ច្រើនឆ្នាំកន្លង ខេត្តហូវយ៉ាង បានអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋអំពីការងារជនជាតិនិងកម្មវិធីទិសដៅជាតិ។ ទន្ទឹមនឹងនោះ ជាមួយការខិតខំឈានឡើង ឃើញថា ជីវភាពរបស់ជនរួមជាតិភាគតិចក្នុងខេត្តកាន់តែមានភាពរីកចម្រើនជាវិជ្ជមាន។
មានគ្រួសារខ្មែរជាច្រើននៅខេត្តហូវយ៉ាង បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារអាស្រ័យ
ទម្រង់ចិញ្ចឹមអន្ទង់ដោយមិនប្រើភក់។
មុនឆ្នាំ២០១៥ គ្រួសារលោក លីនី នៅភូមិ៥ ឃុំសាភៀង ស្រុកឡុងមី ឋិតក្នុងក្រមខណ្ឌគ្រួសារក្រីក្រ។ ចាប់ពីឆ្នាំ២០១៥ ដោយការជំនួយដើមទុនពីភូមិភាគ និងការខិតខំប្រឹងប្រែងរៀនសូត្របទពិសោធន៍ គ្រួសាររបស់គាត់ចាប់ផ្តើមបង្កើតហ្វូងជ្រូក។ ក្រោយពីលក់និងទូទាត់រួចស្រេច គ្រួសារគាត់នៅចំណេញបានប្រាក់ពី ៨០ ទៅ ៩០ លានដុងក្នុងមួយឆ្នាំ។ មិនឈប់ត្រឹមនេះ នៅឆ្នាំ២០១៩ គាត់បានវិនិយោគលើការចិញ្ចឹមអន្ទង់ និងធ្វើការឈ្នួលនៅពេលទំនេរ។ ហេតុនេះ គ្រួសារគាត់បានរួចចាកពីភាពក្រីក្រ ឈានឡើងធូរធារ។
លោកលីនី បានចែករំលែកថា អស់រយៈពេលប្រហែល៣ឆ្នាំមកនេះ ផ្តើមពីការចិញ្ចឹមជ្រូក អន្ទង់ និងធ្វើការឈ្នួល គ្រួសារលោករកបានប្រាក់ចំណូលប្រមាណ១៥០ លានដុងក្នុងមួយឆ្នាំៗ។ នាពេលខាងមុខ លោកនឹងពង្រីកផ្ទៃដីចិញ្ចឹមអន្ទង់ ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ។ បើតាមលោកលីនី ការចាកផុតពីភាពក្រីក្រសម្រាប់គ្រួសារដែលមានដីតិចតួច និងខ្វះដើមទុនមិនមែនជារឿងងាយស្រួលនោះទេ ក្រៅពីការឧបត្ថម្ភពីគោលនយោបាយ ត្រូវតែមានការប្តេជ្ញាចិត្ត ឧស្សាហ៍ព្យាយាមក្នុងការសង្កេតសិក្សា និងជ្រើសរើសបានទម្រង់រកស៊ីល្អៗដែលមានប្រសិទ្ធភាព។
លោកដាំងហ្វាងវ៉ូវ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនស្រុកឡុងមី បានឱ្យដឹងថា ឡុងមីមានគ្រួសារជនជាតិភាគតិចជាង២.៤០០ គ្រួសារ ដោយមានប្រជាជនជាង៩.៦២០ នាក់។ ក្នុងនោះ ជនជាតិខ្មែរមានជាង៩.០៦០ នាក់ ជនជាតិចិនមានជាង៥៥០ នាក់។ រយៈពេលកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចស្រុកឡុងមី តែងយកចិត្តទុកដាក់អនុវត្តការងារជនជាតិលើវិស័យជាច្រើន អាស្រ័យហេតុនោះ ជីវភាពរបស់ជនជាតិភាគតិចមានការផ្លាស់ប្តូរជាវិជ្ជមាន។
យោងតាមប្រសាសន៍លោក ត្រឿងកាញ់តៀង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង មកទល់ពេលនេះ គ្រួសារក្រីក្រក្នុងជនជាតិភាគតិចទូទាំងខេត្តនៅ៩៤៨ គ្រួសារ ស្មើនឹង១០,៧% នៃចំនួនគ្រួសារជនជាតិភាគតិច ស្មើនឹង១៤,៣៤% នៃចំនួនគ្រួសារក្រីក្រសរុបក្នុងខេត្ត; គ្រួសារប្រកៀកបន្ទាត់ក្រនៅជាង៥០០ គ្រួសារ ស្មើនឹង៦,២% និង៧,៤៨% រៀងគ្នា។ បើប្រៀបនឹងឆ្នាំ២០១៩ គិតតែគ្រួសារជនជាតិភាគតិច គ្រួសារក្រីក្របានថយចុះ៤១,៣% ហើយគ្រួសារប្រកៀកបន្ទាត់ក្របានថយចុះ២៣,៦៣%។ នាពេលខាងមុខ ខេត្តនឹងបន្តផ្តល់អាទិភាពដល់ការកៀរគរ និងរួមបញ្ចូលប្រភពវិនិយោគអភិវឌ្ឍរចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ធានាថា គ្រួសារជនជាតិភាគតិចបានប្រើប្រាស់បណ្តាញអគ្គិសនីជាតិ ទទួលបានបច្ចេកវិទ្យាព័ត៌មាននិងការផ្លាស់ប្តូរឌីជីថល ដើម្បីបម្រើដល់ការផលិតនិងតម្រូវការប្រចាំថ្ងៃ។ ខេត្តបានពង្រីកប្រភពធនធាន ទាញយកសក្តានុភាព និងឧត្តមភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច។ ជំរុញការបង្វែរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មជនបទនិងបង្វែរចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមនៅតំបន់ជនជាតិភាគតិច ឆ្ពោះទៅរកការផលិតមុខទំនិញផ្សារភ្ជាប់ទៅនឹងទីផ្សារ៕
យោងតាមកាសែតជនជាតិនិងតំបន់ភ្នំ - សុផន