូលរួមប្រណាំងទូក ង មិនត្រឹមតែបង្ហាញពីមោទនភាពវប្បធម៌របស់ជនជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីវឌ្ឍនភាពក្នុងសម័យអភិវឌ្ឍទៀតផង”។
បច្ចុប្បន្ន វត្តខ្មែរជាច្រើននៅទីក្រុងកឹងធើ កំពុងត្រៀមបម្រុងបោះទូក ង ថ្មី ដើម្បីបង្កើតទូក ង នារី។ ព្រះតេជព្រះគុណ ថាច់ថឿន ព្រះចៅអធិការវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ មានថេរដីកា៖ “វត្តមានទូក ង លុងសម្រាប់បុរស ហើយនៅខ្វះទូក ង នារី។ ដោយមានការរួមចំណែករបស់ពុទ្ធបរិស័ទ វត្តបានត្រៀមបម្រុងឈើ និងអញ្ជើញជាងមកបោះទូក ង ថ្មីសម្រាប់នារីចូលរួមដណ្តើមរង្វាន់ ប្រណាំងទូក ង ប្រពៃណីទីក្រុងកឹងធើ ឆ្នាំ ២០២៦។ កីឡាការិនី គឺពុទ្ធបរិស័ទក្នុងចំណុះជើងវត្តស្ម័គ្រចិត្តចូលរួម”។
អាចសង្កេតឃើញចលនាប្រណាំងទូក ង នារីរបស់ជនរួមខ្មែរនៅទីក្រុងកឹងធើ កំពុងតែអភិវឌ្ឍន៍និងផុលផុសយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះមិនត្រឹមតែជាសកម្មភាពកីឡាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបល្អអំពីស្មារតីសាមគ្គីភាព មោទនភាពនិងការឈានឡើងរបស់នារីខ្មែរក្នុងជីវភាពសង្គមនាសម័យទំនើប៕
យ្វីអាញ - វិមាន