បញ្ចប់ការសិក្សាផ្នែកភាសាចិន សាកលវិទ្យាល័យត្រាវិញនៅខែមីនា ឆ្នាំ២០២៤ និស្សិតឆ្នើម ង្វៀងគឹមឡាយ ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលចិន (CSC) ។ នេះគឺជាអាហារូបករណ៍កិត្តិយសរបស់រដ្ឋាភិបាលចិន ផ្តល់ជូននិស្សិតអន្តរជាតិ គិតជាតម្លៃទឹកប្រាក់សរុបដល់ទៅ ១,២ ពាន់លានដុង។
ង្វៀងគឹមឡាយ (ខាងឆ្វេង) រួមជាមួយទីប្រឹក្សារៀនសូត្រនិងមិត្តភក្តិក្នុងថ្ងៃទទួលសញ្ញាបត្រ។
មានកំណើតនៅឃុំអាងទ្រឿង ស្រុកកាងឡុង ខេត្តត្រាវិញ ង្វៀងគឹមឡាយ ចាប់ផ្តើមដំណើរការរៀនសូត្ររបស់ខ្លួនផ្នែកគិលានុបដ្ឋាក ជាការជ្រើសរើសមួយដែលពោរពេញទៅដោយអត្ថន័យចំពោះសេចក្តីប្រាថ្នាថែទាំសុខភាពសហគមន៍។ ថ្វីដ្បិតដូច្នោះក្តី ក្រោយពីមួយរយៈរៀនសូត្រនិងសាកល្បងពិសោធន៍ គឹមឡាយ ដឹងថាខ្លួនគេមានចំណូលចិត្តមួយទៅលើការរៀន និងបង្ហាត់បង្រៀនភាសា ពិសេសភាសាចិនតែម្តង។ ផ្តើមពីនោះ គឹមឡាយ សម្រេចចិត្តប្តូរពីផ្នែកគិលានុបដ្ឋាក ងាកមករៀនផ្នែកភាសាចិនវិញ។
នេះជាការសម្រេចចិត្តមួយមិនងាយស្រួលនោះទេ ពីព្រោះខាងក្រោយភាពផ្លាស់ប្ដូរនេះ គឹមឡាយ ត្រូវប្រឈមមុខនឹងការលំបាកជាច្រើនក្នុងដំណាក់កាលខាងដើមអាស្រ័យខ្វះមូលដ្ឋានគ្រឹះផ្នែកភាសា ហើយត្រូវរៀនបន្ថែមឯកតាសិក្សាជាច្រើនដើម្បីតាមទាន់មិត្តភក្តិរួមថ្នាក់។ ប៉ុន្តែដោយការអត់ធ្មត់ព្យាយាមនិងខិតខំប្រឹងប្រែងជាសន្សឹមៗ គឹមឡាយ បានឆ្លងផុតរួចឈានឡើងក្នុងការរៀនសូត្រ។ ចាប់ផ្តើមពីត្រីមាសទី II ឆ្នាំដំបូង គឹមឡាយ មិនត្រឹមតែតាមទាន់មិត្តភក្តិរួមថ្នាក់ប៉ុណ្ណោះទេ ថែមទាំងសម្រេចបានពិន្ទុខ្ពស់បំផុតទៀតផង។
ង្វៀងគឹមឡាយ (ឈរកណ្ដាល) រួមជាមួយគ្រួសារក្នុងថ្ងៃទទួលសញ្ញាបត្រ។
ក្នុងរយៈពេលរៀនសូត្រ គឹមឡាយ ទទួលបានជំនួយពីប្រភពអាហារូបករណ៍ជាច្រើននៅសាកលវិទ្យាល័យត្រាវិញ រួមមានអាហារូបករណ៍ជំរុញការរៀនសូត្រ អាហារូបករណ៍សម្រាប់និស្សិតដែលមានជីវភាពខ្វះខាតមានស្នាដៃឆ្នើម និងអាហារូបករណ៍សម្រាប់យុវតីសិស្សមានស្នាដៃឆ្នើមជាដើម។ ប្រភពអាហារូបករណ៍នេះ ជួយឱ្យ គឹមឡាយ មានកម្លាំងចលករបន្ថែមនិងមានឱកាសផ្តុំកម្លាំងរៀនសូត្រ បើកពង្រីកបញ្ញាបន្ថែម លើកស្ទួយសមត្ថភាពភាសាអង់គ្លេស និងរៀនបន្ថែមភាសាថ្មីៗ ដូច៖ ភាសាជប៉ុន កូរ៉េ ជាដើម។
យុវតីសិស្សរូបនេះចាប់ផ្តើមធ្វើការនៅមជ្ឈមណ្ឌលភាសាបរទេស - ព័ត៌មានវិទ្យា Victory (សាកលវិទ្យាល័យត្រាវិញ) ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៣ ផ្តើមពីតួនាទីគ្រប់គ្រងអ្នកស្ម័គ្រចិត្តអន្តរជាតិ អ្នកជំនួយបង្រៀន និងជាគ្រូបង្រៀនភាសាចិននៅមជ្ឈមណ្ឌល ខណៈពេលទើបទទួលបានសញ្ញាបត្រ។
ង្វៀងគឹមឡាយ ឱ្យដឹង៖ “ការជួយឧបត្ថម្ភរបស់ លោកគ្រូ អ្នកគ្រូក្នុងមហាវិទ្យាល័យ និងការជំរុញទឹកចិត្តរបស់គ្រួសារ បានជួយឱ្យប្អូនមានកម្លាំងចលករបន្ថែមរៀនសូត្រនិងសិក្សាស្រាវជ្រាវ។ តាមលិខិតប្រកាសចូលរៀន ខែកញ្ញា ឆ្នាំ២០២៤ ប្អូនទៅប្រទេសចិន ចាប់ផ្តើមដំណើរការរៀនសូត្រ ស្រាវជ្រាវ; ប្អូននឹងបន្តខិតខំប្រឹងប្រែង ថ្ងៃក្រោយវិលត្រឡប់មកបន្តការងារនៅមហាវិទ្យាល័យភាសាចិន”៕
យោង៖ Báo Giáo dục và Thời đại - ប្រែសម្រួល៖ លីសៀ