ការតាំងពិព័រណ៍សមិទ្ធផលរបស់ប្រទេសជាតិ ស្របក្នុងឱកាសខួបអនុស្សាវរីយ៍៨០ឆ្នាំ ទិវាបុណ្យជាតិ (២/៩/១៩៤៥ - ២/៩/២០២៥) ដោយប្រធានបទ “៨០ឆ្នាំដំណើរឯករាជ្យ – សេរីភាព - សុភមង្គល” គឺជាព្រឹត្តិការណ៍ថ្នាក់ជាតិ បម្រុងនឹងបើកសម័យនៅព្រឹកថ្ងៃទី២៨ ខែសីហា និងបិទសម័យនៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ។ ទីក្រុងកឹងធើ ចូលរួមតាំងពិព័រណ៍ មានប្រធានបទ “ភាពរុងរឿងនៃកឹងធើ - ជំហរថ្មី - ចក្ខុវិស័យថ្មី” ក្នុងលំហដាក់តាំង “ខេត្តសម្បូរសប្បាយ - ប្រទេសរុងរឿង ” ក្នុងទីតាំងបរិវេណទំហំជាង ៥០០ម៉ែត្រការ៉េ។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ចុះពិនិត្យល្បឿន
ដំណើរការរៀបចំចូលរួមតាំងពិព័រណ៍របស់ទីក្រុង។
ទីក្រុងកឹងធើ ចូលរួមតាំងពិព័រណ៍ដើម្បីឧទ្ទេសនាមអំពីដំណើរការបង្កើត ការអភិវឌ្ឍនិងសមិទ្ធផលសំខាន់ៗ រយៈពេល៨០ឆ្នាំនៃការកសាង ខិតខំឆ្លងកាត់ការលំបាក ពលកម្ម ផលិតនិងការអភិវឌ្ឍរបស់ក្រុង; ស្លាកស្នាមអនុស្សាវរីយ៍សំខាន់ៗក្នុងការដឹកនាំ ចង្អុលការគ្រប់គ្រងទៅតាមដំណាក់កាលប្រវត្តិសាស្ត្រ; ចូលរួមផ្សព្វផ្សាយ អប់រំប្រពៃណីបដិវត្តន៍ បំផុសស្មារតីមោទនភាពជាតិ ក្ដីជឿជាក់ចំពោះដំណើរការផ្លាស់ថ្មី សមាហរណកម្មនិងអភិវឌ្ឍន៍; បង្ហាញពីរូបភាពជាទីក្រុងមជ្ឈមណ្ឌលនៃតំបន់វាលរាបរាបទន្លេគឺវឡុង ប្រកបដោយភាពទំនើប សមាហរណកម្ម អភិវឌ្ឍន៍ចីរភាព និងដិតដាមដោយអត្តសញ្ញាណវប្បធម៌ដ៏ពិសេស។

ការរចនាដាក់តាំង “ភាពរុងរឿងនៃកឹងធើ - ជំហរថ្មី - ចក្ខុវិស័យថ្មី” ។
ការដាក់តាំងបង្ហាញរបស់ទីក្រុងក្នុងការតាំងពិព័រណ៍ ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ខ្លឹមសារមានលក្ខណៈជាប្រព័ន្ធ តាមលំដាប់លំដោយនៃដំណើរការអភិវឌ្ឍន៍ សមស្របនឹងភូមិភាគទាំង៣ (កឹងធើ - ហូវយ៉ាង - សុកត្រាំង) ហើយក្រុងកឹងធើក៏មានការអភិវឌ្ឍថ្មី។ រូបភាពនិងឯកសារផ្សេងៗធានាលក្ខណៈច្បាស់លាស់ ជាគំរូនិងជានិមិត្តរូបនៃដំណាក់កាលប្រវត្តិសាស្ត្រ; អនុវត្តបច្ចេកវិទ្យាទំនើបដើម្បីធ្វើឱ្យរូបភាពនៃការដាក់តាំងឃើញច្បាស់ រស់រវើក និងអាចអន្តរកម្មសម្រាប់អ្នកទស្សនា។

