ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/12/2025 - 21:58

សេ​ចក្តីថ្លែង​ការណ៍​របស់​លោក​អគ្គ​លេខា​បក្ស​ តូឡឹម​ ក្នុង​សន្និបាត​លើក​ទី​១៥ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អាណត្តិ​កាល​ទី​ XIII 

នា​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ​ សន្និបាត​លើក​ទី​១៥ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អាណត្តិ​កាល​ទី​ XIII បាន​បើក​ជា​ផ្លូវ​ការ​នៅ​រដ្ឋ​ធានី​ហាណូយ​។ លោក​អគ្គ​លេខា​បក្ស​ តូឡឹម​  ជា​អធិបតី​ និង​ថ្លែង​ការណ៍​បើក​សន្និបាត​។

ខាង​ក្រោម​នេះ​គឺ​ជា​ខ្លឹម​សា​រទាំង​ស្រុង​នៃ​សេ​ចក្តីថ្លែង​ការណ៍​បើក​សន្និបាត​របស់​លោក​អគ្គ​លេខា​បក្ស​ តូឡឹម​៖

គោរព​បណ្តា​សម​មិត្ត​ជា​សមាជិក​ការិយា​ល័យ​នយោបាយ​ សមាជិក​គណៈ​លេខា​បក្ស​ សមាជិក​មជ្ឈិម​បក្ស​

សូម​គោរព​បណ្តា​សម​មិត្ត​ដែល​ចូល​រួម​សន្និបាត​ទាំង​អស់​ជា​ទី​មេ​ត្រី​។

អនុ​វត្ត​កម្ម​វិធី​ការ​ងារ​ពេញ​មួយ​អាណត្តិ​កាល​ ថ្ងៃ​នេះ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​បាន​បើក​សន្និបាត​លើក​ទី​១៥ ដែល​ជា​សន្និបាត​មជ្ឈិម​ចុង​ក្រោយ​នៃ​អាណត្តិ​កាល​មហា​សន្និបាត​លើក​ទី​ XIII ដើម្បី​ពិនិត្យ​ និង​ផ្តល់​មតិ​លើ​ការ​ងារ​នា​នា​ ត្រៀម​ចាត់​តាំង​មហា​សន្និបាត​តំណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​ឱ្យ​បាន​ជោគ​ជ័យ​។

ជំនួស​មុខ​ការិយា​ល័យ​នយោបាយ​ និង​គណៈ​លេខា​មជ្ឈិម​បក្ស​ ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំ​ពោះ​បណ្តា​សម​មិត្ត​សមាជិក​មជ្ឈិម​បក្ស​ និង​បណ្តា​សម​មិត្ត​តំណាង​ដែល​បាន​ចូល​រួម​សន្និបាត​ និង​សូម​ផ្ញើ​ជូន​នូវ​ការ​សួរ​សុខ​ទុក្ខ​យ៉ាង​ស្និទ្ធ​ស្នាល​ ប្រ​សិទ្ធ​ពរ​ជ័យ​សិរី​សួ​ស្តី សុខ​ភាព​ល្អ​ និង​ជោគ​ជ័យ​គ្រប់​ភារ​កិច្ច​។

សូម​គោរព​សម​មិត្ត​គ្រប់​រូប​!

