ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/12/2025 - 08:42

កាម៉ាវ

ជូនរង្វាន់ដល់សមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន 

នគរបាលខេត្តកាម៉ាវ ទើបធ្វើពិធីជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការប្រយុទ្ធប្រឆាំង បង្ការបង្ក្រាបបទល្មើសគ្រឿងញៀន។

វរសេនីយ៍ឯក ចូវក្វឹកហ្វី នាយករងនគរបាលខេត្តកាម៉ាវ ជូនប័ណ្ណសរសើរដល់សមូហភាពមួយ
និងបុគ្គល៣នាក់ ។

មុននោះ នៅវេលាម៉ោង ២០ និង២០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ការិយាល័យនគរបាលសើុបអង្កេត បទល្មើសគ្រឿង​ញៀននៃនគរបាលខេត្តកាម៉ាវ បានសហការជាមួយអង្គភាពជំនាញដែលពាក់ព័ន្ធ ដាក់ពង្រាយព្រមៗគ្នានូវវិធានការ ប្រតិបត្តិ​ការ ចាប់ភស្ដុតាងជនសង្ស័យឈ្មោះ ត្រឹងមិញ​ឡាញ ស្តុកទុកគ្រឿងញៀនដោយខុសច្បាប់ ក្នុងគោលបំ​ណងយកទៅជួញដូរ។
តាមការត្រួតពិនិត្យ កម្លាំងសមត្ថកិច្ចបានដកហូតថង់ផ្លាស្ទិច១០ថង់ ខាងក្នុងមានសារធាតុ ពណ៌សដែលសង្ស័យថាជាគ្រឿងញៀនប្រភេទម៉ាទឹកកក និងថង់ផ្លាស្ទិចមួយថង់ទៀតមានគ្រាប់ថ្នាំពណ៌ផ្កាឈូក ៧ គ្រាប់ ដែលសង្ស័យថាជាថ្នាំអ៊ិកស្តាស៊ី  ដោយមានទម្ងន់សរុបប្រមាណ ៥៥០ ក្រាម ។ នេះជាបរិមាណគ្រឿងញៀនដ៏ធំ បង្ហាញពីលក្ខណៈធ្ងន់ធ្ងរនៃករណីនេះ ប្រសិនបើមិនបានរកឃើញនិងទប់ស្កាត់ទាន់ពេល អាចនឹងបង្កប់នូវហានិភ័យធ្វើឱ្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់​លើភូមិឋានមានភាពស្មុគស្មាញ។
ដោយសម្រេចបានស្នាដៃឆ្នើមដូចពោលខាងលើ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានសម្រេចផ្តល់ជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គល ៣ នាក់;  នាយកនគរបាលខេត្តកាម៉ាវ ក៏បានជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គលទាំង ៣ នាក់នេះដែរ ដែលមានស្នាដៃឆ្នើមក្នុងការងារប្រយុទ្ធប្រឆាំង និងបង្រ្កាបបទល្មើសគ្រឿង​ញៀន។
មានប្រសាសន៍ក្នុងពិធីជូនប័ណ្ណសរសើរ វរសេនីយ៍ឯក ចូវក្វឹកហ្វី នាយករងនគរបាលខេត្តកាម៉ាវ  បានស្ងើចសរសើរចំពោះស្មារតីទទួលខុសត្រូវ ភាពឆ្លាតវៃ ក្លាហាននិងការប្តេជ្ញាចិត្តខ្ពស់របស់សមូហភាពនិងបុគ្គល ដែលបានចូលរួមដោយផ្ទាល់ក្នុងការបំបែកសំណុំរឿង; ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា នេះគឺជាលទ្ធផលនៃការសហការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពរវាងអង្គភាពជំនាញនានាក្នុងទូទាំងកម្លាំងនគរបាលខេត្ត។ វរសេនីយ៍ឯក ក៏បានស្នើឱ្យអង្គភាពនានា បន្តយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត; ម្ចាស់ការក្ដាប់ស្ថានការណ៍ ធ្វើការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើភូមិឋាននិងមុខសញ្ញា ដាក់ពង្រាយវិធានការជំនាញព្រមៗគ្នា; ប្ដេជ្ញាក្នុងការប្រយុទ្ធប្រឆាំង មិនទុកឱ្យកើតមានបទល្មើសគ្រឿងញៀន បង្កើតជាបណ្តាញទីតាំងស្មុគស្មាញ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើយ៉ាងណាដើម្បីការរស់នៅរបស់ប្រជាជនប្រកបដោយភាពសុខសាន្ត៕

            យ៉ីអាញ-ត្រុងង៉ៀ-ពេជ្រសឿន  ​​ 

ចែករំលែកអត្ថបទ