នៅម៉ោង ៨ ព្រឹក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម បានបើកវគ្គយ៉ាងមហោឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិ រដ្ឋធានីហាណូយ។

សមមិត្ត លឿងកឿង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ
បានថ្លែងសុន្ទរកថាបើកវគ្គមហាសន្និបាត។
នៅម៉ោង ៨ ព្រឹក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម បានបើកវគ្គយ៉ាងមហោឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិ រដ្ឋធានីហាណូយ។

បណ្តាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមជាគណៈប្រធានមហាសន្និបាត។
សេចក្តីព្រាងរបាយការណ៍នយោបាយនៅមហាសន្និបាតមានប្រធានបទ៖ “ក្រោមទង់ជាតិដ៏ត្រចះត្រចង់របស់បក្ស រួមកម្លាំង ស្រុះចិត្តគំនិតអនុវត្តជោគជ័យរាល់ទិសដៅអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ២០៣០; ស្វ័យភាពយុទ្ធសាស្រ្ត ម្ចាស់ការខ្លួនឯង ជឿជាក់ ឈានមាំក្នុងយុគសម័យឈានឡើងរបស់ប្រទេសជាតិ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូរសប្បាយ រុងរឿង អារ្យធម៌ សុភមង្គល រឹងមាំឈានឡើងលទ្ធិសង្គមនិយម”។

សមមិត្តលឿងកឿង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋ
ថ្លែងសុន្ទរកថាបើកវគ្គមហាសន្និបាត។
គណៈប្រធានមហាសន្និបាតរួមមានសមមិត្តជាសមាជិកការិយាល័យនយោបាយនិតិកាលទី ១៣ ចំនួន ១៦ រូប៖ អគ្គលេខាបក្ស តូឡឹម ប្រធានគណៈប្រធាន; ប្រធានរដ្ឋ លឿងកឿង; លេខាគណៈកម្មាធិការបក្សរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ផាមមិញជិញ; លេខាគណៈកម្មាធិការបក្សរដ្ឋសភា ប្រធានរដ្ឋសភា ត្រឹងថាញម៉ឹង; ប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សមជ្ឈិម ត្រឹងកឹមទូ; លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម ឡេមិញហឹង; លេខាមជ្ឈិមបក្ស ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិម ផាងដិញត្រាក; នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ង្វៀងស្វឹងថាំង; លេខាមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិ និងអង្គការមហាជនមជ្ឈិម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បូយធីមិញហ្វាយ; អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីប្រចាំការ ង្វៀងហ្វាប៊ិញ; អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សរដ្ឋសភា អនុប្រធានប្រចាំការរដ្ឋសភា ដោវ៉ាំងជៀន; អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ ផាងវ៉ាំងយ៉ាង; លេខាគណៈកម្មាធិការបក្សនគរបាលមជ្ឈិម រដ្ឋមន្ត្រីក្រសួងនគរបាល ឧត្តមសេនីយ៍ លឿងតាមក្វាង; សមាជិកប្រចាំការនៃអនុគណៈកម្មការឯកសារមហាសន្និបាតលើកទី ១៤ របស់បក្ស ង្វៀងវ៉ាំងណេន; លេខាមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សយោធាមជ្ឈិម អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ ង្វៀងទ្រុងងៀ; លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ង្វៀងយ៉ីង៉ុក។

