មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV (មហាសន្និបាតលើកទី XIV) របស់បក្សកុម្មុយនីស្តវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងដំណើរឈានចូលយុគសម័យថ្មី យុគសម័យអភិវឌ្ឍន៍របស់ប្រជាជាតិវៀតណាម មានអត្ថន័យជាប្រវត្តិសាស្ត្រ។ គឺជាចំណុចចាប់ផ្តើមនៃយុគសម័យថ្មី មហាសន្និបាត លើកទី XIV នឹងធ្វើឱ្យជាក់ច្បាស់នូវផែនការអភិវឌ្ឍនាពេលអនាគត តម្រង់ទិសឱ្យវៀតណាមសម្រេចបាននូវគោលដៅយូរអង្វែង ក្លាយជាប្រទេសឧស្សាហកម្មទំនើប មានចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ នេះគឺជាការចែករំលែករបស់លោក ហឿនិញនិញ ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យតំបន់ (RCEP) ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុងប៉េកាំង អំពីអត្ថន័យនៃមហាសន្និបាត លើកទី XIV ចំពោះការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី។

មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស។ (រូបថត៖ TTXVN)
យោងតាមលោក ហឿនិញនិញ ផ្តើមពីទស្សនៈ ជាក់ស្តែងមហាសន្និបាតនឹងកសាងនូវការឯកភាពជាតិ ដោះស្រាយរាល់បញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធក្នុងការអភិវឌ្ឍ និងពង្រឹងជាងទៀតនូវសន្ទុះ ស្តារឡើងវិញនៃសេដ្ឋកិច្ច។ ផ្តើមពីទស្សនៈអន្តរជាតិ ដំណើរការអភិវឌ្ឍនិងតម្រង់ទិសសហប្រតិបត្តិការ ដែលបានកំណត់ច្បាស់ក្នុងមហាសន្និបាត នឹងពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិចំពោះវៀតណាម ជួយឱ្យវៀតណាមធ្វើសមា ហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ទន្ទឹមនឹងនោះ បើកទូលាយកិច្ចសហប្រតិបត្តិការ និងបង្កើនឥទ្ធិពលតំបន់ក្នុងក្របខ័ណ្ឌ RCEP។
វាយតម្លៃលើគោលដៅដែលបានដាក់ចេញក្នុង មហាសន្និបាតលើកទី XIV លោក ហឿនិញនិញ បានសង្កត់ធ្ងន់៖ “អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺ គោលដៅយូរអង្វែងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ទំនើប មានចំណូលមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ គោលដៅនេះគឺផ្អែកលើមូលដ្ឋាននៃការអភិវឌ្ឍបច្ចុប្បន្នរបស់វៀតណាម បង្ហាញពីភាពនឿជាក់ក្នុងអនាគត និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ប្រទេសជាតិ ក្នុងការសម្រេចបាននូវវិបុលភាពយូរអង្វែងតាមរយៈការកែទម្រង់រចនាសម្ព័ន្ធ”។

លោក ហឿនិញនិញ ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្មក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់វិស័យតំបន់ (RCEP) ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។
លោក ហឿនិញនិញ បានអះអាងថា ផ្តើមពីទស្សនៈយុទ្ធសាស្ត្រគោលដៅនេះនឹងជំរុញឱ្យវៀតណាម ខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងវិស័យនានា ដូចជាបង្កើនកម្រិតខ្សែសង្វាក់ឧស្សាហកម្ម ផ្លាស់ថ្មីបច្ចេកវិទ្យានិងកសាងហេដ្ឋារចនាសម្ព័ន្ធ។ វិស័យទាំងនេះ គឺស្របតាមទិសដៅចម្បងនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ RCEP ដើម្បីអត្ថប្រយោជន៍ជាអតិបរមាពីការបើកទ្វារតំបន់។ ប្រការនេះមិនត្រឹមតែបង្កើតកម្លាំងចលករប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពរស់រវើកថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទៀតផង។
