មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/06/2025 - 08:39

"ម្លប់" ក្នុង​មជ្ឈដ្ឋាន​សារ​ព័ត៌​មាន​ភា​សា​ខ្មែរ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង 

នោះ​គឺ​អ្នក​កា​សែត​ថាច់​ផាត់ (នាម​និពន្ធ ភក្តី) អតីត​អគ្គ​និពន្ធ​នា​យក​រង ទទួល​បន្ទុក​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ។ អស់​រយៈ​ពេល​ជាង ៣០ ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​របរ​អ្នក​កា​សែត​ថាច់​ភក្តី ជា​និច្ច​កាល​នៅ​តែ​ជក់​ចិត្ត​និង​ជា​ទ្រោល​បំភ្លឺ​សម្រាប់​អា​ជីព​សារ​ព័ត៌​មាន។

  អ្នក​កា​សែត​ថាច់​ភក្តី ចំ​ណាយ​ពេល​វេលា​ច្រើន​ដើម្បី​បន្ត “បំប៉ន”
ដល់​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ។

កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ គឺ​ជា​ស្នា​ដៃ​ផ្នែក​ស្មារតី​មួយ​ដែល​អ្នក​កា​សែត​ថាច់​ភក្តី បាន​រួម​ចំ​ណែក​ផ្តួច​ផ្តើម​បង្កើត​ឡើង។ អ្នក​កា​សែត ថាច់​ភក្តី ឱ្យ​ដឹង៖ “កាល​នោះ ខ្ញុំ​នៅ​ជា​អគ្គ​និពន្ធ នា​យក​រង​កា​សែត​ត្រា​វិញ រួច​បាន​បញ្ជូន​មក​ដើម្បី​ផ្តួច​ផ្តើម​បង្កើត​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ។ បន្ទាប់​ពី​ត្រៀម​បម្រុង​អស់​រយៈ​ពេល​៨​ខែ ក្រោម​ការ​ដឹក​នាំ​យ៉ាង​ដិត​ដល់​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង ព្រម​ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​គណៈ​រៀប​រៀង​កា​សែត​កឹង​ធើ នៅ​ថ្ងៃ​ទី ១៦ ខែ​មេ​សា ឆ្នាំ​២០០៧ កា​សែត​កឹង​ធើ ភា​សា​ខ្មែរ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​ដោយ​បោះ​ពុម្ព​ផ្សាយ​នៅ​គ្រប់​ខេត្ត ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង”។

មុន​ពេល​ក្លាយ​ជា​អ្នក​កា​សែត លោក​ថាច់​ភក្តី ធ្លាប់​ជា​គ្រូ​បង្រៀន ម្ល៉ោះ​ហើយ គាត់​តែង​ខ្វល់​ខ្វាយ រិះ​រក​វិធី​ដើម្បី​ជួយ​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​ចេះ​អាន​ចេះ សរ​សេរ​អក្សរ​ខ្មែរ។ ព្រោះ​ហេតុ​នោះ ទើប​វចនា​នុក្រម​វៀត - ខ្មែរ ដែល​មាន​វាក្យ​ស័ព្ទ​ជិត ៨.០០០ ពាក្យ អា​ស្រ័យ​អ្នក​កា​សែត​ថាច់​ភក្តី​និង​កង​ជួរ​សហ​ការី ដាក់​ឱ្យ​ប្រើ​ប្រាស់​លើ​ប្រ​ព័ន្ធ​អន​ឡាញ។ នេះ​ពិត​ជា “ត្រី​វិស័យ” សម្រាប់​អ្នក​សារ​ព័ត៌​មាន ក៏​ដូច​ជា​អ្នក​សិក្សា​ភាសា​ខ្មែរ​សព្វ​ថ្ងៃ។ បង​ថាច់​សុវណ្ណ​មុនី អ្នក​បក​ប្រែ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ ឱ្យ​ដឹង៖ “លោក​គ្រូ​ថាច់​ភក្តី ជា​អ្នក​ដឹក​នាំ​យើង​ខ្ញុំ​ចូល​ប្រ​ឡូក​ក្នុង​វិជ្ជា​ជីវៈ​ជា​អ្នក​កា​សែត។ ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់ ជា​មួយ​នឹង​របរ ហើយ​ជា​មួយ​នឹង​ការ​អភិ​រក្ស​អក្សរ​សាស្រ្ត​ខ្មែរ គឺ​ជា​ប្រ​ភព​បំ​ផុស​គំនិត​ឱ្យ​យើង​ខ្ញុំ​ស្រ​ឡាញ់​របរ។ បច្ចុប្បន្ន វចនា​នុក្រម​វៀត - ខ្មែរ មិន​ត្រឹម​តែ​បង​ប្អូន​នៅ​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ប្រើ​ប្រាស់​សម្រាប់​បក​ប្រែ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​មាន​ស្ថា​ប័ន សា​លា​រៀន​ជា​ច្រើន​ទៀត​ចូល​ឆែក​រក​ពាក្យ​ផង​ដែរ “។

