ជាមួយនឹងទិសស្លោកកសាងរដ្ឋអំណាចជិតដិតនឹងប្រជាជន រួមចំណែកនាំមកនូវភាពពេញចិត្តជូនប្រជាជន។ រយៈពេលកន្លង នៅតាមឃុំតំបន់ជនជាតិភាគតិចលើភូមិឋានទីក្រុងកឹងធើ បានខ្នះខ្នែងអនុវត្តកំណែទម្រង់រដ្ឋបាល ជួយដោះស្រាយនីតិវិធីបានយ៉ាងឆាប់រហ័សនិងរលូន។

កម្មាភិបាល បុគ្គលិក អ្នករដ្ឋការឃុំ កំពុងអនុវត្តនីតិវិធីរដ្ឋបាលជូនប្រជាជន។
តាមប្រសាសន៍លោក ង្វៀងវុាំងសូ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡឹម តឹង ឃុំតែងកំណត់ច្បាស់ កំណែទម្រង់រដ្ឋបាលគឺជាភារកិច្ចស្នូលនិងជានិច្ចកាល។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់មាមីងក្នុងការដោះស្រាយនីតិវិធីរដ្ឋបាល ផ្នែកទទួលនិងប្រគល់លទ្ធផលច្រកចេញចូលតែមួយរបស់ឃុំ បានទទួលនិងដោះស្រាយរាល់នីតិវិធីរដ្ឋបាលរបស់ប្រជាជនយ៉ាងឆាប់រហ័ស។ ការបែងចែកភារកិច្ចច្បាស់លាស់ កសាងផែនការសមស្របនឹងភាពជាក់ស្តែង បានជួយឱ្យយន្តការដំណើរការស្ថិរភាព មិនបង្កឱ្យមានការច្របូកច្របល់ក្នុងការដោះស្រាយការងារជូនប្រជាជន បង្កលក្ខណៈងាយស្រួល ធានាបានត្រឹមត្រូវតាមសេចក្ដីកំណត់និងពេលវេលា។ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ដាច់ខែធ្នូ ឆ្នាំ២០២៥ ឃុំបានទទួលសំណុំលិខិតចំនួន ៥.១៧៥ ច្បាប់ ក្នុងនោះ មាន៤.៩០៩ ច្បាប់តាមប្រព័ន្ធអនឡាញ និង ២៦៦ ច្បាប់ទទួលដោយផ្ទាល់។ សំណុំលិខិត សរុបដែលបានដោះស្រាយរួចគឺ ៥.១៦៣ ច្បាប់ កំពុងដោះស្រាយ ១២ ច្បាប់ ក្នុងនោះ លិខិតស្ថិតក្នុងកាលកំណត់មាន ១១ ច្បាប់ និងហួសកាលកំណត់មាន ០១ ច្បាប់។ អ្នកស្រី ហ្វិញធីធូហ្វា ប្រជាជនភូមិភាគបានឱ្យដឹង៖ “ខ្ញុំទើបតែបានបំពេញរួចរាល់នីតិវិធីចុះឈ្មោះ នៅទីនេះធ្វើការបានរហ័សនិងរៀបរយ។ ប្រសិនបើកាលពីមុន ការដោះស្រាយនីតិវិធីរដ្ឋបាលតែងតែមានភាពសាំញុាំ មិនត្រឹមតែរង់ចាំថែមទាំងចំណាយពេលធ្វើដំណើរទៅមកច្រើនលើកទៀតផង។ ឥឡូវនេះ ខ្ញុំឃើញថាងាយស្រួលជាងមុន ថែមទាំងបានកម្មាភិបាលជួយណែនាំយ៉ាងអស់ពីចិត្តពីថ្លើមនិងហ្មត់ចត់ទៀតផង”។
ដូចគ្នានោះដែរ គណៈកម្មាធិការប្រជាជនឃុំវិញធ្វឹងដុង កំណត់ច្បាស់ការកំណែទម្រង់រដ្ឋបាល មិនត្រឹមតែបន្ថយពេលវេលាដោះស្រាយសំណុំបែបបទ ថែមទាំងកសាងភាពស្អាតស្អំនិងការទទួលខុសត្រូវក្នុងការអនុវត្តការងារសាធារណៈ។ សមមិត្ត ដាវធីឡងអាញ ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញធ្វឹងដុង ឱ្យដឹង៖ “ការប្រកាសជាចំហនិងតម្លាភាពក្នុងនីតិវិធីរដ្ឋបាល បានឃុំយកចិត្តទុកដាក់ជាពិសេស។ រាល់នីតិវិធី រដ្ឋបាលដែលស្ថិតក្នុងសមត្ថកិច្ចថ្នាក់ឃុំ បានត្រួតពិនិត្យនិងបិទប្រកាសគ្រប់សព្វនៅផ្នែកច្រកចេញចូលតែមួយ។ រាល់សេចក្តីសម្រេចដែលពាក់ព័ន្ធនឹងនីតិវិធីរដ្ឋបាល ត្រូវបានធ្វើបច្ចុប្បន្នភាពទាន់ពេលវេលា ធានាបាននូវព័ត៌មានត្រឹមត្រូវ ឯកភាព”។
យោងតាមនោះ ក្នុងឆ្នាំ ២០២៥ ឃុំវិញធ្វឹងដុង បានទទួលសំណុំលិខិត ៣.១៥៣ ច្បាប់ ដោះស្រាយរួច ៣.០៨៥ ច្បាប់ និងកំពុងដោះស្រាយ ៣៦ ច្បាប់។ ផ្ដោតសំខាន់លើការទទួលនិងដោះស្រាយទាន់ពេលវេលានូវរាល់ប្រតិកម្ម និងសំណើរបស់ប្រជាជន ដើម្បីធានាបាននូវការឆ្លើយតបត្រឹមត្រូវតាមកាលកំណត់ រួមចំណែកលើកកម្ពស់លក្ខណៈបើកចំហនិងតម្លាភាព។
ការផ្លាស់ថ្មីក្នុងរបៀបធ្វើការ ស្មារតីទទួលខុសត្រូវរបស់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ រួមជាមួយការជំរុញអនុវត្តបច្ចេកវិទ្យាព័ត៌មាន បានកសាងនូវខឿនរដ្ឋបាលជិតដិតប្រជាជន បង្កភាពពេញចិត្តដល់ប្រជាជននិងអាជីវកម្ម រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគ៕
ថាញវ៉ាង - ថាច់ធី