ពេលល្ងាចថ្ងៃអង្គារ ថ្ងៃពុធនិងថ្ងៃសុក្រ រៀងរាល់សប្តាហ៍ នៅរោងចក្រ Sokfarm (ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតត្រាវិញ Farm) តែងឮសូរប្អូនៗអានភាសាអង់គ្លេសកងរំពង បំបាត់ភាពស្ងប់ស្ងាត់ជ្រុងមួយនៃតំបន់ជនបទភូមិកៃហែ ឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ។ នោះគឺថ្នាក់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ មានឈ្មោះថា Sok School បានរោងចក្រ Sokfarm អនុវត្តជិត ២ ឆ្នាំមកហើយ ជាមួយមហិច្ឆតា៖ កុមារម្នាក់ៗចេះភាសាអង់គ្លេសបន្ថែមមួយម៉ាត់ គឺមានច្រកចេញថ្មីមួយទៀតសម្រាប់អនាគត...។

បងស្រី ថាច់ធីចន្ធី (ឈរកណ្តាល) ចែកអាំងប៉ាវដល់ប្អូនៗនៅ Sok School ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
បងស្រី ថាច់ធីចន្ធី នាយិកាក្រុមហ៊ុន Sokfarm ឱ្យដឹង៖ “ដំបូង ខ្ញុំគ្រាន់តែស្វែងរកថ្នាក់រៀនភាសាអង់គ្លេសឱ្យកូនខ្ញុំទាំងពីរនាក់ប៉ុណ្ណោះ ដោយចង់ឱ្យកូនៗឆាប់បានកៀកជិតនឹងភាសាបរទេស។ ក្រោយមកខ្ញុំគិតថា៖ ហេតុអ្វីមានតែកូនយើងបានរៀន ចុះចំណែកកូនរបស់កម្មករ កសិករនៅជុំវិញរោងចក្រ Sokfarm យ៉ាងណា? នៅជនបទការដែលឱ្យកូនរៀនភាសាអង់គ្លេសមិនមែនជាជម្រើសចម្បងនោះទេ - មួយផ្នែកដោយសារសេដ្ឋកិច្ចនៅមានកម្រិត មួយផ្នែកទៀតដោយសារមិនទាន់ឃើញច្បាស់ពីតម្លៃរបស់ភាសាបរទេស។ ព្រោះហេតុនោះ ទើប Sokfarm សម្រេចចិត្តបើកថ្នាក់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃពីមូលនិធិអប់រំ Sokfarm ដោយមិនបែងចែកស្ថានភាពគ្រួសារឡើយ ឱ្យតែប្អូនៗមានបំណងចង់រៀនសូត្រ”។

ប្អូនៗនៅ Sok School ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំរោងចក្រ Sokfarm គ្រូបង្រៀន និងអាណាព្យាបាលសិស្ស។
ថ្នាក់រៀនភាសាអង់គ្លេសមានឈ្មោះថា Sok School ត្រូវបានរៀបចំឡើងដោយ Sokfarm ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣។ ដំបូងថ្នាក់រៀនមានសិស្សជាង ១០ នាក់ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយពីដំណើរការជិត ២ ឆ្នាំ មកទល់ពេលនេះ មានសិស្សជាង ៤០ នាក់ សិស្សភាគច្រើនជាជនជាតិខ្មែរ។ ដោយសារកម្រិតអាយុខុសគ្នា ហេតុនោះថ្នាក់រៀនបានបែងចែកជា ២ ក្រុម៖ ថ្នាក់តូច៖ ចាប់ពីអាយុ ៤ ឆ្នាំដល់ ៨ ឆ្នាំ; ថ្នាក់ធំ៖ ចាប់ពីអាយុ៨ឆ្នាំដល់ ១៤ ឆ្នាំ។ “យើងខ្ញុំព្យាយាមរក្សាថ្នាក់រៀនរហូតមកដល់សព្វថ្ងៃនេះ ដោយស្មារតីទទួលខុសត្រូវចំពោះសហគមន៍។ មានពេលខ្លះចំនួនសិស្សក្នុងថ្នាក់មិនលំនឹង ហើយពេលខ្លះប្អូនៗនៅមានភាពញញើតញញើម ប៉ុន្តែដោយសារការរួមដំណើរយ៉ាងជិតស្និទ្ធរបស់កងជួរគ្រូបង្រៀន ការគាំទ្រពីសំណាក់អាណាព្យាបាលសិស្សនិងទំនុកចិត្តរបស់ប្អូនៗដោយផ្ទាល់ ទើបថ្នាក់រៀនកាន់តែមានភាពលំនឹងនិងមានរបៀបរៀបរយ” បងស្រីចន្ធី បានចែករំលែកឱ្យដឹងដូច្នេះ។ អ្នកគ្រូ ហ្វិញង្វៀងខាប៊ិញ ជាគ្រូបង្រៀនភាសាអង់គ្លេស ឱ្យដឹង៖ “ដំណាក់កាលដំបូង គឺប្អូនៗសិស្សខ្មែរ នៅមានភាពញញើតញញើម រអែងក្នុងការនិយាយភាសាអង់គ្លេស និងប្រតិកម្មនៅខ្សោយ។ ប្អូនៗមួយចំនួនពីមុនមកមិនធ្លាប់រៀនភាសាអង់គ្លេស ហេតុនោះហាក់ដូចជាចាប់ផ្តើមពីដំបូង។ ថ្វីដ្បិតដូច្នេះក្តី ឆ្លងកាត់រយៈពេលទំនាក់ទំនង យើងខ្ញុំសង្កេតឃើញថា ប្អូនៗមានស្មារតីសិក្សាល្អណាស់ ស៊ូទ្រាំលំបាកនិងចង់រៀនសូត្រ។ កងជួរគ្រូបង្រៀន បានម្ចាស់ការផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន៖ ជំនួសដោយការធ្ងន់ខាងទ្រឹស្តី យើងខ្ញុំងាកមកអនុវត្តវិធីសាស្រ្តជាក់ស្តែងជាច្រើន ដូចជា៖ ល្បែងកម្សាន្ត គូរគំនូរ ចម្រៀង និទានរឿងខ្លី។ល។ ដើម្បីប្អូនៗងាយស្រួលចងចាំ និងកាន់តែរីករាយ។ យើងខ្ញុំបានសហការជាមួយ Sokfarm ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យសមស្រប ចាត់តាំងនូវសកម្មភាពក្រៅម៉ោងសិក្សាបន្ថែម និងទទួលបានមតិកែលម្អជាប្រចាំពីសំណាក់អាណាព្យាបាលសិស្ស។ អាស្រ័យហេតុនោះ គុណភាព ថ្នាក់រៀនបានលើកកម្ពស់គួរឱ្យកត់សម្គាល់”។ ប្អូនគីធឺ អាយុ៩ឆ្នាំ ឱ្យដឹង៖ “ប្អូនចូលចិត្តរៀននៅ Sokfarm ពីព្រោះអ្នកគ្រូបង្រៀនរួសរាយណាស់។ ប្អូនបានរៀននិងលេងកម្សាន្ត។ ឥឡូវប្អូនចេះ ជម្រាបសួរ ឧទ្ទេសនាមពីខ្លួន និងសួរមិត្តភក្ដិ ជាភាសាអង់គ្លេសហើយ! ប្អូនខិតខំរៀនភាសាអង់គ្លេសឱ្យពូកែ ដើម្បីថ្ងៃក្រោយអាចនិយាយជាមួយនឹងជនជាតិបរទេស”។
“ខ្ញុំរំពឹងថា Sok School មិនត្រឹមតែបង្រៀនភាសាអង់គ្លេសប៉ុណ្ណោះទេ ថែមទាំងក្លាយជាកន្លែងបំពាក់បំប៉នបំណិនជីវិតបំណិនវិជ្ជាជីវៈ និងអភិវឌ្ឍន៍គំនិតសមាហរណកម្មជូនកុមារទៀតផង។ ខ្ញុំតែងជឿជាក់ថា៖ ការវិនិយោគលើវិស័យអប់រំគឺជាវិធីសាស្រ្តចីរភាពបំផុត ដើម្បីជួយស្រុកកំណើតរបស់យើងផ្លាស់ថ្មី” បងស្រី ថាច់ធីចន្ធី បានចែករំលែកពីមហិច្ឆតា Sok School ដូច្នេះ៕
ថាញឡុង-វិមាន