សន្និបាត​មជ្ឈិម​លើក​ទី​១៥ ផ្តោ​តលើ​កា​រដោះ​ស្រាយ​ខ្លឹម​សារ​សំ​ខាន់​ៗចំ​នួន​ ៣ រួម​មាន​៖ (១) ក្រុម​បញ្ហា​ការ​ងារ​បុគ្គលិក​សម្រាប់​មហា​សន្និបាត​លើក​ទី​ XIV របស់​បក្ស​ (២) ក្រុម​បញ្ហា​សេ​ចក្តីព្រាង​ខ្លឹម​សារ​នៃ​ឯក​សារ​នា​នា​ដែល​ត្រូវ​ដាក់​ជូន​មហា​សន្និបាត​លើក​ទី​ XIV និង​ (៣) ការ​ងារ​ចាត់​តាំង​មហា​សន្និបាត​លើក​លើក​ទី​ XIV ដូច​៖ លក្ខ​ន្តិកៈ​ធ្វើ​ការ​ លក្ខ​ន្តិកៈ​បោះ​ឆ្នោត​ក្នុង​មហា​សន្និបាត​; របាយ​ការណ៍​ការ​ងារ​ត្រួត​ពិនិត្យ​ អង្កេត​ និង​អនុ​វត្ត​វិន័យ​បក្ស​ក្នុង​អាណត្តិ​កាល​ទី​ XIII; របាយ​ការណ៍​ការ​ងារ​ត្រួត​ពិនិត្យ​ អង្កេត​ និង​អនុ​វត្ត​វិន័យ​បក្ស​ឆ្នាំ​២០២៥ ទិស​ដៅ​ភារ​កិច្ច​ឆ្នាំ​២០២៦; អំ​ពី​គោល​ការណ៍​បូក​សរុប​ ១០០ ឆ្នាំ​នៃ​កា​រដឹក​នាំ​របស់​បក្ស​កុម្មុយនី​ស្តវៀតណាម​ (១៩៣០-២០៣០) ចំ​ពោះ​បដិវត្តន៍​វៀតណាម​ និង​បូក​សរុប​ ៤០ ឆ្នាំ​នៃ​ការ​អនុ​វត្ត​កម្ម​វិធី​នយោ​បា​យក​សាង​ប្រ​ទេស​ក្នុង​ដំ​ណាក់​កាល​ឈាន​ឡើង​សង្គម​និយម​; របាយ​ការណ៍​ការ​ងារ​ចាត់​តាំង​បម្រើ​ឱ្យ​មហា​សន្និបាត​លើក​ទី​ XIV ព្រម​ទាំង​ខ្លឹម​សា​រពាក់​ព័ន្ធ​ផ្សេង​ៗទៀត​។

លោក​អគ្គ​លេខា​បក្ស​ តូឡឹម​ ថ្លែង​ការណ៍​បើក​សន្និបាត​លើក​ទី​ ១៥នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII
(រូប​ ÷ យ៉ង​តឹង​/TTXVN)

ឯក​សារ​សន្និបាត​ដែល​សម​មិត្ត​ទាំង​ឡាយ​បាន​ទទួល​តាំង​ពី​ចុង​សប្តា​ហ៍មុន​ ខ្ញុំ​ជឿ​ជាក់​ថា​បណ្តា​សម​មិត្ត​បាន​សិក្សា​ស្រាវ​ជ្រាវ​យ៉ាង​ល្អិត​ល្អន់​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​មតិ​យោបល់​ក្នុង​អំ​ឡុង​ពេល​ប្រព្រឹត្ត​នៃ​សន្និបាត​នេះ​។

ដើម្បី​ឱ្យ​សន្និបាត​ទទួល​បាន​ជោគ​ជ័យ​ ខ្ញុំ​មាន​ចំណុច​មួយ​ចំ​នួន​សម្រាប់​ជា​ការ​តម្រង់​ទិស​ដល់​បណ្តា​សម​មិត្ត​៖

ទី​មួយ​៖ អំ​ពី​ការ​ងារ​បុគ្គលិក​នៃ​មហា​សន្និបាត​ទី​ XIV របស់​បក្ស​។

នៅ​ក្នុង​សន្និបាត​មជ្ឈិម​លើក​ទី​១៣ និង​ទី​១៤ ផ្អែក​លើ​សំណើ​របស់​ការិយា​ល័យ​នយោបាយ​ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​អាណត្តិ​កាល​ទី​ XIII បាន​មាន​មតិ​ឯក​ភាព​ ឯក​ច្ឆន្ទ​ខ្ពស់​ ឧទ្ទេស​នាម​បុគ្គលិក​សម្រាប់​ចូល​រួម​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ (ទាំង​សមាជិក​ពេញ​សិទ្ធិ​ និង​សមាជិក​បម្រុង​) ឧទ្ទេស​នាម​បុគ្គលិក​ចូល​រួម​ការិយា​ល័យ​នយោបាយ​ និង​គណៈ​លេខា​បក្ស​អាណត្តិ​កាល​ទី​ XIV ដោយ​ធានា​នូវ​រចនា​សម្ព័ន្ធ​ ចំ​នួន​បទ​ដ្ឋាន​ និង​លក្ខ​ខណ្ឌ​ស្រប​តាម​លក្ខ​ន្តិកៈ​ សេ​ចក្តីកំ​ណត់​របស់​បក្ស​ និង​ទិស​ដៅ​ការ​ងារ​បុគ្គលិក​នៃ​មហា​សន្និបាត​ទី​ XIV។

អនុ​វត្ត​តាម​សេ​ចក្តីសម្រេច​ចិត្ត​នៃ​សន្និបាត​មជ្ឈិម​លើក​ទី​១៤ អាណត្តិ​កាល​ទី​ XIII ការិយា​ល័យ​នយោបាយ​បាន​ផ្តោ​តលើ​កា​រដឹក​នាំ​ត្រៀម​ការ​ងារ​ដែល​នៅ​សេស​សល់​ ដើម្បី​ឈាន​ដល់​មហា​សន្និបាត​តំណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV; ចង្អុល​ការ​អនុ​គណៈ​កម្ម​ការ​បុគ្គលិក​បន្ត​បំពេញ​បន្ថែម​ និង​សម្រេច​ផែន​ការ​បុគ្គលិក​។ ក្នុង​សម័យ​ប្រ​ជុំ​នៃ​អនុ​គណៈ​កម្ម​ការ​បុគ្គលិក​ ក៏​ដូច​ជា​សម័យ​ប្រ​ជុំ​នៃ​ការិយា​ល័យ​នយោបាយ​ និង​ថ្នាក់​ដឹក​នាំ​ស្នូល​ បណ្តា​សម​មិត្ត​ការិយា​ល័យ​នយោបាយ​ប្រ​កាន់​ខ្ជាប់​ស្មារតី​បដិវត្តន៍​របស់​សមាជិក​បក្ស​កុម្មុយនី​ស្ត ដោយ​តម្កល់​ផល​ប្រ​យោជន៍​របស់​បក្ស​ របស់​ប្រ​ជា​ជន​ របស់​ជាតិ​ និង​មា​តុ​ភូមិ​ជា​ធំ​ និង​ចម្បង​បំផុត​ ក្នុង​កិច្ច​ពិភាក្សា​ វិភាគ​យ៉ាង​ម៉ត់​ចត់​ បេជ្ញាចិត្ត​ខ្ពស់​ ថ្លឹង​ថ្លែង​គ្រប់​មុខ​ គ្រប់​ជ្រុង​ជ្រោយ​ ច្បាស់​លាស់​ ហ្មត់​ចត់​ និង​ឈាន​ដល់​ការ​ឯក​ភាព​ខ្ពស់​បំផុត​ក្នុង​ការ​ឧទ្ទេស​នាម​បុគ្គលិក​ចូល​រួម​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ ការិយា​ល័យ​នយោបាយ​ គណៈ​លេខា​បក្ស​ នីតិ​កាល​ XIV ថ្នាក់​ដឹក​នាំ​ស្នូល​របស់​បក្ស​និង​រដ្ឋ​ អាណត្តិ​កាល​ ២០២៦-២០៣១។

ក្នុង​សន្និបាត​លើក​ទី​១៥នេះ​ ផ្អែក​លើ​របាយ​ការណ៍​របស់​ការិយា​ល័យ​នយោបាយ​ សូម​សំណូម​ពរប​ណ្តា​សម​មិត្ត​សមាជិក​មជ្ឈិម​ពិភាក្សា​ និង​ផ្តល់​មតិ​ដើម្បី​សម្រេច​របាយ​ការណ៍​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​ នីតិ​កាល​ XIII អំ​ពី​ការ​ងារ​បុគ្គលិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​ នីតិ​កាល​ XIV ដើម្បី​ដាក់​ជូន​មហា​សន្និបាត​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV និង​សន្និបាត​មជ្ឈិម​លើក​ទី​ ១ នីតិ​កាល​XIV សម្រេច​និង​បោះ​ឆ្នោត​តាម​សេ​ចក្តីកំ​ណត់​។

