នោះគឺអ៊ំស្រីធីទេព (អាយុ៧៨ឆ្នាំ) នៅភូមិ៤ ឃុំវិញហ្វាហឹងណាម ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ ទោះបីពិការជើង ពិបាកក្នុងការធ្វើដំណើរទៅមកក៏ដោយ ប៉ុន្តែអ៊ំស្រីមិនដែលធុញទ្រាន់នឹងការនឿយលំបាកឡើយ គាត់តែងខិតខំប្រឹងប្រែងព្យាយាមពលកម្មផលិតឈានឡើងធូរធារ...។

ដោយសារតែមិនអាចឡើងបេះផ្លែបាន ទើបដើមដូងនៅក្រោយផ្ទះគាត់ទុកឱ្យទុំជ្រុះ
គាត់រើសយកមកកោសធ្វើនំ។
លោកយ័ញត្វឹង អនុប្រធានភូមិ៤ ឃុំវិញហ្វាហឹងណាម ផ្តល់ព័ត៌មាន ពីគ្រួសារអ៊ំស្រីទេព រស់នៅនិងធ្វើការគោរពតាមច្បាប់។ គ្រួសារគាត់ក្រឹត្យក្រមណាស់ យកចិត្តទុកដាក់ធ្វើការរកទទួលទាន ដើម្បីជម្នះលំបាក ឈានឡើងធូរធារ។
មើលអ៊ំស្រីទេព អង្គុយបកដូង តិចមានអ្នកណាដឹងថាគាត់ពិការជើង ពិបាកក្នុងការធ្វើដំណើរទៅមក។ អ៊ំស្រីធីទេព ឱ្យដឹង៖ “ខ្ញុំពិការតាំងពីកំណើត ម៉្លោះហើយខ្ញុំតែងយល់ច្បាស់ពីការលំបាករបស់ខ្លួននិងរកវិធីដើម្បីជម្នះ។ ពិបាកបំផុតគឺពេលកូនស្រីនៅតូចត្រូវរ៉ាប់រងគ្រួសារតែម្នាក់ឯង។ ឃើញខ្ញុំនឿយហត់ពេក ប្អូនស្រីខ្ញុំមកជួយសម្រាលកិច្ចការនិងមើលថែទាំក្មួយ។ ខ្ញុំធ្វើស្រែផ្ទះនិងឆ្លៀតទៅធ្វើការឈ្នួលដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹមកូនធំដឹងក្តីរៀនសូត្រត្រឹមត្រូវ”។

ផ្ទះឥដ្ឋសមរម្យជាសមិទ្ធផលពលកម្មរបស់គ្រួសារអ៊ំស្រីទេព។
តាមសម្តីអ៊ំស្រីធីទេព ពេលរដ្ឋឧបត្ថម្ភឱ្យបុលទុន គាត់សម្រេចចិត្តងាកមកចិញ្ចឹមជ្រូក ត្រី។ល។ ទោះបីជើងពិការ ប៉ុន្តែគាត់ទទួលរ៉ាប់រងការងារចិញ្ចឹមសត្វ ដើម្បីកូនស្រី កូនប្រសាទៅធ្វើការរកស៊ីឆ្ងាយ។ ចំណែកប្អូនស្រីគាត់ទទួលបន្ទុកធ្វើស្រែចម្ការ។ រួមគ្នាប្តេជ្ញាចិត្តចាកផុតពីភាពក្រីក្រ ដូច្នេះ គាត់ចាយវាយប្រិតសំចៃដើម្បីសន្សំប្រាក់សង់ផ្ទះ។ ប្រាក់ចំណូលបានមកពី៣ប្រភព ជួយគ្រួសារអ៊ំស្រីសង់បានផ្ទះយ៉ាងសមរម្យ។ បងស្រីធីសើុង ជាអ្នកនៅជិតខាងរបស់អ៊ំស្រីទេព ឱ្យដឹង៖ “ពីរនាក់បងប្អូនមីងទេព ទើបតែជួលដីស្រែឱ្យខ្ញុំពីរបីឆ្នាំហ្នឹង ដោយគាត់ទាំងពីរនាក់វ័យចាស់អាយុជាង ៧០ ឆ្នាំប្លាយ។ ប្រាក់ជួលដីស្រែ បូកនឹងប្រាក់កូនស្រីផ្ញើមក ផ្សំនឹងប្រាក់ចំណូលពីការលក់មាន់ ទា។ល។ ទើបគ្រួសារគាត់មានជីវភាពធូរធារ”។
ប៉ុន្តែ ដោយសារតែសុាំនឹងការងារ ពីរនាក់បងប្អូនអ៊ំស្រីទេព នៅតែមិនបោះបង់មុខរបរធ្វើនំស្លឹកលក់។ ការធ្វើដំណើររបស់គាត់មានភាពលំបាក ម៉្លោះហើយគាត់ទទួលបន្ទុករៀបចំវត្ថុធាតុដើម ពីរនាក់បងប្អូនជួយវេចខ្ចប់។ បន្ទាប់ពីចំហុយនំឆ្អិន ប្អូនស្រីគាត់ជិះកង់ទៅលក់នៅក្នុងភូមិ។ ក្នុងមួយសប្តាហ៍ គាត់ធ្វើនំលក់ ៣ លើក នំគាត់ឈ្ងុយឆ្ងាញ់លក់ដាច់ណាស់។ អ៊ំស្រីទេព អំនួតនឹងយើងខ្ញុំ៖ “គាត់ធ្វើនំលក់ម្តងៗ រកបានប្រាក់ចំណេញជាងមួយរយពាន់ដុង។ ប្រាក់នេះ ពីរនាក់បងប្អូនគាត់និងចៅកំពុងរៀនថ្នាក់ទី៨ គ្រប់សម្រាប់ផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ”។ សួរទៅទើបដឹង វត្ថុធាតុដើមសម្រាប់ធ្វើនំភាគច្រើនសុទ្ធតែជារបស់ផ្ទះ ដូច្នេះ បន្ទាប់ពីទូទាត់នៅចំណេញល្មមផ្គត់ផ្គង់ជីវភាពគ្រួសារ”។
និយាយអំពីការស៊ូទ្រាំលំបាករបស់គ្រួសារអ៊ំស្រីទេព បងត្វឹង ឱ្យដឹង៖ “គ្រួសារអ៊ំស្រីទេព ជាគំរូនៃការប្រើប្រាស់ប្រភពទុនរបស់រដ្ឋយ៉ាងមានប្រសិទ្ធភាព ម៉្លោះហើយ យើងខ្ញុំតែងលើកសរសើរក្នុងកិច្ចប្រជុំក្នុងភូមិ”៕
ហាថាញ-មុនី