រដូវភ្លៀង ក៏ជាពេលដែលជំងឺគ្រុនឈាមនិងជំងឺរាតត្បាតផ្សេងៗមានហានិភ័យរីករាលដាលយ៉ាងស្មុគស្មាញ ប្រសិនបើមិនម្ចាស់ការខ្នះខ្នែងអនុវត្តវិធានការបង្ការទប់ស្កាត់ទេ។ ផ្នែកសុខាភិបាលក្រុងកឹងធើ ទើបក្រើនរំលឹកប្រជាជន គប្បីម្ចាស់ការអនុវត្តនូវវិធានការមួយចំនួនក្នុងការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមក្នុងរដូវភ្លៀង។

កងជួរសហការីធ្វើការផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ជំងឺគ្រុនឈាមដល់ប្រជាជន
នៅសង្កាត់អាងប៊ិញខណ្ឌនិញកេវ។
យោងតាមស្ថិតិរបស់មជ្ឈមណ្ឌលបង្ការជំងឺក្រុងកឹងធើ តាំងពីដើមឆ្នាំ ២០២៥ ដល់ថ្ងៃ ២២ ខែឧសភា ក្រុងបានកត់សម្គាល់ មានអ្នកកើតជំងឺគ្រុនឈាម ២៣៩ ករណីថយចុះ ២២ ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ជាក់ស្ដែងដូចនៅនិញកេវ មាន ៦៥ ករណី ប៊ិញធ្វី ៤៨ ករណី កៃរុាំង ១៧ ករណី អូរម៉ូង ១៩ ករណី ថូកណូក ១៨ ករណី កើ-ដ ៨ ករណី ថើយឡាយ ១៤ ករណី ផុងដៀង ៣៥ ករណី វិញថាញ់ ១៥ ករណី។ តាមប្រសាសន៍វេជ្ជបណ្ឌិត ឯកទេស I ឡេភុកហៀង ប្រធានផ្នែកបង្ការជំងឺឆ្លង-ត្រួតពិនិត្យសុខាភិបាលអន្តរជាតិនៃមជ្ឈមណ្ឌលបង្ការជំងឺក្រុងកឹងធើ រដូវភ្លៀងគឺជារដូវដែលជំងឺគ្រុនឈាមកើនឡើងខ្ពស់។ ជាទម្លាប់រៀងរាល់ឆ្នាំ ជំងឺគ្រុនឈាមកើនឡើងចាប់ពីខែ ៦ ដល់ខែ ១១។ ហេតុនេះ រដូវភ្លៀងប្រជាជនគប្បីប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះជំងឺមួយនេះ។
ផ្នែកសុខាភិបាល ក្រើនរំលឹកប្រជាជនគប្បីអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម ដូចជា ត្រូវគ្របពាងក្រឡដែលតម្កល់ទឹក ដើម្បីកុំឱ្យមូសចូលពងក្នុងនោះបាន។ រៀងរាល់សប្ដាហ៍ អនុវត្តវិធានការកម្ចាត់ដង្កូវទឹកម្ដង ដោយវិធីព្រលែងត្រីប្រាំពីរពណ៌ក្នុងឧបករណ៍ដែលតម្កល់ទឹកធំៗ; លាងសម្អាតឧបករណ៍តម្កល់ទឹកតូចធំ ផ្កាប់ឧបករណ៍ដែលគ្មានទឹក; ផ្លាស់ទឹកថូផ្កា; ដាក់អំបិលឬប្រេង ឬក៏សារធាតុកម្ចាត់សត្វល្អិតក្នុងឧបករណ៍ថ្កល់ទូជាដើម។ រៀងរាល់សប្ដាហ៍ ត្រូវធ្វើអនាម័យនិងបោះចោលកាកសំណល់ផ្ទះបាយ រង្វះទឹកធម្មជាតិ ដើម្បីកុំឱ្យមូសចូលពងក្នុងដបក្រឡ សម្បកដូង អំបែងពាង សម្បកកង់ចាស់ៗ រន្ធឫស្សីជាដើម។ ដេកដាក់មុង ស្លៀកពាក់អាវខោដៃវែង បង្ការមូសខាំទាំងពេលថ្ងៃ។ យកចិត្តទុកដាក់សហការជាមួយផ្នែកសុខាភិបាល ក្នុងពេលដែលបាញ់សារធាតុបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ នៅពេលកើតគ្រុនក្ដៅ គប្បីទៅកាន់មូលដ្ឋានសុខាភិបាល ដើម្បីទទួលបានការពិនិត្យ និងផ្ដល់ពិគ្រោះព្យាបាល។ មិនគប្បីព្យាបាលដោយខ្លួនឯងនៅផ្ទះឡើយ។
មន្ទីរសុខាភិបាលក្រុងកឹងធើ បានចាត់កម្មាភិបាល ចែកជាក្រុមចុះទៅតាមផ្ទះដើម្បីពិនិត្យពិច័យនិងចលនាប្រជាជនអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត; ណែនាំគ្រប់គ្រួសារអនុវត្តនូវវិធានការអនាម័យនិងបង្ការជំងឺ ឬកិច្ចការងារដែលត្រូវកែលម្អ។ ទន្ទឹមនឹងនោះ សកម្មភាពឃោសនាផ្សព្វផ្សាយ ក្រៅពីផ្សព្វផ្សាយផ្ទាល់តាមឧឃោសនស័ព្ទ ស្ថានីយព្យួរបដានិងចែកខិត្តប័ណ្ណ។ល។ ផ្នែកសុខាភិបាល សំណូមពរដល់សាលារៀនទាំងអស់ធ្វើការហ្វឹកហ្វឺនអំពីការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមដល់គ្រូបង្រៀន (ផ្គួបបញ្ចូលនឹងការប្រជុំជីវភាពនយោបាយវិស្សមកាល); ព្យួរបដាផ្សព្វផ្សាយនៅមុខខ្លោងទ្វារសាលា; សហការជាមួយមជ្ឈមណ្ឌលសុខាភិបាល ដំណាក់សុខាភិបាល ធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សក្នុងម៉ោងគោរពទង់ បំពាក់ឧឃោសនស័ព្ទផ្សព្វផ្សាយក្នុងម៉ោងដែលអាណាព្យាបាលសិស្សមកទទួលកូនចៅ និងបិទប្រកាសព័ត៌មានអំពីការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាម នៅទីតាំងផ្សព្វផ្សាយដំណឹងរបស់សាលា៕
ដងលី - ប្រែសម្រួល៖ ពេជ្រសឿន