ការ​ងារ​ត្រៀម​បម្រុង​ និង​ឧទ្ទេស​បុគ្គលិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​ XIV គឺ​ជា​ភារ​កិច្ច​ និង​ជា​ការ​ងារ​ដ៏​សំ​ខាន់​បំផុត​ ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធំ​របស់​សមាជិក​មជ្ឈិម​បក្ស​ ក៏​ដូច​ជា​ទូ​ទាំង​បក្ស​ផង​ដែរ​។ ការ​ជ្រើស​រើស​បុគ្គលិក​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​បក្ស​ ដើម្បី​ដឹក​នាំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទិស​ដៅ​ និង​ភារ​កិច្ច​ដ៏​ខ្ពង់​ខ្ពស់​ ម៉ឺង​ម៉ាត់​ និង​បន្ទាន់​បំផុត​ សំ​ដៅ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី​ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ហ្មត់​ចត់​ ច្បាស់​លាស់​ ប្រុង​ប្រយ័ត្ន​ ត្រឹម​ត្រូវ​ និង​ស្រប​តាម​បទ​ប្បញ្ញត្តិ​ ដូច​ដែល​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ធ្លាប់​បាន​សំណូម​ពរ​ក្នុង​សន្និបាត​មជ្ឈិម​បក្ស​លើក​មុន​ៗ។

ទី​ពីរ​៖ អំ​ពី​សេ​ចក្តីព្រាង​ឯក​សា​រដាក់​ជូន​មហា​សន្និបាត​លើក​ទី​ XIV។

ការិយា​ល័យ​នយោបាយ​បាន​ផ្ញើ​សេ​ចក្តីព្រាង​ឯក​សា​រដាក់​ជូន​មហា​សន្និបាត​លើក​ទី​ XIV ដល់​បណ្តា​សម​មិត្ត​រួច​ហើយ​។ បក្ខ​ជន​គ្រប់​រូប​និង​ប្រ​ជា​ជន​គ្រប់​មជ្ឈដ្ឋាន​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​កា​រស​ម្រេច​ចិត្ត​របស់​មជ្ឈិម​ ក្នុង​ការ​រួម​បញ្ចូល​ខ្លឹម​សារ​នៃ​ឯក​សារ​ចំ​នួន​ ៣ (រួម​មាន​ របាយ​ការណ៍​នយោបាយ​ របាយ​ការណ៍​សេដ្ឋ​កិច្ច​-សង្គម​ និង​របាយ​ការណ៍​បូក​សរុប​កា​រងា​រក​សាង​បក្ស​) ទៅ​ជា​ "របាយ​ការណ៍​នយោបាយ​" តែ​មួយ​ដែល​ឯក​ភាព​និង​ស្រប​គ្នា​។ បន្ទាប់​ពី​ការ​រួម​មតិ​យោបល់​ក្នុង​មហា​សន្និបាត​បក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ ការ​រួម​មតិ​យោបល់​របស់​បណ្តា​សម​មិត្ត​ក្នុង​សន្និបាត​មជ្ឈិម​លើក​ទី​ ១៤ គិត​មក​ដល់​ពេល​នេះ​ មាន​មតិ​យោបល់​ជិត​ ១៤ លាន​នៃ​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​ជិត​ ៥ លាន​នាក់​ បាន​ចូល​រួម​មតិ​លើ​សេ​ចក្តីព្រាង​ឯក​សារ​ (ចាប់​ពី​ថ្ងៃ​ទី​ ១៥/១០ ដល់​ ១៥/១១/២០២៥)។

