សម្រេចបានកិត្តិនាមសិស្សពូកែជាច្រើនឆ្នាំបន្តបន្ទាប់ សមណសិស្ស ហឿហ៊ុងធូវ រៀនថ្នាក់ ទី ១២ ត្រូវបានសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ពិនិត្យទទួលអាហារូបករណ៍លឿងឌិញកួររបស់ខេត្តសុកត្រាំង ចំនួន៣លើក។ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី សមណសិស្សហឿហ៊ុងធូវ មានកិត្តិយសបានសាលាជ្រើសឱ្យថ្លែងសុន្ទរកថា តំណាងសិស្ស មានចំណាប់អារម្មណ៍អំពីសាលា គ្រូបង្រៀននិងការប្តេជ្ញាចិត្តក្នុងការរៀនសូត្រ។
សមណសិស្សហឿហ៊ុងធូវ តំណាងសិស្សថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។
សុន្ទរកថារបស់សមណសិស្សហឿហ៊ុងធូវ សង្កត់ធ្ងន់៖ “អាត្មាភាពថ្លែងអំណរគុណចំពោះរដ្ឋដែលបានសាងសង់សាលានេះឡើង ដើម្បីឱ្យព្រះសង្ឃនៅតាមវត្តខ្មែរក្នុងខេត្តក្រុងតំបន់ណាមបូ មានលក្ខណៈសម្រាប់បន្តការសិក្សា។ ពិសេស រៀននៅសាលានេះបានទទួលរបបគោលនយោបាយអាទិភាពរបស់រដ្ឋពេញលេញ លោកគ្រូ អ្នកគ្រូរបស់សាលាតែងផ្តល់ភាពកក់ក្តៅ យកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន ផ្តល់ជាកម្លាំងចលករដ៏ធំធេងដល់សមណសិស្សគ្រប់អង្គ កាន់តែប្តេជ្ញាចិត្តខំប្រឹងរៀនសូត្រ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត”។ ជាមួយទឹកចិត្តពោរពេញដោយក្តីស្រឡាញ់របស់លោកគ្រូ អ្នកគ្រូ ថែមទាំងបានរដ្ឋផ្តល់អាហារូបករណ៍ប្រចាំខែ ផ្តើមពីនោះ ជួយឱ្យសមណសិស្ស ហឿហ៊ុងធូវ ស្ងប់អារម្មណ៍រៀនសូត្រនិងសម្រេចបានកិត្តិនាមសិស្សពូកែរបស់សាលា។
សមណសិស្សហឿហ៊ុងធូវ (ខាងស្តាំ) ទទួលអាហារូបករណ៍លឿងឌិញកួរ
របស់ខេត្តសុកត្រាំង។
ក្រោយពីរៀនចប់ថ្នាក់ទី ៧ ហឿហ៊ុងធូវ បានសាងផ្នួសបួសរៀននៅវត្តបទុមវង្សាសំរោង សង្កាត់ទី៥ ក្រុងសុកត្រាំង ដើម្បីបានសិក្សាធម៌វិន័យ។ ក្នុងរយៈកាលបួសរៀន ដោយបានព្រះចៅអធិការវត្តបង្កលក្ខណសម្បត្តិឱ្យសិក្សាចប់ថ្នាក់បាលីរង ព្រះតេជព្រះគុណ បានចុះឈ្មោះជម្រើសសិស្សចូលរៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ តាមថេរដីការបស់សមណសិស្ស ហឿហ៊ុងធូវ តាំងពីកុមារ អាត្មាភាពមានបំណងចង់ធ្វើជាអ្នករចនាក្រាហ្វិច ដូច្នេះ អាត្មាភាពតែងយកព្រះទ័យទុកដាក់ក្នុងការសិក្សាផ្នែកសាសនានិងអក្សរសាស្ត្រ សិក្សាភាសាអង់គ្លេសនិងព័ត៌មានវិទ្យានៅមជ្ឈមណ្ឌល ដើម្បីមានចំណេះដឹងច្រើនត្រៀមលក្ខណៈបានល្អសម្រាប់ការប្រឡងចូលមហាវិទ្យាល័យ។ សមណសិស្សហឿហ៊ុងធូវ ពិតឱ្យដឹង៖ “ក្នុងការសិក្សា អាត្មាភាពខិតខំព្យាយាមរៀនសូត្រដើម្បីបង្កើនចំណេះដឹង ស្រាវជ្រាវ អានសៀវភៅអត្ថបទល្អៗជាច្រើន ស្វែងយល់ពីវិធីសាស្ត្រណែនាំរៀនសូត្រ ធ្វើលំហាត់ផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណែត។ អាត្មាភាពក៏បានត្រៀមមេរៀនបានល្អមុនពេលចូលសាលា ម៉្លោះហើយពេលគ្រូបង្រៀនពន្យល់មេរៀនអាត្មាឆាប់យល់ បើមានចំណុចអ្វីដែលថ្មីហើយមិនយល់ អាត្មាក៏សួរគ្រូបង្រៀនភ្លាមដើម្បីបង្កើនចំណេះដឹង។ ក្រៅពីនោះ អាត្មាភាពនៅទាំងរួមជាមួយសមណសិស្សក្នុងថ្នាក់រៀនក្រុម ដោះដូរចំណេះដឹងទៅវិញទៅមក ដើម្បីសម្រេចបានលទ្ធផលល្អបំផុតក្នុងការរៀនសូត្រ”។ ក្រៅពីការរៀនសូត្របានល្អ សមណសិស្សហឿហ៊ុងធូវ ថែមទាំងខ្នះខ្នែងចូលរួមរាល់សកម្មភាពចលនារបស់សម្ព័ន្ធយុវជនសាលាមាន ដូច “និទានរឿងអ៊ំ” “សរសេរកំណត់ត្រាប្រចាំថ្ងៃធ្វើតាមដំបូន្មានអ៊ំ ”; “ពាក្យបណ្តៅកម្សាន្តសម្រាប់បម្រើការសិក្សាបានល្អ”; “លើកកម្ពស់ការយល់ដឹងរបស់យុវជនចំពោះអាស៊ាន” ។ល។ ដូច្នេះ អាត្មាភាពមានចំណេះដឹងច្រើន ដើម្បីបម្រើការរៀនសូត្របានល្អ។
លោកគ្រូ ថាច់រិទ្ធ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង មានប្រសាសន៍៖ “សមណសិស្ស ហឿហ៊ុងធូវ មានចរិយាសម្បត្តិនិងសីលធម៌ល្អ តែងគោរពឱ្យតម្លៃគ្រូបង្រៀននិងអនុវត្តល្អតាមលក្ខន្តិកៈរបស់សាលា ជាគំរូឆ្នើមក្នុងការរៀនសូត្រ។ ក្រៅពីប្រឹងប្រែងរៀនសូត្រ សមណសិស្ស ហឿហ៊ុងធូវ នៅទាំងខ្នះខ្នែងជួយមិត្តរួមថ្នាក់ក្នុងការរៀនសូត្រ ដើម្បីសម្រេចបានលទ្ធផលល្អទាំងអស់អង្គ។ ខ្ញុំសង្ឃឹមថា សមណសិស្ស ហឿហ៊ុងធូវ នឹងប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិ ដើម្បីបំពេញក្តីស្រមៃឈានឆ្ពោះទៅមហាវិទ្យាល័យផ្នែករចនាក្រាហ្វិច”៕
យ្វីអាញ-មុនី