សម័យប្រជុំលើកទី ៨ (សម័យប្រជុំប្រធានបទ) ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាលទី X ពិនិត្យនិងអនុម័តលើការកែសម្រួលគម្រោងប្លង់ទីក្រុងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; ប្រកាសឱ្យប្រើនូវលក្ខឋានកំណត់ទីតាំង ចំនួនទីតាំងដីនីមួយៗ; តារាងតម្លៃដី និងបញ្ហាសំខាន់ៗជាច្រើនទៀតរបស់ទីក្រុង។

ថ្នាក់ដឹកនាំទីក្រុង និងអ្នកតំណាងទាំងឡាយអនុវត្តពិធីគោរពទង់ជាតិ។ រូបថត៖ អាញយ៉ុង
ព្រឹកថ្ងៃទី ៣០ ខែធ្នូ ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាលទី X អាណត្តិកាល ២០២១-២០២៦ បានបើកសម័យប្រជុំលើកទី ៨ (សម័យប្រជុំប្រធានបទ)។ លោក ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងបណ្តាអនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង រួមអធិបតីអង្គប្រជុំ។
លោក ទ្រឿងកាញ់តៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លោកស្រី ហូធីកឹមដាវ អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង... បានអញ្ជើញចូលរួមសម័យប្រជុំ។

ថ្នាក់ដឹកនាំទីក្រុង និងអ្នកតំណាងទាំងឡាយចូលរួមសម័យប្រជុំ។ រូបថត៖ អាញយ៉ុង
ថ្លែងការណ៍បើកសម័យប្រជុំ លោក ដុងវ៉ាំងថាញ បានផ្តល់ព័ត៌មាន៖ សម័យប្រជុំលើកទី ៨ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងនឹងពិនិត្យសម្រេចលើខ្លឹមសារចាំបាច់ជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង។ ក្នុងនោះ មានការសម្រេចលើខ្លឹមសារចំណាយ កម្រិតចំណាយ និងការឧបត្ថម្ភពីថវិការដ្ឋសម្រាប់សកម្មភាពគំនិតច្នៃប្រតិដ្ឋ; ការចុះបញ្ជីការពារកម្មសិទ្ធិបញ្ញា; បណ្តាភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងច្នៃប្រតិដ្ឋថ្មី; ការអង្កេតស្ថិតិ និងការអនុវត្តកម្មវិធីគាំទ្រសហគ្រាសលើកកម្ពស់ផលិត និងគុណភាពផលិតផលទំនិញ; បទប្បញ្ញត្តិអំពីខ្លឹមសារ កម្រិតចំណាយធានាដល់ការងារកិច្ចព្រមព្រៀងអន្តរជាតិ។

លោក ដុងវ៉ាងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងការណ៍បើកសម័យប្រជុំ។ រូបថត៖ អាញយ៉ុង
ទន្ទឹមនឹងនោះ ពិនិត្យនិងអនុម័តលើការកែសម្រួលគម្រោងប្លង់ទីក្រុងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; ប្រកាសឱ្យប្រើនូវលក្ខឋានកំណត់ទីតាំង ចំនួនទីតាំងដីនីមួយៗ; តារាងតម្លៃដី; បញ្ជីដីធ្លីសម្រាប់ដេញថ្លៃគម្រោងវិនិយោគ; បញ្ជីដីធ្លីគ្រោងអនុវត្តគម្រោងសាកល្បង; ធានាដល់ការគ្រប់គ្រង ការទាញយកផល និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវរាល់ប្រភពធនធាន ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងពេលខាងមុខ។

លោកស្រី ម៉ាធីតឿយ សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងបើកសម័យប្រជុំ។ រូបថត៖ អាញយ៉ុង
ក្រុមប្រឹក្សាប្រជាជនទីក្រុងក៏បានពិនិត្យ និងសម្រេចលើគោលនយោបាយស្តីពីការអភិវឌ្ឍកីឡាដែលមានស្នាដៃខ្ពស់ ឧបត្ថម្ភការបង្រៀនភាសាជនជាតិភាគតិច ការការពារដីដាំស្រូវ ការទូទាត់ព្រៃដាំ ការឧបត្ថម្ភដោះស្រាយជំងឺរាតត្បាតលើសត្វចិញ្ចឹម។ ពិនិត្យ និងអនុម័តលើគ្រោងការណ៍ចាត់តាំង រៀបចំឡើងវិញ និងពង្រឹងមូលនិធិឧបត្ថម្ភអភិវឌ្ឍសហករណ៍ មូលនិធិឧបត្ថម្ភកសិករទីក្រុង ផ្អែកលើមូលដ្ឋានរួមបញ្ចូលមូលនិធិនានារបស់ខេត្ត និងក្រុងមុនពេលរួមបញ្ចូល ដើម្បីធានាប្រព័ន្ធគ្រប់គ្រងបានសម្រិតសម្រាំងរឹងមាំ និងឯកភាពប្រព័ន្ធគ្រប់គ្រង; លើកកម្ពស់គុណភាពសកម្មភាព ឆ្លើយតបនឹងតម្រូវការអនុវត្តភារកិច្ចក្នុងស្ថានភាពថ្មី...
ជាមួយនឹងបរិមាណការងារយ៉ាងច្រើន និងខ្លឹមសារសំខាន់ៗ ដែលជះឥទ្ធិពលផ្ទាល់ដល់ការអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ទីក្រុង លោក ដុងវ៉ាំងថាញ បានសំណូមអ្នកតំណាងទាំងឡាយលើកកម្ពស់ស្មារតីទទួលខុសត្រូវ ផ្តោតលើការស្រាវជ្រាវឱ្យបានហ្មត់ចត់ ពិភាក្សាដោយប្រជាធិបតេយ្យ សត្យានុម័ត និងបោះឆ្នោតអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តនានា ដោយមានការឯកភាព និងសាមគ្គីភាពខ្ពស់។

លោក ទ្រឿងកាញ់តៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អានរបាយការណ៍ឧទ្ទេសនាមបុគ្គលិកដើម្បីបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦។ រូបថត៖ អាញយ៉ុង

តំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦។ រូបថត៖ អាញយ៉ុង
ក្នុងពេលព្រឹកនេះ ក្រុមប្រឹក្សាប្រជាជនទីក្រុងបានបោះឆ្នោតជ្រើសតាំងលោកស្រី ផាមធីភឿង នាយិកាមន្ទីរមហាផ្ទៃទីក្រុងកឹងធើ; លោក ឡេទ្រុងងៀន ប្រធានអធិការទីក្រុងកឹងធើ និងលោក ឡេវ៉ាំងតឹម នាយកមន្ទីរហិរញ្ញវត្ថុទីក្រុងកឹងធើ ជាសមាជិកគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦។ ទន្ទឹមនឹងនោះ បានចំណាយពេលយ៉ាងច្រើនដើម្បីគណៈកម្មាធិការប្រជាជនធ្វើបទបង្ហាញអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តនានា; បណ្តាគណៈកម្មការនៃក្រុមប្រឹក្សាប្រជាជនទីក្រុងធ្វើបទបង្ហាញអំពីរបាយការណ៍ត្រួតពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចចិត្តនានាដែលបានដាក់ជូនក្នុងសម័យប្រជុំ។

ថ្នាក់ដឹកនាំទីក្រុងជូនផ្កា អបអរសាទរសមាជិកថ្មីនៃគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦។ រូបថត៖ អាញយ៉ុង
តាមផែនការ សម័យប្រជុំលើកទី ៨ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១,៥ ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែធ្នូ៕
ប្រភព៖ baocantho.com.vn - សុផន