បណ្តា​អនុ​គណៈ​កម្ម​ការ​ឯក​សារ​ និង​ការិយា​ល័យ​នយោបាយ​ គណៈ​លេខា​បក្ស​ បាន​បង្ហើយ​សេ​ចក្តីព្រាង​ឯក​សារ​នា​នា​ ដើម្បី​ដាក់​ជូន​សន្និបាត​មជ្ឈិម​លើក​ទី​ ១៥។ នេះ​ពិត​ជា​គំនិត​ និង​ជា​របៀប​ធ្វើ​បែប​បដិវត្តន៍​ លោត​ផ្លោះ​ក្នុង​កិច្ច​កា​រក​សាង​ឯក​សារ​មហា​សន្និបាត​បក្ស​។ នេះ​ក៏​ជា​អាណត្តិ​កាល​មហា​សន្និបាត​បក្ស​ ដែល​ឆ្លៀត​យក​ការ​ចូល​រួម​មតិ​ពី​សំ​ណាក់​ប្រ​ជា​ជន​យ៉ាង​ច្រើន​កុះ​ករ​បំផុត​ បើ​ធៀប​នឹង​អាណត្តិ​កាល​មហា​សន្និបាត​មុន​ៗ។ បណ្ដា​អនុ​គណៈ​កម្ម​ការ​ឯក​សារ​មហា​សន្និបាត​លើក​ទី​ XIV បាន​ចម្រាញ់​ និង​ទទួល​យក​ជា​អតិ​បរ​មា​នូវ​រាល់​មតិ​យោបល់​ដែល​សម​ស្រប​ ដើម្បី​បន្ត​បង្ហើយ​របាយ​ការណ៍​នយោបាយ​។ បញ្ញា​សមូហ​ភាព​ បញ្ញា​របស់​ប្រ​ជា​ជន​ ត្រូវ​បាន​រួម​បញ្ជូលក្នុង​ឯក​សារ​មហា​សន្និបាត​លើក​ទី​ XIV របស់​បក្ស​។

ដើម្បី​ឱ្យ​ឯក​សារ​ក្លាយ​ជា​ "ពន្លឺ​បំភ្លឺ​ផ្លូវ​" ជា​ "ត្រីវិស័យ​សកម្ម​ភាព​" សម្រាប់​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ អនុ​វត្ត​កា​រក​សាង​ និង​អភិវឌ្ឍ​ន៍ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​បដិវត្តន៍​ថ្មី​ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​សំណូម​ពរប​ណ្តា​សម​មិត្ត​មជ្ឈិម​ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ បក្ខ​ជន​ និង​ប្រ​ជា​ជន​ បន្ត​ចូល​រួម​មតិ​លើ​ខ្លឹម​សារ​នៃ​ឯក​សារ​នា​នា​។

តំណាង​ទាំង​ឡាយ​ចូល​រួម​ពិធី​បើក​សន្និបាត​លើក​ទី​ ១៥ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​ XIII។ (រូប​ថត​៖ ភឿងហ្វា​/TTXVN)

ផ្អែក​លើ​លទ្ធ​ផល​ការ​ងារ​នៃ​អាណត្តិ​កាល​មហា​សន្និបាត​លើក​ទី​ XIII និង​ចេញ​ពី​ជាក់​ស្តែង​នៃ​ការ​ងារ​ ដែល​សម​មិត្ត​មជ្ឈិម​ទាំង​ឡាយ​បាន​និង​កំ​ពុង​ទទួល​បន្ទុក​ ខ្ញុំ​សំណូម​ពរ​សម​មិត្ត​ទាំង​ឡាយ​ចូល​រួម​មតិ​យោបល់​ ដើម្បី​បង្ហើយ​ខ្លឹម​សារ​របាយ​ការណ៍​នយោបាយ​ និង​ឯក​សារ​នា​នា​ដែល​ត្រូវ​ដាក់​ជូន​មហា​សន្និបាត​លើក​ទី​ XIV ជា​ពិសេស​គឺ​កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ ក្នុង​ការ​អនុ​វត្ត​សេ​ចក្តីសម្រេច​ចិត្ត​នៃ​មហា​សន្និបាត​តំណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​។

