រួមជាមួយនឹងពិធីអនុស្សាវរីយ៍ថ្នាក់ជាតិ មានសកម្មភាពសំខាន់ៗជាច្រើនត្រូវបានប្រារព្ធឡើង ស្របនឹងឱកាសអំណរខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៥)។

ប្លុកមហាជនរួមមានកងទ័ពប្រជាជន វេជ្ជបណ្ឌិត គ្រូពេទ្យ អ្នកមុខអ្នកការសាសនា ភ្លឺត្រចះចម្រុះដោយពណ៌ទង់ជាតិនិងផ្កា បង្ហាញពីសាមគ្គីភាពនិងមោទនភាពជាតិ ក្នុងការហាត់សមធ្វើព្យុហយាត្រា ដង្ហែក្បួនអំណរខួបអនុស្សាវរីយ៍ ៥០ ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដីនៅរាត្រីថ្ងៃទី ១៨ ខែ មេសា។ រូបថត៖ vnexpress.net
ខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៥) គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មានទ្រង់ទ្រាយថ្នាក់ជាតិ។ ព្រឹត្តិការណ៍នេះអាស្រ័យគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុងហូជីមិញរៀបចំឡើង។ កម្មវិធីខួបអនុស្សាវរីយ៍ថ្នាក់ជាតិ បានប្រារព្ធឡើងនៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី ៣០/៤/២០២៥ លើដងវិថីឡេយ្វឹង ខ័ណ្ឌ១ និងតាមដងវិថីមួយចំនួន នៅមជ្ឈមណ្ឌលក្រុងហូជីមិញ។ កម្មវិធីព្យុហយាត្រាដង្ហែក្បួនដែលដឹកនាំដោយក្រសួងការពារជាតិ រួមមាន៖ ក្បួនដង្ហែនៃប្លុកកងកិត្តិយសចំនួន៤; ប្លុកព្យុហយាត្រាចំនួន៣៦; ប្លុកក្បួនដង្ហែចំនួន ១២។ តាមការគ្រោងទុកនឹងមានប្លុកព្យុហយាត្រារបស់ប្រទេសឡាវ និងប្រទេសកម្ពុជាក្នុងពិធីអនុស្សាវរីយ៍ទៀតផង។ ក្នុងកម្មវិធីមានខ្លឹមសារបាញ់កាំភ្លើងធំចំនួន ២១ លើក អមដោយភ្លេងជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; កងទ័ពជើងអាកាសហោះអបអរសាទរ; ក្បួនដង្ហែរថយន្តទម្រង់ត្រាសញ្ញាជាតិ - ប្លុកទង់បក្ស ទង់ជាតិ រថយន្តដង្ហែឆាយាល័ក្ខណ៍លោកប្រធានហូជីមិញ រថយន្តនិមិត្តសញ្ញាតំណាង ៥០ ឆ្នាំ ទិវាឯកភាពទឹកដី។ល។ កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ VTV១ - ទូរទស្សន៍វៀតណាម ទូរទស្សន៍ក្រុងហូជីមិញ និងស្ថានីយវិទ្យុទូរទស្សន៍ភូមិភាគឯទៀត។
វេលាម៉ោង៨ព្រឹក ថ្ងៃទី ២៩/៤/២០២៥ ក្រុងហូជីមិញ ប្រារព្ធពិធីអុជធូបនិងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅទីបញ្ចុះសព យុទ្ធជនពលីក្រុងហូជីមិញ ទីបញ្ចុះសពក្រុង (ឡាកកាញ) វិហាររំលឹកគុណបេនយឿក ទីបញ្ចុះសពយុទ្ធជនពលីស្រុកគូជី ទីបញ្ចុះសពគោលនយោបាយក្រុងហូជីមិញ (ស្រុកគូជី); កេរដំណែលប្រវត្តិសាស្រ្តង៉ាបាយ៉ុង (ស្រុកហុកម៉ូង)។ ពិធីអុជធូប និងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងលោកប្រធានតូងឌឹកថាំង នៅថ្ងៃទី ២៩/៤/២០២៥ របស់ថ្នាក់មជ្ឈិមនិងថ្នាក់ក្រុង។
