បងឡឹមឡែន នៅភូមិទំពក់សក់ ឃុំមីធ្វឹង ស្រុកមីទូ ខេត្តសុកត្រាំង តែងឧស្សាហ៍ព្យាយាមប្រកបការងារ ខ្នះខ្នែងអភិវឌ្ឍសេដ្ឋកិច្ច ហេតុនោះទើបគ្រួសារគាត់ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
បងឡឹមឡែន សប្បាយចិត្តព្រោះដំណាំស្ពៃផ្កាលូតលាស់ល្អ។
ពីរនាក់ប្តីប្រពន្ធសុទ្ធតែជាអ្នកកើតក្នុងគ្រួសារក្រីក្រ ម្ល៉ោះហើយ បន្ទាប់ពីរៀបការរួចប្តីប្រពន្ធបងឡឹមឡែន បានទៅខេត្តឡុងអាងធ្វើជាកម្មករ។ ក្រោយពី ៩ ឆ្នាំ ខិតខំប្រឹងប្រែងធ្វើការ និងប្រិតសំចៃគាត់ក៏សន្សំបានដើមទុនមួយចំនួន រួចបានវិលត្រឡប់មកផ្ទះវិញ ដើម្បីវិនិយោគលើទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ច។ បងឡែន ទិញដីចម្ការបាន ២ កុងនិងដីស្រែបាន ៥ កុង ហើយដើមទុនដែលនៅសេសសល់ទាំងប៉ុន្មានគាត់សង់រោងចិញ្ចឹមគោ និងវិនិយោគឱ្យប្រពន្ធលក់ដូរនៅផ្សារធ្វឹងហឹង។ ប្តីប្រពន្ធបងឡែន ប្តេជ្ញាចិត្តធ្វើមាននៅលើទឹកដីស្រុកកំណើត។ បងឡែន ឱ្យដឹង៖ “ធ្វើជាកម្មករមានប្រាក់ចំណូល ប៉ុន្តែប្តីប្រពន្ធខ្ញុំសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ដើម្បីចិញ្ចឹមកូនរៀនសូត្រផង និងមើលថែទាំម្តាយចាស់ផង។ ព្រោះហេតុនោះ ពេលទិញបានដីស្រែនិងដីចម្ការ ខ្ញុំប្តេជ្ញាចិត្តត្រូវតែខិតខំរកស៊ី ដើម្បីចាកផុតពីភាពក្រីក្រ មិនទុកឱ្យកូនក្រខ្សត់ដូចខ្ញុំ”។ ចំពោះការប្ដេជ្ញាចិត្តនោះ គាត់តែងអនុវត្តបច្ចេកទេសក្នុងការធ្វើស្រែដាំដំណាំរួមផ្សំនិងថែទាំគោ។ ដោយការរស់នៅចេះប្រិតសំចៃ ហេតុនោះគ្រាន់តែប៉ុន្មានឆ្នាំក្រោយមកគាត់សង់បានផ្ទះមួយខ្នងមានតម្លៃជាង ៥០០ លានដុង។
ផ្តើមពីការចិញ្ចឹមគោ ទើបគ្រួសារបងឡឹមឡែន សន្សំសំចៃសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ។
ពេលមានលំនៅឋានលំនឹង ប្តីប្រពន្ធបងឡែន កាន់តែប្តេជ្ញាចិត្តជាងទៀតក្នុងការរកស៊ី។ ពេលបានរដ្ឋអំណាចឧបត្ថម្ភបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម គាត់បានទិញគោបន្ថែមមកចិញ្ចឹម។ បច្ចុប្បន្ន គ្រួសារគាត់មានគោ ៥ ក្បាល ក្នុងនោះគោមេ ២ ក្បាល។ តាមប្រសាសន៍របស់បងឡែន ចាប់ពីឆ្នាំ២០១៦ មក គឺកន្លង២ឆ្នាំខ្ញុំលក់គោ២ក្បាល តម្លៃជាង ១៥លានដុង/ក្បាល។ បងឡែន ឱ្យដឹងបន្ថែម៖ “ប្តីប្រពន្ធខ្ញុំស្រុះចិត្តគំនិតគ្នា ម្ល៉ោះហើយតែងយកចិត្តទុកដាក់ប្រកបការងារ ធ្វើយ៉ាងណាដើម្បីកសាងគ្រួសារសម្បូរសប្បាយ សុភមង្គល។ ខ្ញុំគិតគូរការងារស្រែចម្ការ ចិញ្ចឹមគោ ដាំដំណាំរួមផ្សំ ចំណែកប្រពន្ធលក់ផ្លែឈើនៅផ្សារ ហេតុនោះរកបានប្រាក់ចំណូលរាល់ថ្ងៃ ជីវភាពក៏ធូរធារបន្តិចម្ដងៗ”។
បងសើុងណាឃាតា លេខាសាខាបក្សភូមិ ទំពក់សក់ ឱ្យដឹង៖ “ប្តីប្រពន្ធបងឡឹមឡែន មានការប្ដេជ្ញាចិត្តខ្ពស់ ជម្នះក្រខ្សត់ដើម្បីធ្វើឱ្យគ្រួសារក្លាយជាគ្រួសារធូរធារនៅភូមិភាគដោយបាតដៃទាំងទ្វេ និងកម្លាំងពលកម្មរបស់ខ្លួន។ ផ្តើមពីបាតដៃទទេស្អាត ក្រោយពីប៉ុន្មានឆ្នាំខិតខំធ្វើការរកស៊ី ឥឡូវ បងឡែន សង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ ទិញដីបាន៧កុង សម្រាប់បង្កបង្កើនផលនិងមានទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។ និយាយពីឈ្មោះបងឡែន មាមីងក្នុងភូមិអ្នកណាក៏ស្ងើចសរសើរ គាត់មានអត្តចរិតស្លូតបូត មានស្មារតីអត់ធ្មត់ និងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ”៕
លីធាន-វិមាន