យោងតាមមាត្រា៣០ ក្រមរដ្ឋប្បវេណីឆ្នាំ២០១៥ បុគ្គលតាំងពីកើតមកគឺមានសិទ្ធិចុះបញ្ជីសំបុត្រកំណើត។ ហេតុដូច្នោះ ក្នុងករណីឪពុកម្ដាយមិនទាន់ចុះបញ្ជីអាពាហ៍ពិពាហ៍ នៅតែអាចចុះបញ្ជីសំបុត្រកំណើតឱ្យកូន។
រូបថតជាឧទាហរណ៍។
មាត្រា១៥ ច្បាប់អត្រានុកូលដ្ឋានឆ្នាំ២០១៤ បានកំណត់៖ ក្នុងរយៈពេល៦០ថ្ងៃ ចាប់ពីថ្ងៃសម្រាល ឪពុកឬម្ដាយមានកាតព្វកិច្ចលើការចុះបញ្ជីសំបុត្រកំណើតឱ្យកូន; ក្នុងករណីឪពុក ម្ដាយ មិនអាចចុះបញ្ជីសំបុត្រកំណើតឱ្យកូន គឺតាយាយ សាច់ញាតិផ្សេងទៀត ឬបុគ្គល អង្គការដែលកំពុងចិញ្ចឹមកុមារ មានកាតព្វកិច្ចចុះបញ្ជីសំបុត្រកំណើតឱ្យកុមារ។
ថ្វីបើដូច្នោះក្ដី ប្រសិនបើមិនទាន់ចុះបញ្ជីអាពាហ៍ពិពាហ៍ គឺកម្មាភិបាលអត្រានុកូលដ្ឋានមិនអាចកត់ត្រាព័ត៌មានពីឪពុករបស់កុមារចូលក្នុងខ្ទង់ព័ត៌មានរបស់ឪពុកបានឡើយ។
បើតាមគោលការណ៍ បើឪពុកម្ដាយមិនទាន់ចុះបញ្ជីអាពាហ៍ពិពាហ៍ នឹងស្ថិតក្នុងករណីមិនទាន់កំណត់បានឪពុក។ ពេលចុះបញ្ជីសំបុត្រកំណើត គឺគោត្តនាម ជនជាតិ ទីកន្លែងកំណើត សញ្ជាតិ នឹងត្រូវបានកំណត់តាមគោត្តនាមជនជាតិ ទីកន្លែងកំណើត និងសញ្ជាតិរបស់ម្ដាយ។ កន្លែងកត់ត្រាឈ្មោះឪពុក ក្នុងបញ្ជីអត្រានុកូលដ្ឋាននិងសំបុត្រកំណើតរបស់កុមារត្រូវទុកប្រឡោះទទេ។
អាស្រ័យហេតុនោះ ប្រសិនបើចង់សរសេរឈ្មោះឪពុកលើសំបុត្រកំណើតដើម្បីកូនមានគោត្តនាមតាមឪពុក គឺត្រូវអនុវត្តតាមបែបបទទទួលស្គាល់ឪពុកឱ្យកូនតាមសេចក្ដីកំណត់ត្រង់មាត្រា២៥ ច្បាប់អត្រានុកូលដ្ឋាន ឆ្នាំ២០១៤។
អ្នកសំណូមពរចុះបញ្ជីទទួលស្គាល់ឪពុក ម្ដាយ កូន ត្រូវដាក់លិខិតប្រកាសតាមគំរូដែលបានកំណត់និងភស្ដុតាងបញ្ជាក់ទំនាក់ទំនងឪពុកនិងកូន ឬម្ដាយនិងកូន ជូនភ្នាក់ងារចុះបញ្ជី អត្រានុកូលដ្ឋាន។ ពេលចុះបញ្ជីទទួលស្គាល់ឪពុក ម្ដាយ កូន ភាគីទាំងអស់ត្រូវមានវត្តមាន។
ប្រការនេះ ប្រសិនបើពិនិត្យឃើញការទទួលស្គាល់ឪពុក ម្ដាយ កូនគឺត្រឹមត្រូវ គ្មានជម្លោះទេ បុគ្គលិកគតិយុត្តិ- អត្រានុកូលដ្ឋាន នឹងកត់ត្រាក្នុងបញ្ជីអត្រានុកូលដ្ឋាន រួមជាមួយនឹងអ្នកចុះបញ្ជីទទួលស្គាល់ឪពុក ម្ដាយ កូន ចុះហត្ថលេខាក្នុងបញ្ជីអត្រានុកូលដ្ឋាន ហើយរាយការណ៍ជូនប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ដើម្បីចេញសេចក្ដីសម្រង់ជូនអ្នកសំណូមពរ។
ចំពោះករណីផ្ដល់អនុសាសន៍ឱ្យធ្វើតេស្ដ ADN។
ទាក់ទងនឹងការចាំបាច់ត្រូវធ្វើតេស្ដ ADN យោងតាមច្បាប់ អត្រានុកូលដ្ឋាន ឆ្នាំ២០១៤ ការធ្វើតេស្ដ ADN គឺមិនចាំបាច់រាល់ករណីចុះបញ្ជីសំបុត្រកំណើតនោះទេ។ ទោះបីដូច្នោះក្ដី ចំពោះករណីដូចខាងក្រោម ការធ្វើតេស្ដ ADN ត្រូវបានផ្ដល់អនុសាសន៍ឱ្យធ្វើ៖
ករណីទី១៖ ឪពុកនិងម្ដាយមិនទាន់ចុះបញ្ជីអាពាហ៍ពិពាហ៍ក្នុងរយៈពេលកូនកើតមក។
ករណីទី២៖ បែបបទឪពុកទទួលស្គាល់កូនមានជម្លោះ ក្រោយពីទទួលសំណុំរឿង តុលាការប្រជាជននឹងធ្វើបែបបទឪពុកទទួលស្គាល់កូន លិខិតធ្វើតេស្ដ ADN គឺចាំបាច់។
ករណីទី៣៖ បែបបទម្ដាយទទួលស្គាល់កូនសំបុត្រកំណើតមិនមែនជាឈ្មោះម្ដាយបង្កើត។
ករណីទី៤៖ ម្ដាយបង្កើតគ្មានលិខិតបញ្ជាក់កំណើត។
ករណីទី៥៖ ចុះបញ្ជីសំបុត្រកំណើតឱ្យកូនលើកដំបូង ខណៈពេលឪពុកឬម្ដាយជាជនបរទេស៕
យោង៖ កាសែតច្បាប់ក្រុងហូជីមិញ - ប្រែសម្រួល៖ ថាច់ធី