ចាប់ពីថ្ងៃទី ១៩ - ៣០/៤/២០២៥ ក្រុងហូជីមិញបានរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរ៖ ពិធី “សម្រស់ទីក្រុងឈ្មោះអ៊ំហូ” ត្រូវបានប្រារព្ធចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី៣០/៤/២០២៥។ ចំណុចលេចធ្លោគឺការសម្ដែងសិល្បៈ ៣D Mapping នៅមុខទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនក្រុង ដោយរួមបញ្ចូលនូវពន្លឺ សំឡេងនិងចម្រៀងប្រគុំបន្ទរ។ តាំងពិព័រណ៍ភាពយន្ត “សូរស័ព្ទមហាជ័យជម្នះនិទាឃរដូវ ឆ្នាំ ១៩៧៥” ដោយមានរូបថតឯកសារដ៏មានតម្លៃចំនួន ៣០០ សន្លឹក ការបញ្ចាំងភាពយន្តសហគមន៍នៅពេលរាត្រីថ្ងៃទី ២៧ និង ២៨ ខែមេសា នៅសាលមហោស្រពង្វៀងហ្វែ - ង៉ោឌឹកកេ។ កម្មវិធីសិល្បៈពិសេស “ទិវាជួបជុំឯកភាពទឹកដី” ត្រូវបានប្រារព្ធឡើងនិងទូរទស្សន៍ផ្សាយផ្ទាល់ក្នុងទូទាំងប្រទេសនៅសាលាប្រជុំថុងញឹក ខ័ណ្ឌ១ ក្រុងហូជីមិញ នៅរាត្រីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥។ល។
* រួមជាមួយនឹងទូទាំងប្រទេស ក្នុងប៉ុន្មានថ្ងៃនេះ ក្រុងកឹងធើបានរៀបចំសកម្មភាពជាច្រើន ដើម្បីអំណរខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/២០២៥)។ ជាពិសេស ក្នុងពិធីជួបជុំអនុស្សាវរីយ៍ ក្រៅពីរំលឹកឡើងវិញនូវប្រវេណីដ៏អង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនក្រុង ក្នុងអំឡុងខែមេសាប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំក្រុងកឹងធើ បានគូសបញ្ជាក់៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ គឺជាព្រឹត្តិការណ៍យ៉ាងត្រចះត្រចង់ក្នុងប្រវត្តិសាស្រ្តជាតិ កត់សម្គាល់ការឯកភាពទឹកដី បង្ហាញពីឆន្ទៈខ្លួនទីពឹងខ្លួននៃប្រជាជនវៀតណាម។ល។ រាល់ជំហានឆ្ពោះទៅមុខរបស់ក្រុងកឹងធើ ក្នុងរយៈពេល ៥០ ឆ្នាំកន្លង សុទ្ធសឹងបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គី ស្វាហាប់ និងច្នៃប្រតិដ្ឋ ផ្ដើមពីនោះ បានរួមចំណែកក្នុងបុព្វហេតុការពារមាតុភូមិនិងកសាងប្រទេសជាតិ។ ខួបអនុស្សាវរីយ៍៥០ឆ្នាំ ទិវារំដោះភាគខាងត្បូង មិនត្រឹមតែជាឱកាសសម្រាប់ក្រុងកឹងធើ គោរពដឹងគុណចំពោះការលះបង់មិនអាចកាត់ថ្លៃបានប៉ុណ្ណោះទេ នៅទាំងជាឱកាសដើម្បីពូនជ្រំនូវក្តីមោទនៈ ទឹកចិត្តស្នេហាជាតិសម្រាប់មនុស្សជំនាន់បច្ចុប្បន្ននេះផង។ នេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រុងកឹងធើនិងទូទាំងប្រទេសបន្តឈានឡើងកសាងប្រទេសជាតិកាន់តែសម្បូរសប្បាយ រុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕
កាសែតកឹងធើភាសាខ្មែរ - ថាច់ធី