ការរចនាផ្នែកខាងក្នុងនៃការដាក់តាំងរបស់ទីក្រុងកឹងធើ ក្នុងការតាំងពិព័រណ៍។
ការដាក់តាំង ត្រូវបានបែងចែកជា៣មណ្ឌលធំៗតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារ ត្រូវបានរចនាឯកភាព រួមមាន៖ រូបភាព គំរូ ផែនទី វត្ថុតាំង ផែនទីសំណាក បង្អួចអេក្រង់បញ្ចាំងនិងការទទួលបទពិសោធន៍។
ដំបូងគឺជា “ក្រុងកឹងធើពីអតីតកាល” បង្ហាញអំពីលក្ខណៈធម្មជាតិ ដំណើរការគាស់រានដីនិងបង្កើតបានជាទឹកដីដែលបច្ចុប្បន្នជាទីក្រុងកឹងធើ ក្នុងបរិបទនៃប្រវត្តិសាស្ត្រណាមបូ; បង្ហាញច្បាស់ពីទីតាំងភូមិសាស្ត្រ តួនាទីវប្បធម៌ រដ្ឋបាលរបស់តំបន់ក្នុងដំណើរការពង្រីកដែនដីភាគខាងត្បូង បង្កជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទៅអនាគត។
ការដាក់តាំង “ក្រុងកឹងធើ៖ ៨០ ឆ្នាំឋិតថេររឹងមាំ - អភិវឌ្ឍន៍” បង្ហាញពីតួនាទីនៃតំបន់ទឹកដីដែលបច្ចុប្បន្នជាទីក្រុងកឹងធើ ឆ្លងកាត់ពីរភ្នក់ភ្លើងសង្គ្រាមប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក ដោយមានទីតាំងជាសមរភូមិយុទ្ធសាស្ត្រនៃតំបន់តីណាមបូ ចាប់ពីថ្ងៃដំបូងនៃបដិវត្តន៍រហូតដល់ថ្ងៃដែលតំបន់ភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង និងឯកភាពទឹកដី។ ក្រៅពីនេះ គឺជាខ្លឹមសារអំពីកឹងធើ - ដំណាក់កាលស្តារឡើងវិញ ការផ្លាស់ថ្មីនិងការកំណត់អង្គភាពរដ្ឋបាលទៅតាមដំណាក់កាលនីមួយៗចាប់ពីក្រោយឆ្នាំ១៩៧៥ និងដំណាក់កាលផ្លាស់ថ្មី ចាប់ពីឆ្នាំ១៩៨៦រហូតមកដល់សព្វថ្ងៃ និងកំណត់អង្គភាពរដ្ឋបាលសំខាន់ៗដែលបានគត់សម្គាល់ដំណើរការរៀបចំឡើងវិញការអភិវឌ្ឍតំបន់។ ពិសេស ចាប់តាំងពីឆ្នាំ២០០៤ ទីក្រុងកឹងធើ បានក្លាយជាទីក្រុងចំណុះមជ្ឈិម ហើយជាជំហានអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យនិងសមាហរណកម្មយ៉ាងទូលំទូលាយ។ ព្រមជាមួយនោះ ស្ថិតក្នុងលើកដាក់តាំងនេះ ទីក្រុងកឹងធើ ក៏បានឧទ្ទេសនាមនូវសំណង់និងសមិទ្ធផលនានាដែលលេចធ្លោ ដូចជា៖ ស្ពានកឹងធើ អាកាសយានដ្ឋានអន្តរជាតិកឹងធើ បូជនីយដ្ឋានតម្កល់ក្សត្រហ៊ុង តំបន់ឧស្សាហកម្ម ផលិតផល OCOP បេតិកភ័ណ្ឌប្រវត្តិសាស្ត្រនិងសំណង់វប្បធម៌ដែលបង្ហាញពីអត្តសញ្ញាណនៃជនជាតិ កិញ ខ្មែរ និងហ្វា។
ការរចនាឧទ្ទេសនាមបង្ហាញនូវសំណង់សំខាន់ៗរបស់ទីក្រុងកឹងធើ។
ការដាក់តាំង “កឹងធើ - ទីក្រុងមជ្ឈមណ្ឌលកំពុងអភិវឧ្ឍក្នុងយុគៈសម័យថ្មី” បង្ហាញអំពីគោលការណ៍ដ៏ធំរបស់បក្ស និងរដ្ឋ អំពីការកែប្រែព្រំប្រទល់រដ្ឋបាល ការរួមបញ្ចូលភូមិភាគទាំង៣គឺ ក្រុងកឹងធើ - ហូវយ៉ាង -សុកត្រាំង សំដៅបង្កើតអង្គភាពរដ្ឋបាលមួយ - ខ្លាំងខាងសេដ្ឋកិច្ច អភិវឌ្ឍសេដ្ឋកិច្ចសង្គម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្ដូរឌីជីថលមានទ្រង់ទ្រាយធំល្មមក្នុងការដឹកនាំតំបន់វាលរាបទន្លេគឺវឡុង។ បើកបង្ហាញអំពីចក្ខុវិស័យនៃការអភិវឌ្ឍតំបន់៖ ពហុមជ្ឈមណ្ឌល - គាំទ្រគ្នាទៅវិញទៅមក – អភិវឌ្ឍន៍ប្រកបដោយចីរភាព។

ការរចនាពីទីតាំងទទួលបទពិសោធន៍។
ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនទីក្រុង ក៏បានចង្អុលការអនុវត្តពីវិធីដាក់តាំងបង្ហាញដោយបើកចំហ ផ្គួបបញ្ចូលគ្នារវាងបុរាណនិងសម័យ រួមមាន៖ រូបភាព ឯកសារសម័យដើមនិងបច្ចុប្បន្ន ផែនទីរដ្ឋបាលចាស់ ឧបករណ៍កសិកម្ម គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ រៀបចំតាំងពិព័រណ៍អំពីរបរសិប្បកម្មប្រពៃណី; ការបញ្ចាំងដោយប្រើបច្ចេកវិទ្យាអេក្រង់ LED ផ្ទាំងរូបភាព គំរូ វត្ថុតាំង ភាពយន្តឯកសារ ផែនទី។ល។ ផ្គួបបញ្ចូលជាមួយនឹងការទទួលបទពិសោធន៍ ដាក់តាំងពីគំរូលេចធ្លោនៃផលិតផល OCOP ពិតប្រាកដ; រៀបចំដាក់តាំងគួបផ្សំជាមួយនឹងការទទួលបទពិសោធន៍ពីតន្ត្រីប្រពៃណី សម្លៀកបំពាក់ និងការសម្ដែងសិល្បៈប្រពៃណីជាដើម៕
អត្ថបទនិងរូបថត៖ មិញត្វឹង - ពេជ្រសឿន