សម្របនឹងបរិយាកាសដ៏រំភើបរីករាយទូទាំងប្រទេស អបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពជាច្រើនដើម្បីអបអរសាទរ ផ្សព្វផ្សាយទូលំទូលាយស្មារតីសាមគ្គី ទំនុកចិត្តនិងការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន និងប្រជាជន។ មហាសន្និបាតលើកទី ១៤ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ដោយមានគណៈប្រតិភូអញ្ជើញចូលរួម១.៥០០នាក់ តំណាងឱ្យបក្ខជនជាង ៥,៦ លាននាក់ក្នុងទូទាំងប្រទេស។

ទីក្រុងកឹងធើ រំលេចដោយទង់ជាតិនិងទង់ជ្វាលាស្រស់ឆើតឆាយ
ដើម្បីអបអរសាទរមហាសន្និបាតលើកទី១៤ ។
ដើម្បីអបអរសាទរមហាសន្និបាត នៅទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពឃោសនាយ៉ាងទូលំទូលាយដោយរូបភាពសម្បូរបែបនិងរស់រវើក។ នៅតាមដងវិថីធំៗ មណ្ឌលរដ្ឋបាល ស្ថាប័ន និងអង្គភាពនានា បានតុបតែងលម្អដោយទង់ជាតិ បដា ផ្ទាំងប៉ាណូ និងផ្ទាំងរូបភាពអបអរសាទរមហាសន្និបាតលើកទី១៤ របស់បក្ស។ ក្នុងបរិយាកាសរំភើបរីករាយនិងមោទនភាពបានផុលផុសក្នុងអារម្មណ៍ប្រជាជន រួមចំណែកពញ្ញាក់ស្មារតីស្នេហាជាតិ ក្ដីជឿជាក់និងបំណងប្រាថ្នានៃការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី។
ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្ថាប័ន អង្គភាព និងភូមិភាគនានាទូទាំងទីក្រុងក៏បានផ្លាស់ប្តូរផ្ទៃរូបភាព និងរូបតំណាង បង្ហោះព័ត៌មាននិងរូបភាពអបអរសាទរមហាសន្និបាត។ តាមរយៈនោះ បង្កឥទ្ធិពលជាវិជ្ជមានក្នុងសហគមន៍។
នៅឃុំដែលមានជនជាតិភាគតិចរស់នៅកុះករ សមាគមនិងអង្គការមហាជននានាបានចាត់តាំងសកម្មភាពមានអត្ថន័យជាច្រើន ពិសេស សកម្មភាពទាក់ទងនឹងការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ជាគំរូ គឺ "កម្មវិធីគ្រូពេទ្យវ័យក្មេងស្ម័គ្រចិត្ត - ព្រួតដៃដើម្បីសុខភាពសហគមន៍" អាស្រ័យអង្គការសម្ព័ន្ធយុវជនទីក្រុងកឹងធើ ចាត់តាំងពិនិត្យជំងឺ ពិគ្រោះសុខភាព ជូនថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជននៅឃុំសាភៀង លីវទូ ឡុងភូ ជាដើម។ កម្មវិធីនេះ បានទាក់ទាញប្រជាជនចូលរួមជាង ៣.០០០ លើកនាក់ រួមចំណែកលើកកម្ពស់យល់ដឹងពីការថែទាំសុខភាព និងជួយឧបត្ថម្ភបានទាន់ពេលដល់ករណីលំបាកៗ។

ធ្វើការពិនិត្យជំងឺ ពិគ្រោះសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ
ជូនប្រជាជននៅឃុំសាភៀង និងឃុំលីវទូ។
មកពិនិត្យជំងឺនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំលីវទូ លោកយាយថាច់ធីស៊ុង នៅភូមិត្រាអ៊ុង ចែករំលែក៖ “បានគ្រូពេទ្យពិនិត្យសុខភាពនិងជូនថ្នាំដោយឥតគិតថ្លៃនៅទីនេះ ខ្ញុំពិតជារីករាយណាស់។ នេះជាទង្វើដ៏មានអត្ថន័យ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះប្រជាជន ពិសេសគឺជនរួមជាតិខ្មែរ”។
ទន្ទឹមនឹងការងារថែទាំសុខភាព សកម្មភាពឧបត្ថម្ភសាងសង់លំនៅឋានសម្រាប់គ្រួសារក្រីក្រ និងគ្រួសារមានស្ថានភាពលំបាកក៏បានអនុវត្តជាក់ស្តែង។ នៅឃុំឡុងភូ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សហការជាមួយក្រុមហ៊ុនឆ្នោតជាតិសុកត្រាំង រៀបចំពិធីប្រគល់ផ្ទះ "មហាសាមគ្គី" ៥ ខ្នងដល់គ្រួសារដែលមានស្ថានភាពលំបាកខាងលំនៅឋាន ជួយមាមីងលំនឹងជីវភាព និងស្ងប់អារម្មណ៍ពលកម្មផលិត។

ប្រគល់ផ្ទះ " មហាសាមគ្គី" ដល់មាមីងនៅឃុំឡុងភូ។
លោកស្រី ត្រឹងធីថាញហាំង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ មានប្រសាសន៍៖ “ការប្រគល់ផ្ទះមហាសាមគ្គី ដើម្បីអបអរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស មិនត្រឹមតែមានសារៈសំខាន់ខាងសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីសាមគ្គីនិងព្រួតដៃដើម្បីអ្នកក្រ។ នេះគឺជាប្រភពកម្លាំងលើកទឹកចិត្តសម្រាប់មាមីងឈានឡើងក្នុងជីវភាព និងពង្រឹងក្តីជំនឿលើការដឹកនាំរបស់បក្សនិងរដ្ឋ”។
សកម្មភាពអបអរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស នៅទីក្រុងកឹងធើ បាននិងកំពុងបង្កបរិយាកាសនៃការប្រឡងប្រណាំងដ៏ពុះពោរ សាយភាយនៃស្មារតីស្នេហាជាតិ តាមរយៈនោះ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីទីក្រុងរួមជាមួយទូទាំងប្រទេស អនុវត្តជោគជ័យនូវទិសដៅយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី៕
ហុងទើ-ត្រឹងរ៉ូន