តាមថេរដីកាព្រះឧបជ្ឈាយ៍ ម៉ាយសែ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ក្រៅពីការយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ច ក្រុងកឹងធើក៏អនុវត្តយ៉ាងមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងនានា ដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនរួមជាតិខ្មែរ។
លក្ខណៈពិសេសនៃវប្បធម៌ខ្មែរ កំពុងបានថ្នាក់ដឹកនាំក្រុងកឹងធើនិង
ជនរួមជាតិខ្មែរព្រួតដៃអភិរក្ស។
ជាច្រើនឆ្នាំមកនេះ វត្តពិទូឃោសរង្សី និងវត្តមុនីរង្សី នៅខណ្ឌនិញកេវ បានទាក់ទាញសិស្សជនជាតិខ្មែរមួយចំនួនធំ មករៀនអក្សរខ្មែរនៅរដូវវិស្សមកាលនេះជាសកម្មភាពប្រចាំឆ្នាំរបស់វត្តទាំងពីរ។ យោងតាមថេរដីកា ព្រះតេជព្រះគុណលីហុង ព្រះចៅអធិការវត្តពិទូឃោសរង្សី ក្រៅពីការបង្រៀនអក្សរខ្មែរដល់សិស្ស វត្តក៏មានកុដិ សាលាសម្រាប់និស្សិតនិងព្រះសង្ឃខ្មែរនៅខេត្តនានានៃតំបន់វាលរាបទន្លេគឺវឡុងស្នាក់នៅ ដើម្បីសិក្សាមហាវិទ្យាល័យ និងអនុមហាវិទ្យាល័យលើភូមិសាស្រ្តក្រុងផងដែរ។ ស្នាក់នៅក្នុងវត្ត និស្សិតបានលើកលែងថ្លៃហូបចុក ថ្លៃភ្លើង ទឹកជាដើម ហេតុនេះ មាននិស្សិតក្រីក្ររាប់រយនាក់បានបញ្ចប់កម្មវិធីសិក្សា ហើយក្លាយជាកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិក សាធារណៈ ...។ លោកថាច់ហ្វាង នៅឃុំវិញប៊ិញ ស្រុកវិញថាញ់ ក្រុងកឹងធើ បានឱ្យដឹង៖ “ពេលកូនប្រុសខ្ញុំប្រឡងជាប់ចូលរៀនសកលវិទ្យាល័យកឹងធើ ខ្ញុំបានមកសូមព្រះចៅអធិការវត្តពិទូឃោសរង្សីឱ្យកូនស្នាក់នៅ។ កូនខ្ញុំសិក្សាជំនាញគរុកោសល្យ ដូច្នេះមិនបង់ថ្លៃសិក្សាទេ ព្រមទាំងបានវត្តជួយគិតគូរការហូបចុក ស្នាក់នៅ ទើបកូនខ្ញុំបានបញ្ចប់ការសិក្សាដូចបំណង។ និយាយតាមត្រង់ ប្រសិនបើគ្មានវត្តជួយឧបត្ថម្ភទេ ប្ដីប្រពន្ធខ្ញុំរស់នៅដោយការស៊ីឈ្នួល គឺមិនអាចគិតគូរឱ្យកូនរៀនចប់មហាវិទ្យាល័យបានឡើយ”។
ក្រៅពីការជួយឧបត្ថម្ភរបស់វត្តអារាម ការអភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិខ្មែរ ក៏ត្រូវបានគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ភូមិភាគសហការអនុវត្តល្អតាមកិច្ចចង្អុលការរបស់ក្រុង។ ព្រះតេជព្រះគុណ យឿងអាង ព្រះចៅអធិការវត្តសេតុត្តរ ស្រុកកើ-ដ មានថេរដីកា៖ ក្រុងបានឧបត្ថម្ភថវិកាជាង១០០លានដុង ដើម្បីជួសជុលឈាបនដ្ឋាន នៅឃុំថើយស្វឹង; ឧបត្ថម្ភថវិកា៣០០លានដុង សម្រាប់វត្ត បោះទូក-ងថ្មី។ល។ លោកចូវណាំ នៅភូមិថើយហ្វា B ទីប្រជុំជនកើ-ដ ស្រុកកើ-ដ បានរៀបរាប់៖ “សម្រាប់ជនរួមជាតិខ្មែរ ប្រណាំងទូក-ងគឺជាវិញ្ញាសាកីឡាប្រពៃណី បង្ហាញពីលក្ខណៈវប្បធម៌ដែលមិនអាចខ្វះបាន។ ការយកចិត្តទុកដាក់ឧបត្ថម្ភរបស់រដ្ឋ ដើម្បីជនរួមជាតិមានលក្ខណសម្បត្តិហាត់សម អុំប្រណាំង ធ្វើឱ្យយើងខ្ញុំមានអារម្មណ៍សប្បាយរីករាយនិងកាន់តែមានជំនឿចិត្ត ពេលបានរដ្ឋរួមដំណើរក្នុងការអភិរក្សវប្បធម៌ជនជាតិខ្មែរ”។
បច្ចុប្បន្ន នៅក្រុងកឹងធើ ការបង្រៀនអក្សរខ្មែរបានអនុវត្តតាំងពីថ្នាក់បឋមសិក្សាដល់ថ្នាក់ខ្ពស់ៗទៀត ទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ដោយឡែកសាលាជនជាតិអន្តេវាសិកក្រុងកឹងធើ រៀបចំបង្រៀនអក្សរខ្មែរដល់សិស្សកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ៕
ហាថាញ-សុផន