ក្រៅពីនេះ គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការគ្រប់ជ្រុងជ្រោយ សមាហរណកម្មស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលបានដាក់ចេញក្នុងមហាសន្និបាតលើកទី XIV ទាំងជាការបន្តវេន ទាំងជាជំហានលោតផ្លោះបើធៀបនឹង ៤០ ឆ្នាំគំនិតការទូត។ ទិសដៅនេះគឺស្របទៅនឹងសេចក្តីប្រាថ្នាចង់អភិវឌ្ឍន៍របស់វៀតណាមក្នុងការធ្វើសមាហរណ កម្មស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចសកល ដោយការរក្សាលទ្ធិនិយមពហុភាគី និងចូលរួមសហការក្នុងតំបន់អាចបង្កើតបរិយាកាស ខាងក្រៅប្រកបដោយស្ថិរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
ឆ្លងកាត់រយៈពេល ៤០ ឆ្នាំកែទម្រង់និងបើកទ្វារ ឋានៈអន្តរជាតិរបស់វៀតណាមមានជំហាន លោតផ្លោះយ៉ាងខ្លាំង៖ ផ្តើមពីប្រទេសរងការឯកោរហូតដល់បង្កើតទំនាក់ទំនងការទូតជាមួយ ១៩៤ ប្រទេស ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបណ្តាញការទូតរីកសាយភាយបំផុតនៅអាស៊ីអាគ្នេយ៍។ វៀតណាមបានកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសមហាអំណាចពិភពលោក ស្ថិតក្នុងចំណោមប្រទេសនាំមុខទាំង ១៥ ដែលមានទំហំពាណិជ្ជកម្មសកល ឈរលំដាប់ទី ២ ក្នុងអាស៊ាន និង ក្លាយជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់។ បច្ចុប្បន្ន វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគី ដូចជាអាស៊ាន និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បង្ហាញភាពសកម្មនៃខឿនសេដ្ឋកិច្ចមួយកំពុងអភិវឌ្ឍន៍ និងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម។
វាយតម្លៃអំពីតួនាទីរបស់បក្សកុម្មុយនីស្តវៀតណាម ក្នុងបុព្វហេតុកសាងការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP បានអះអាងថា ការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម គឺជាការធានាដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយលក្ខណៈជាប្រវត្តិសាស្ត្ររបស់វៀតណាម។ តួនាទីដឹកនាំ បានបង្ហាញតាមរយៈការនាំវៀតណាម ឱ្យចាកផុតពីភាពក្រីក្រ និងភាពឱនថយ សម្រេចបាននូវជំហានលោតផ្លោះក្នុងការធ្វើសមាហរណ កម្មស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចសកល។ ក្នុងរយៈពេល ៤០ ឆ្នាំផ្លាស់ថ្មី បក្សកុម្មុយនីស្តវៀតណាមបានកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្របតាមលក្ខណសម្បត្តិរបស់ប្រទេសជាតិ ដោយនាំវៀតណាមពីប្រទេសដែលរងការបិទផ្លូវ និងហ៊ុមព័ទ្ធ ក្លាយជាខឿនសេដ្ឋកិច្ចចំណូលមធ្យម និងស្ថិតក្នុងចំណោម ៤០ ប្រទេសនាំមុខខឿនសេដ្ឋ កិច្ចពិភពលោក។ ជីវភាពរបស់ប្រជាជនជាង ១០០ លាននាក់ បានកែលម្អយ៉ាងច្បាស់ក្រឡែត បង្ហាញយ៉ាងពេញលេញនូវសមត្ថភាពដឹកនាំ និងការផ្សារភ្ជាប់យ៉ាងស្អិតល្មួតរបស់បក្ស។
ឈានចូលយុគសម័យថ្មី តួនាទីដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ចាំបាច់ផ្តុំកម្លាំងទៅ លើកិច្ចចង្អុលការយុទ្ធសាស្ត្រ និងប្រមូលផ្តុំ ប្រភពធនធាន។ មួយផ្នែកគឺ មិនបង្អង់ក្នុងការកែទម្រង់ និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅជាសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ ផ្នែកមួយទៀត គឺធានានូវទំនុកចិត្តនៃការវិនិយោគពីបរទេសតាមរយៈស្ថិរភាពគោលនយោបាយ ទាញយកអត្ថប្រយោជន៍ពីយន្តការសហប្រតិបត្តិការក្នុងតំបន់ដូចជា RCEP ដើម្បីបង្វែរឧត្តមភាពភូមិសាស្ត្រឱ្យទៅជាកម្លាំងចលករអភិវឌ្ឍន៍ ព្រមទាំងសហការអភិវឌ្ឍលើវិស័យផ្សេងៗគ្នា ដើម្បីការពារការអភិវឌ្ឍជារួមរបស់ ប្រទេសជាតិក្នុងបរិការណ៍សកលលោកស្មុគ ស្មាញនេះ៕
កុងត្វៀង - វ៉ាន់តឹន