ក្នុង​ប្រ​វត្តិ​បដិវត្តន៍​របស់​កង​ទ័ព​និង​ប្រ​ជា​ជន​ឃុំ​ដា​ឡុក បាន​កត់​ត្រា នៅ​ឆ្នាំ ១៩៦៨ យុវ​ជន​ថាច់​ភក្តី នៅ​ឃុំ​ដា​ឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ បាន​ឪ​ពុក​ម្តាយ​បញ្ជូន​ចូល​បួស​រៀន​នៅ​វត្ត​កំ​ពង់​និគ្រោធ (កំ​ពង់​ជ្រៃ)។ នៅ​ទី​នេះ ព្រះ​តេជ​ព្រះ​គុណ ថាច់​ភក្តី បាន​សិក្សា​ធម៌​វិន័យ អក្សរ​សាស្រ្ត​ខ្មែរ និង​ចូល​រួម​ចលនា​បដិវត្តន៍​ជា​មួយ​ព្រះ​សង្ឃ​ដទៃ​ទៀត​ក្នុង​វត្ត។ ក្នុង​យុទ្ធ​នា​ការ​ហូជី​មិញ កាល​នោះ ក្នុង​តួនាទី​ជា​ព្រះ​ចៅ​អធិ​ការ​រង ព្រះ​តេជ​ព្រះ​គុណ​ថាច់​ភក្តី បាន​សហ​ការ​ជា​មួយ​កម្មា​ភិបាល​រណ​សិរ្ស និង​ប្រ​ជា​ចលនា អំ​ពាវ​នាវ​ប្រ​ជា​ជន​ចូល​កាន់​កាប់​ប៉ុស្តិ៍​បា​ត្វឹង A។ រយៈ​ពេល​ធ្លាប់​បួស​រៀន​នៅ​វត្ត រួម​ជា​មួយ​នឹង​បទ​ពិសោធន៍​ធ្វើ​កា​សែត​របស់​ខ្លួន បាន​ជួយ​ឱ្យ​អ្នក​កា​សែត​ថាច់​ភក្តី យល់​ពីតួ​នាទី​របស់​កា​សែត​ភា​សា​ខ្មែរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ជន​ជាតិ។ អ្នក​កា​សែត​ថាច់​ភក្តី បង្ហើប​ឱ្យ​ដឹង៖ “ពី​មុន កា​សែត​ភា​សា​ខ្មែរ​ភាគ​ច្រើន​មាន​តែ​ព្រះ​សង្ឃ អា​ចារ្យ និង​មនុស្ស​មួយ​ចំ​នួន​ចេះ​អាន​ប៉ុណ្ណោះ ពី​ព្រោះ​ប្រ​ជា​ជន​ភាគ​ច្រើន​គ្រាន់​តែ​ចេះ​និយាយ ប៉ុន្តែ​មិន​ចេះ​អក្សរ។ ដោយ​សារ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ កសាង​កម្ម​វិធី បញ្ចូល​ភា​សា​ខ្មែរ​ចូល​បង្រៀន​នៅ​សា​លា​សា​កល និង​បើក​វគ្គ​បំ​ពាក់​បំ​ប៉ន ។ល។ ហេតុ​នោះ មិត្ត​អ្នក​អាន​កា​សែត​ខ្មែរ​កាន់​តែ​សម្បូរ​បែប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្រៅ​ពី​មិត្ត​អ្នក​អាន​ដែល​ធ្លាប់​អាន​ជា​ព្រះ​សង្ឃ អា​ចារ្យ នៅ​មាន​គ្រូ​បង្រៀន​សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក សា​លា​រៀន​ដែល​មាន​បង្រៀន​អក្សរ​ខ្មែរ កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ និង​មាន​ទាំង​សិស្សា​នុសិស្ស​រៀន​ក្នុង​រដូវ​វិស្ស​មកាល​នៅ​តាម​វត្ត​ខ្មែរ​ទៀត​ផង។ តាម​គំ​និត​ខ្ញុំ ជា​មួយ​នឹង​បរិ​មាណ​អ្នក​អាន​កាន់​តែ​ច្រើន​និង​សម្បូរ​បែប​ដូច្នេះ តួនា​ទី​ផ្សព្វ​ផ្សាយ​របស់​កា​សែត​ភាសា​ខ្មែរ​អំពី​គោល​មាគ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​កាន់​តែ​ធំ​ឡើង ពី​ព្រោះ​ប្រ​កប​ដោយ​លក្ខណៈ​ជាក់​ស្តែង។ មាន​ន័យ​ថា ពេល​ជន​រួម​ជាតិ​បាន​ស្តាប់​អំពី​គោល​នយោ​បាយ ច្បាប់​ជា​ធរ​មាន ហើយ​ឃើញ​ផ្ទាល់​ភ្នែក​នូវ​អក្សរ​ដែល​បង្ហាញ​ពី​ខ្លឹម​សារ​ទាំង​នេះ​នៅ​លើ​ផ្ទៃ​កា​សែត។ “ភ្នែក​ឃើញ ត្រ​ចៀក​ឮ” គឺ​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​កាន់​តែ​សម្រេច​បាន​ឆាប់​រហ័ស​ជាង​ទៀត”៕

    ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