ទី​បី​៖ អំ​ពី​ការ​ងារ​ត្រៀម​បម្រុង​មហា​សន្និបាត​ទី​ XIV។

មហា​សន្និបាត​តំណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​ គ្រោង​នឹង​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ១៩/០១/២០២៦ ដល់​ថ្ងៃ​ទី​ ២៥/០១/២០២៦ នៅ​រដ្ឋ​ធានី​ហាណូយ​ ដោយ​មាន​តំណាង​ចំ​នួន​ ១.៥៨៦ រូប​ តំណាង​ឱ្យ​បក្ខ​ជន​ជាង​ ៥ លាន​នាក់​ ចូល​រួម​មហា​សន្និបាត​។ ការិយា​ល័យ​នយោបាយ​ គណៈ​លេខា​បក្ស​ បាន​ចង្អុល​ការ​ជ្រួត​ជ្រាប​ និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បណ្ដា​សេ​ចក្តីសម្រេច​ចិត្ត​ និង​សេ​ចក្តីសន្និដ្ឋាន​របស់​មជ្ឈិម​ និង​ការិយា​ល័យ​នយោបាយ​ អំ​ពី​កិច្ច​ការ​ត្រៀម​បម្រុង​មហា​សន្និបាត​លើក​ទី​ XIV របស់​បក្ស​។ ចំ​ពោះ​ខ្លឹម​សារ​ឯក​សារ​ និង​កិច្ច​ការ​បុគ្គលិក​ គឺ​ខ្ញុំ​បាន​រាយ​ការណ៍​ជូន​នៅ​ខាង​លើ​រួច​ហើយ​។

ការ​ងារ​ចាត់​តាំង​បម្រើ​មហា​សន្និបាត​ត្រូវ​ត្រៀម​បម្រុង​ឱ្យ​បាន​ហ្មត់​ចត់​ ធានា​សន្តិ​សុខ​ សុវត្ថិ​ភាព​ និង​ត្រឹម​ត្រូវ​តាម​សេ​ចក្តីកំ​ណត់​របស់​បក្ស​។ ហេ​តុ​នេះ​ សំណូម​ពរប​ណ្តា​សម​មិត្ត​ជ្រួត​ជ្រាប​ឱ្យ​បាន​ច្បាស់​លាស់​នូវ​របាយ​ការណ៍​របស់​អនុ​គណៈ​កម្ម​ការ​នា​នា​ ដើម្បី​ផ្តល់​មតិ​បន្ថែម​ សំ​ដៅ​ធ្វើ​ឱ្យ​ការ​ងារ​នេះ​កាន់​តែ​ល្អ​ឥត​ខ្ចោះ​ រួម​ចំណែក​ដល់​ជោគ​ជ័យ​នៃ​មហា​សន្និបាត​។

សូម​គោរព​សម​មិត្ត​គ្រប់​រូប​!

ជា​មួយ​នឹង​ខ្លឹម​សារ​កម្ម​វិធី​ខាង​លើ​ ខ្ញុំ​សំណូម​ពរ​សម​មិត្ត​ទាំង​ឡាយ​ផ្តោ​តបញ្ញា​ ស្មារតី​ទទួល​ខុស​ត្រូវ​ ភាព​ស្មោះ​ត្រង់​ សត្យា​នុម័តិនិង​សុក្រឹត​ភាព​ ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​ ឧទ្ទេស​នាម​ជូន​មហា​សន្និបាត​លើក​ទី​ XIV របស់​បក្ស​ ក៏​ដូច​ជា​ការ​ផ្តល់​មតិ​លើ​ខ្លឹម​សារ​កម្ម​វិធី​នៃ​មហា​សន្និបាត​។

ជំនួស​មុខ​ការិយា​ល័យ​នយោបាយ​ និង​គណៈ​លេខា​បក្ស​ ខ្ញុំ​សូម​ប្រ​កាស​បើក​សន្និបាត​លើក​ទី​១៥ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អាណត្តិ​កាល​ទី​ XIII។

សូម​ជូន​ពរ​សន្និបាត​របស់​យើង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រ​ចង់​៕

ប្រ​ភព​÷ TTXVN - ចន្ថា

ចែករំលែកអត្ថបទ