ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/01/2026 - 21:01

លោកអគ្គលេខាបក្ស តូឡឹម

បំផុសគោលបំណងរួមចំណែក និងការឈានឡើងរបស់ប្រជាជាតិ តាមរយៈចំណេះដឹង និងការច្នៃប្រតិដ្ឋ 

នៅហាណូយ លោកអគ្គលេខាបក្ស តូឡឹម បានធ្វើការជាមួយគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម អំពីទិសដៅកសាងសេចក្តីសម្រេចចិត្តចំនួន ២ រួមមាន៖ អំពីការផ្លាស់ថ្មីទម្រង់អភិវឌ្ឍន៍ប្រទេសជាតិ ផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល; អំពីដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសម្រេចតួលេខ ២ ខ្ទង់ ផ្សារភ្ជាប់នឹងការបង្កើតទម្រង់កំណើនថ្មី។

លោកអគ្គលេខាបក្ស តូឡឹម ថ្លែងការណ៍ចង្អុលការក្នុងកិច្ចប្រជុំ។ រូប៖ TTXVN

នៅក្នុងកិច្ចប្រជុំ សមមិត្ត ង្វៀងថាញង៉ី សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម បានរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវខ្លឹមសារកសាងសេចក្តីសម្រេចចិត្តទាំង ២ របស់មជ្ឈិម។ តំណាង​ទាំង​ឡាយ​បានផ្ដោតលើការផ្តល់មតិប្រកបដោយការ​ប្តេជ្ញា​ចិត្ត បញ្ញាការទទួលខុសត្រូវ និងប្រកបដោយលក្ខណៈជាក់ស្តែង ផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដើម្បីបង្ហើយខ្លឹមសារពាក់ព័ន្ធនានា។

ថ្លែងការណ៍ក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស តូឡឹមបានសង្កត់ធ្ងន់ថា តម្រូវការសំខាន់ និងបន្ទាន់គឺការផ្លាស់ប្តូរទម្រង់អភិវឌ្ឍន៍ប្រទេសជាតិផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអនុវត្តទិសដៅកំណើនតួលេខ ២ ខ្ទង់ ផ្សារភ្ជាប់នឹងការបង្កើតទម្រង់កំណើនថ្មី។ លទ្ធផលស្រាវជ្រាវដំបូងរបស់គណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម គឺមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបានស្នើឡើងនូវគោលការណ៍ និងដំណោះស្រាយធំៗ ដើម្បីអនុវត្តនូវតម្រូវការទាំងនេះ។

លោកអគ្គលេខាបក្សបានសំណូមពរឱ្យគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ស្រាវជ្រាវ និងទទួលយកមតិយោបល់ទាំងអស់ ដើម្បីបន្តកសាង និងបង្ហើយសេចក្តីព្រាងសេចក្តីសម្រេចចិត្តយ៉ាង​សំខាន់ទាំង ២ នេះ ដើម្បីដាក់ជូនការិយាល័យនយោបាយ និងគណៈប្រតិបត្តការមជ្ឈិមបក្ស តាមបទប្បញ្ញត្តិ។

ចំពោះតម្រូវការទូទៅ លោកអគ្គលេខាបក្សបានបង្ហាញ​ច្បាស់​ ការកសាងសេចក្តីសម្រេចចិត្តទាំង ២ ត្រូវសម្រេចឱ្យបាននូវតម្រូវការចំនួន ៥៖ ត្រូវក្តាប់ជាប់ និងចែងឱ្យបានគ្រប់សព្វបណ្តាទស្សនៈ និងទិសដៅដែលមានក្នុងសេចក្តីព្រាងឯកសារមហាសន្និបាតលើកទី XIV របស់បក្ស; ត្រូវមានចក្ខុវិស័យវែងឆ្ងាយ គ្របដណ្តប់ និងស៊ីជម្រៅ មិនត្រូវបង្រួញដោយសារផលប្រយោជន៍រយៈពេលខ្លី ឬផ្នត់គំនិតអាណត្តិកាល; ត្រូវដាក់ចេញពីភាពជាក់ស្តែង ឈរលើមូលដ្ឋានជាក់ស្តែងរបស់វៀតណាម មិនត្រូវចម្លងតាមទម្រង់បរទេសទាំងស្រុងឡើយ; ធានានូវលទ្ធភាពអនុវត្ត និងសកម្មភាពខ្ពស់ ផ្សារភ្ជាប់នឹងដំណើរការ ជំហាននីមួយៗ ប្រភពធនធានអនុវត្ត; ត្រូវមានលក្ខណៈអំពាវនាវ ការបំផុសគំនិត បង្កការឯកភាពខ្ពស់ក្នុងទូទាំងបក្ស និងប្រព័ន្ធនយោបាយទាំងមូល ក៏ដូចជាការស្របមតិក្នុងសង្គម ដើម្បីបំផុសគោលបំណងចូលរួម និងការឈានឡើងរបស់ប្រជាជាតិដោយចំណេះដឹង និងការច្នៃប្រតិដ្ឋ។

