ជ្រើសរើសសាលាវិទ្យាល័យ ឬជ្រើសរើសរៀនវិជ្ជាជីវៈក្រោយពីរៀនចប់អនុវិទ្យាល័យ គឺជាការសម្រេចចិត្តមួយដ៏សំខាន់របស់សិស្សថ្នាក់ទី៩។ អាស្រ័យហេតុនោះ ផ្នែកអប់រំក្រុងកឹងធើ បាននិងកំពុងជំរុញសកម្មភាពផ្តល់ពិគ្រោះ និងធ្វើពិពិធកម្មវិជ្ជាជីវៈផ្សេងៗក្នុងកម្មវិធីរៀនវិជ្ជាជីវៈក្រោយពីរៀនចប់អនុវិទ្យាល័យ។

សាលាអនុមហាវិទ្យាល័យសុខាភិបាលកឹងធើ តែងមានភាគកម្រិតជម្រើសសិស្សសិក្សាកម្មវិធីអនុវិទ្យាល័យនិងរៀនវិជ្ជាជីវៈបន្ទាប់ពីចប់កម្រិតអនុវិទ្យាល័យ។
តាមប្រសាសន៍លោកង្វៀងភុកតាំង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ការបែងចរន្តសិស្សក្រោយពីរៀនចប់អនុវិទ្យាល័យ គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ៥២២/QÐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តល់សច្ចាប័នលើគម្រោង “អប់រំតម្រង់ទិសវិជ្ជាជីវៈនិងតម្រង់ទិសបែងចរន្តសិស្សក្នុងការអប់រំចំណេះទូទៅ ដំណាក់កាល ២០១៨-២០២៥” ។ តាមរយៈនោះ ទិសដៅដល់ឆ្នាំ ២០២៥ ខិតខំយ៉ាងហោចណាស់មានសិស្សប្រឡងបញ្ចប់អនុវិទ្យាល័យ ៤០% នឹងបន្តរៀនសូត្រនៅតាមមូលដ្ឋានអប់រំវិជ្ជាជីវៈដែលបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតបឋមឬមធ្យមសិក្សា; ចំពោះភូមិភាគដែលមានលក្ខណៈសេដ្ឋកិច្ច - សង្គមលំបាកខ្លាំងសម្រេចយ៉ាងហោចណាស់ ៣០% ។ លើភូមិសាស្ត្រក្រុងកឹងធើ បច្ចុប្បន្នមានមូលដ្ឋានអប់រំវិជ្ជាជីវៈចំនួន ៦០ រួមមានអនុមហាវិទ្យាល័យ ១៧ សាលា (ក្នុងនោះ មាន៨សាលាដាក់ទីតាំងបណ្តុះបណ្តាល ទីតាំងចងសម្ព័ន្ធបណ្តុះបណ្តាលនៅក្រុងកឹងធើ) កម្រិតមធ្យមសិក្សាចំនួន ១០ សាលា (មានសាខាសាលាមួយ និងសាលាមធ្យមសិក្សាចំនួន ២ ដែលមានទីតាំងសម្រាប់បណ្តុះបណ្តាលទីតាំងចងសម្ព័ន្ធបណ្តុះបណ្តាលនៅក្រុងកឹងធើ) មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈចំនួន ១៨ និង ១៥ មូលដ្ឋានផ្សេងទៀតដែលមានបង្រៀនវិជ្ជាជីវៈ។
លោកត្រាងវ៉ូវភឿង នាយកអនុមហាវិទ្យាល័យវិជ្ជាជីវៈកឹងធើ ឱ្យដឹង៖ “សិស្សរៀនមធ្យមសិក្សាវិជ្ជាជីវៈត្រូវបានលើកលែងបង់ថ្លៃបណ្ដុះបណ្ដាលមុខជំនាញមធ្យមសិក្សាតាមការកំណត់១០០% (សម្រាប់សិស្សដែលមានសៀវភៅគ្រួសារនៅក្រុងកឹងធើ)។ សាលាក៏បានជម្រើសសិស្ស ២៤០ នាក់ សម្រាប់មុខវិជ្ជាជីវៈមធ្យមសិក្សាចំនួន ៦ ទីតាំងបណ្តុះបណ្តាលនៅស្រុកធើយឡាយ”។ បងង្វៀងវ៉ាន់ថាំង នៅសង្កាត់អាងធើយ ខណ្ឌប៊ិញធ្វី ក្រុងកឹងធើ ឱ្យដឹង៖ “នៅពេលឃើញកូនប្រុសរៀនខ្សោយវិញ្ញាសាវប្បធម៌ ខ្ញុំសម្រេចចិត្តងាកមកឱ្យកូនចូលរៀនអនុមហាវិទ្យាល័យវិជ្ជាជីវៈកឹងធើវិញ។ សាលាចម្ងាយពីផ្ទះមិនដល់ ១ គ.មផង ម្ល៉ោះហើយ យើងងាយស្រួលគ្រប់គ្រងកូន។ ម្យ៉ាងទៀត រៀនវិជ្ជាជីវៈសមស្របនឹងសមត្ថភាពរបស់កូន ពីព្រោះរៀនតែប៉ុន្មានវិញ្ញាសាវប្បធម៌សំខាន់ៗ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ មិនបង់ប្រាក់សាលាផង មិនបាច់រៀនគ្រប់វិញ្ញាសាតាមកម្មវិធីសិក្សា ហើយមានមុខរបរក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផង ម្ល៉ោះហើយ នេះគឺជាការជ្រើសរើសមួយដ៏សមហេតុផលសម្រាប់កូនខ្ញុំ”។
ក្រៅពីទិវាផ្តល់ពិគ្រោះតម្រង់ទិសវិជ្ជាជីវៈ បែងចរន្តសិស្សឆ្នាំសិក្សា ២០២៥-២០២៦ មន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុងកឹងធើ ក៏បានរៀបចំផ្តល់ពិគ្រោះសម្រាប់សម័យប្រឡងជម្រើសសិស្សចូលថ្នាក់ទី១០ ឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់អាណាព្យាបាលសិស្សលើភូមិសាស្ត្រផងដែរ។ ក្នុងពេលផ្តល់ពិគ្រោះ អ្នកទទួលបន្ទុកគ្រប់រូបបានឧទ្ទេសនាមចំណុចថ្មីមួយចំនួនដែលត្រូវចងចាំក្នុងសម័យប្រឡង ណែនាំសរសេរក្រដាសចុះឈ្មោះចូលរួមជម្រើស៘ ទន្ទឹមនឹងនោះ ស្រាយចម្ងល់របស់អាណាព្យាបាលសិស្សជុំវិញការជ្រើសរើសតាមគោលបំណងចូលរៀនវិទ្យាល័យនានាលើភូមិសាស្ត្រ ជម្រើសផ្ទាល់ រាល់វិញ្ញាសាប្រឡងជម្រើស រយៈពេលប្រកាសលទ្ធផលជាប់ជម្រើសនិងពិនិត្យជម្រើស៕
ហាថាញ- លីសៀ