សមមិត្ត ត្រឹងកឹមទូ សមាជិកការិយាល័យនយោបាយ ប្រចាំការនៃគណៈលេខាបក្ស តំណាងគណៈប្រធាន ឧទ្ទេសនាមតំណាង និងភ្ញៀវកិត្តិយសចូលរួមមហាសន្និបាត។
អញ្ជើញចូលរួមអង្គពិធីបើកវគ្គយ៉ាងមហោឡារិក មានបណ្តាសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម បណ្តាសមមិត្តកម្មាភិបាលបដិវត្តន៍ជើងចាស់ មាតាវៀតណាមវីរភាព បណ្តាបញ្ញវន្ត សិល្បករ អ្នកមុខអ្នកការសាសនា និងតំណាងយុវជនឆ្នើម។
បណ្តាលោកឯកអគ្គរដ្ឋទូត តំណាងបណ្តាប្រទេស ប្រធានតំណាងអង្គការអន្តរជាតិប្រចាំការ និងមិនប្រចាំការនៅវៀតណាម ក៏បានអញ្ជើញចូលរួមអង្គពិធីបើកមហាសន្និបាត។
អញ្ជើញចូលរួមមហាសន្និបាតមានអ្នកតំណាងចំនួន ១.៥៨៦ រូប ដែលតំណាងឱ្យបក្ខជនជាង ៥,៦ លាននាក់ក្នុងទូទាំងប្រទេស។
មានអ្នកសារព័ត៌មានយ៉ាងច្រើនកុះករនៃបណ្តាទីភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិ បានមកយកព័ត៌មានអំពីមហាសន្និបាត។
យោងតាមការចាត់តាំងរបស់គណៈប្រធាន សមមិត្ត ផាមមិញជិញ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំបើកមហាសន្និបាត។

សមមិត្ត ផាមយ៉ាទុក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស
ប្រធានគណៈលេខាធិការ បានជូនដំណឹងអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើស
គណៈប្រធាន និងគណៈលេខា ធិការនៅសម័យប្រជុំត្រៀមបម្រុង។
មុននោះ នាព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ មុនម៉ោងបើកសម័យប្រជុំត្រៀមបម្រុង បណ្តាអ្នកតំណាងចូលរួមមហាសន្និបាតបានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅវិមានតម្កល់សព។ បណ្តាសមមិត្តសមាជិកការិយាល័យនយោបាយ គណៈលេខាបក្ស និងបណ្តាសមមិត្តប្រធានក្រុមប្រតិភូនៃបណ្តាបក្ខភាគចំណុះមជ្ឈិម បានអញ្ជើញទៅដាក់កម្រងផ្កា និងអុជធូបនៅស្តូបរំលឹកវិញ្ញាណក្ខន្ធវីរជនពលី។
អង្គមហាសន្និបាតទាំងមូលបានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធរយៈពេល ១ នាទី ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធសមមិត្តអគ្គលេខាបក្ស ង្វៀងភូទ្រុង និងបណ្តាសមមិត្តសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី ១៣ ដែលបានទទួលមរណភាពក្នុងអាណត្តិមហាសន្និបាតលើកទី ១៣។

បណ្តាអ្នកតំណាងចូលរូមអង្គពិធីបើកវគ្គមហាសន្និបាតលើកទី ១៤ របស់បក្ស។
បន្ទាប់មក បណ្តាអ្នកតំណាងបានប្រជុំសម័យត្រៀមបម្រុងដើម្បីអនុម័តលើលក្ខន្តិកៈធ្វើការរបស់មហាសន្និបាត កម្មវិធីធ្វើការរបស់មហាសន្និបាត និងលក្ខន្តិកៈបោះឆ្នោតនៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស។
មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈប្រធានគណៈលេខាធិការ និងគណៈកម្មការត្រួតពិនិត្យឋានៈតំណាងចូលរួមមហាសន្និបាត។
មហាសន្និបាតបានអនុម័តរបាយការណ៍ត្រួតពិនិត្យឋានៈតំណាងមហាសន្និបាតលើកទី ១៤ របស់បក្ស ដែលគណៈកម្មការត្រួតពិនិត្យឋានៈអ្នកតំណាងដាក់ជូន។ តាមនោះ អ្នកតំណាងទាំង ១.៥៨៦ រូប ដែលបានកោះអញ្ជើញចូលរួមសុទ្ធតែពេញឋានៈតំណាងនៃមហាសន្និបាត។
ប្រភព÷ TTXVN - សុផន