អំពីទិសដៅធំៗមួយចំនួន លោកអគ្គលេខាបក្សបានសំណូមពរថា ការផ្លាស់ប្តូរទម្រង់អភិវឌ្ឍន៍ និងការបង្កើតទម្រង់កំណើនថ្មី ជាដំបូងបង្អស់គឺការផ្លាស់ប្តូរខ្លាំងក្លាពីផ្នត់គំនិត ពីការអភិវឌ្ឍតាមបរិមាណទៅជាការអភិវឌ្ឍតាមគុណភាព; ពីការផ្អែកលើធនធានធម្មជាតិ និងកម្លាំងពលកម្មធម្មតាទៅជាការផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងទិន្នផល; ពីការគ្រប់គ្រងទៅជាការបង្កលក្ខណៈអភិវឌ្ឍន៍; ពីការដែលរដ្ឋ "ធ្វើជំនួស" ទៅជា "ការបង្កលក្ខណៈងាយស្រួលដើម្បីឱ្យសង្គម និងអជីវកម្ម​ច្នៃប្រតិដ្ឋ"។ ពង្រីកពេញលេញតួនាទីនៃសមាសភាពសេដ្ឋកិច្ចទាំងអស់ (សេដ្ឋកិច្ចរដ្ឋដើរតួនាទីដឹកនាំ បើកផ្លូវ; សេដ្ឋកិច្ចឯកជនជាកម្លាំងជំរុញដ៏សំខាន់បំផុតនៃខឿនសេដ្ឋកិច្ចជាតិ...)។

លោកអគ្គលេខាបក្សសំណូមពរ ត្រូវមានការយល់ដឹងពេញលេញអំពីទំនាក់ទំនងរវាងស្ថិរភាព និងអភិវឌ្ឍ។ អភិវឌ្ឍឆាប់រហ័ស ប៉ុន្តែត្រូវតែមាននិរន្តរភាពផ្សារភ្ជាប់នឹងវឌ្ឍនភាព យុត្តិធម៌សង្គម ការ ពារបរិស្ថាន និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ កំណើនខ្ពស់ ប៉ុន្តែត្រូវតែផ្អែកលើមូលដ្ឋានគ្រឹះស្ថិរភាព ដោយយកស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ និងការធានាតុល្យភាពធំៗ ជាលក្ខខណ្ឌអាទិភាពបំ ផុត។

លោកអគ្គលេខាបក្ស បានរំលឹកថា កំណើន និងអភិវឌ្ឍត្រូវតែដើរទន្ទឹមនឹងការបង្កើនស្វ័យភាពយុទ្ធសាស្ត្រជាតិលើគ្រប់វិស័យ; ពង្រឹងការការពារជាតិ និងសន្តិសុខ; លើកកម្ពស់ភាពម្ចាស់ការ និងភាពរឹងមាំនៃខឿនសេដ្ឋកិច្ច ដើម្បីធ្វើជាមូលដ្ឋានក្នុងការទប់ទល់នឹងកត្តាប្រែប្រួល និងអស្ថិរភាពនៃស្ថានភាពខាងក្រៅ; ធានាការដឹកនាំគ្រប់ជ្រុងជ្រោយ និងដោយផ្ទាល់របស់បក្សចំពោះដំណើរការផ្លាស់ប្តូរទម្រង់អភិវឌ្ឍន៍ និងបង្កើតទម្រង់កំណើនថ្មី; ពង្រីកលក្ខណៈប្រជាធិបតេយ្យ បញ្ញាក្នុងសង្គម និងគោលបំណងច្នៃប្រតិដ្ឋរបស់ប្រជាជនគ្រប់រូប។ បង្កការឯកភាពនិងការប្តេជ្ញាចិត្តនយោ បាយខ្ពស់ក្នុងទូទាំងប្រព័ន្ធនយោបាយ។

អំពីពេលវេលា និងការបែងភារកិច្ច លោកអគ្គលេខាបក្ស បានសំណូមពរឱ្យគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម បន្តសហការជាមួយស្ថាប័ននានា ប្រញាប់ស្រាវជ្រាវកសាងសេចក្តីសម្រេចចិត្តទាំង ២ អំពីការផ្លាស់ថ្មីទម្រង់អភិវឌ្ឍន៍ប្រទេសជាតិ ផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល; អំពីដំណោះស្រាយយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសម្រេចតួលេខ ២ ខ្ទង់ ផ្សារភ្ជាប់នឹងការបង្កើតទម្រង់កំណើនថ្មី។

ក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្សបានចាត់ទុកថា គប្បីកសាងសេចក្តីសម្រេចចិត្តស្តីពីការកសាងសង្គមដែលមានសណ្តាប់ធ្នាប់ វិន័យ សុវត្ថិភាព សុខដុមរមនា អរិយធម៌ និងអភិវឌ្ឍ; សំណូមពរ គណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម សហការជាមួយស្ថាប័ននានាស្រាវជ្រាវកសាង និងដាក់ជូនមជ្ឈិមក្នុងឆ្នាំ ២០២៦។

ង្វៀងហ៊ុងឌេប (TTXVN) - សុផន

ចែករំលែកអត្ថបទ