យោងតាមព័ត៌មានពីនាយកដ្ឋានបសុព្យាបាល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ តាំងពីដើមឆ្នាំមក បានកត់សម្គាល់សំបុករោគផ្ដាសាយបក្សី៦កន្លែង នៅភូមិភាគចំនួន៦ គឺបាក់និញ និញប៊ិញ ខាញ់ហ្វា បារៀ-វុងតាវ ឡុងអាង និងតៀងយ៉ាង។ ដំណាក់កាលនេះ កំពុងស្ថិតក្នុងវដ្ដនៃការផ្លាស់ប្ដូររដូវ អាកាសធាតុប្រែប្រួលខុសប្រក្រតី ជាឱកាសងាយស្រួលសម្រាប់វីរុសផ្ដាសាយបក្សីរីករាលដាល។
រូបថតជាឧទាហរណ៍។
ពាក់ព័ន្ធនឹងអ្នកជំងឺភេទប្រុសម្នាក់ (អាយុ២១ឆ្នាំ ជានិស្សិតមហាវិទ្យាល័យញ៉ាត្រាង) ស្លាប់ដោយសារជំងឺផ្ដាសាយបក្សី A/H5N1។ នាយកដ្ឋានសុខាភិបាលបម្រុង ក្រសួងសុខាភិបាល បានចេញឯកសារ ផ្ញើជូននាយកមន្ទីរសុខាភិបាលខាញ់ហ្វា សំណូមពរឱ្យបង្កើនការបង្ការ ប្រឆាំងជំងឺផ្ដាសាយបក្សីឆ្លងលើមនុស្ស។ នាយកដ្ឋានសុខាភិបាលបម្រុង សំណូមពរនាយកមន្ទីរសុខាភិបាលចង្អុលការដល់អង្គភាពក្រោមឱវាទ ធ្វើការត្រួតពិនិត្យនូវប្រភពឆ្លងរាលដាល វិនិច្ឆ័យបោសសម្អាតសំបុករោគ ដើម្បីម្ចាស់ការបង្ការ ប្រឆាំងជំងឺផ្ដាសាយបក្សីឆ្លងលើមនុស្ស។
ទន្ទឹមនឹងនោះ មន្ទីរសុខាភិបាលគ្រប់ខេត្ត គប្បីបង្កើនការត្រួតពិនិត្យ ដើម្បីប្រទះឃើញករណីកើតជំងឺថ្មីៗ ត្រៀមលក្ខណៈប្រមូលឱ្យស្នាក់នៅដាច់ដោយឡែក ព្យាបាលតាមការកំណត់របស់ក្រសួងសុខាភិបាល និងចង្អុលការមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺតម្កាត់ ធ្វើការផ្សព្វផ្សាយឱ្យបានទាន់ពេលនូវវិធានការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល; សហការជាមួយផ្នែកកសិកម្ម រដ្ឋអំណាចមូលដ្ឋាន ធ្វើការត្រួតពិនិត្យ ប្រទះឃើញសំបុករោគលើសត្វស្លាបបានឆាប់បំផុត។
ព្រមជាមួយនោះ មន្ទីរសុខាភិបាលគ្រប់ខេត្ត ក្រុង បង្កើនការផ្សព្វផ្សាយច្បាប់បង្ការ ការឆ្លងរាលដាលជំងឺផ្ដាសាយបក្សីលើមនុស្ស ពិសេស នៅកន្លែងដែលមានសត្វស្លាបងាប់ និងតំបន់ដែលមានហានិភ័យខ្ពស់ ត្រៀមបម្រុងថ្នាំពេទ្យ សម្ភារៈ សារធាតុគីមី មធ្យោបាយ ឱ្យបានគ្រប់សព្វ សម្រាប់ភូមិភាគចាត់វិធានការវិនិច្ឆ័យបោសសម្អាតសំបុករោគ។
ក្រសួងសុខាភិបាលបានកត់សម្គាល់ថា នាពេលខាងមុខនៅតែបង្កប់នូវហានិភ័យឆ្លងជំងឺផ្ដាសាយបក្សីលើមនុស្ស។ ជំងឺផ្ដាសាយបក្សីឆ្លងលើមនុស្ស សព្វថ្ងៃនេះមិនទាន់មានថ្នាំព្យាបាល ហើយក៏មិនទាន់មានវ៉ាក់សាំងបង្ការជំងឺនេះដែរ។ បច្ចុប្បន្ន មិនទាន់មានអំណះអំណាងថា ជំងឺផ្ដាសាយបក្សី A/H5N1 ឆ្លងពីមនុស្សម្នាក់ទៅម្នាក់នៅឡើយ វីរុស A/H5N1 គឺជាប្រភេទជំងឺដ៏កាចសាហាវ អ្នកដែលឆ្លងជំងឺភាគច្រើនគឺមានអាការៈប្រែទៅជាធ្ងន់ ហើយមានអត្រាស្លាប់ខ្ពស់(~៥០%)។
ដើម្បីម្ចាស់ការក្នុងការបង្ការ ប្រឆាំងជំងឺផ្ដាសាយបក្សី A/H5N1 ឆ្លងលើមនុស្ស ប្រជាជនគប្បីអនុវត្តឱ្យបានល្អនូវវិធានការទាំងឡាយ ដូចជា មិនទទួលទានសាច់សត្វស្លាប ផលិតផលដែលច្នៃពីសត្វស្លាបឈឺងាប់និងមិនច្បាស់ប្រភព; ធានាការហូបឆ្អិន ផឹកឆ្អិន; លាងដៃដោយសាប៊ូមុននឹងទទួលទានអាហារ។
ក្រៅពីនោះ ប្រជាជនមិនត្រូវពិឃាត ដឹកជញ្ជូន លក់ដូរសត្វស្លាបនិងផលិតផលច្នៃពីសត្វស្លាបមិនច្បាស់ប្រភព។ នៅពេលប្រទះឃើញសត្វស្លាបឈឺ ងាប់ ដាច់ខាតមិនត្រូវពិឃាតនិងប្រើប្រាស់ហូបចុក ត្រូវរាយការណ៍ទៅរដ្ឋអំណាចមូលដ្ឋាននិងអង្គភាពបសុព្យាបាលលើភូមិសាស្ត្រជាបន្ទាន់។
ប្រជាជនគួរតែកាត់បន្ថយការប៉ះ ការពិឃាតនិងទទួលទានសាច់សត្វព្រៃ ជាពិសេស គឺសត្វស្លាប។ ខណៈមានអាការៈផ្ដាសាយ ដូចជា គ្រុន ក្អក ចុកដើមទ្រូង ពិបាកដកដង្ហើមដែលពាក់ព័ន្ធនឹងសត្វស្លាប ត្រូវទៅកាន់មូលដ្ឋានសុខាភិបាលដើម្បីទទួលបានការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺឱ្យបានទាន់ពេល៕
ប្រភពៈ TTXVN - ប្រែសម្រួល៖ ពេជ្រសឿន