បងថាច់មិញកាញ លេខាសាខាបក្សនិងជាប្រធានភូមិរួមមិត្ត ឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ។ គាត់តែងបំពេញភារកិច្ចរបស់ខ្លួនដើម្បីប្រជាជន។

បងថាច់ មិញកាញ។
ផ្ដើមពីការយកចិត្តទុកដាក់ក្នុងការងារ បងថាច់មិញកាញ បានរួមចំណែកធ្វើឱ្យភូមិរួមមិត្តមានការរីកចម្រើន។ តាមប្រសាសន៍បងថាច់មិញកាញ សាខាបក្សបានសហការជាមួយនឹងសមាគមកសិករឃុំ ណែនាំបទពិសោធន៍ជូនមាមីងផ្លាស់ប្ដូរពូជដំណាំសមស្របនឹងប្រភេទដីនិងតំបន់នីមួយៗ។ ជំរុញទឹកចិត្តមាមីងខ្នះខ្នែងចូលរួមវគ្គហ្វឹកហ្វឺន សិក្ខាសាលា ដោះដូរបទពិសោធន៍និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ដើម្បីបង្កើនទិន្នផលនិងគុណភាព។
បងថាច់មិញកាញ ឱ្យដឹង៖ “ភូមិរួមមិត្តមានជនជាតិខ្មែរជាង ៣៥០ គ្រួសារ រស់នៅដោយផ្អែកលើរបរកសិកម្ម ម្ល៉ោះហើយចាំបាច់ត្រូវមានផ្លូវថ្នល់ដើម្បីដឹកជញ្ជូនកសិផល សម្ភារៈកសិកម្ម និងមានប្រព័ន្ធធារាសាស្រ្តដើម្បីធានាប្រភពទឹកផ្គត់ផ្គង់ការផលិត។ ដូច្នោះហើយ ខ្ញុំបានចលនាមាមីងបរិច្ចាគដី ដើមឈើកសាងផ្លូវបេតុងក្នុងភូមិរួមមិត្ត ជួយមាមីងផ្លាស់ប្ដូរពូជដំណាំ លើកកម្ពស់តម្លៃផលិតកសិកម្ម។ ឆ្លងតាមរយៈនោះ មាមីងក្នុងភូមិជាសន្សឹមៗចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន នៅភូមិរួមមិត្តមានគ្រួសារក្រីក្រត្រឹម ២ គ្រួសារ គ្រួសារប្រកៀកបន្ទាត់ក្រត្រឹម ២ គ្រួសារ ដែលភាគច្រើនគ្មានដីផលិតកម្មនិងខ្វះដើមទុន។ លេខាសាខាបក្សភូមិបានចាត់បក្ខជនម្នាក់ៗទទួលបន្ទុកណែនាំពីរបីគ្រួសារក្រីក្រ ដើម្បីជួយពួកគាត់ចេះរបៀបរកស៊ីមានប្រសិទ្ធភាពនិងលំនឹងជីវភាព”។

បងថាច់មិញកាញ (អង្គុយខាងមុខរាប់ពីស្ដាំ) កំពុងប្រជុំជាមួយនឹងកម្មាភិបាលឃុំលឿងហ្វា A។
ដើម្បីធ្វើជាគំរូ បងថាច់មិញកាញ តែងខ្នះខ្នែងបង្កបង្កើនផលដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ចលនាមាមីងបរិច្ចាគដីកសាងផ្លូវ បង្ហាញពីលក្ខណៈឈានមុខ គំរូក្នុងសាខាបក្សនិងចំពោះមុខប្រជាជន ជាពិសេសគឺក្នុងជនរួមជាតិខ្មែរក្នុងភូមិ។ គ្រួសារបងថាច់មិញកាញ បានបរិច្ចាគដីជាង ២០០ ម៉ែត្រការ៉េសម្រាប់កសាងផ្លូវក្នុងភូមិរួមមិត្ត។ ក្នុងការពង្រីកទម្រង់ដាំដំណាំរួមផ្សំលើវាលស្រែគួបផ្សំនឹងចិញ្ចឹមគោ បងមិញកាញ តែងជួយគាំទ្រ ពិគ្រោះយោបល់ដល់កសិករជាច្រើន និងចលនាប្រជាជនចូលរួមកាប់ឆ្ការគុម្ពោតព្រៃស៊ុបទ្រុប អនាម័យបរិស្ថាន ដាំដើមឈើបៃតង។ល។
លោក វ៉វ៉ាន់ហុក អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំលឿងហ្វា A បានបញ្ជាក់៖ “បងថាច់មិញកាញ បានប្រជាជនទំនុកចិត្តខ្ពស់។ គ្រួសារគាត់តែងឈានមុខក្នុងចលនាផលិតកម្ម។ បងថាច់មិញកាញ បានរួមចំណែកជួយឱ្យជីវភាពរបស់មាមីងខ្មែរនៅភូមិរួមមិត្ត កាន់តែសម្បូរសប្បាយ សាមគ្គីរួមជាមួយភូមិភាគកសាងជនបទថ្មី”៕
សើុងម៉ាល័យ - ថាច់ធី