អស់រយៈពេលជាង១២ឆ្នាំផ្សារភ្ជាប់នឹងអាជីព លោកគ្រូត្រឹងសឹមហា គ្រូបង្រៀនសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងអស់ពីចិត្តចំពោះអាជីព ស្រឡាញ់សិស្សនិងសកម្មជួយមិត្តរួមអាជីព។
លោកគ្រូត្រឹងសឹមហា ទទួលប័ណ្ណសរសើររបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល
ក្នុងពិធីស្ងើចសរសើរគ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រងឆ្នើម។
ក្នុងនាមជាគ្រូបង្រៀនភាសាខ្មែរវ័យក្មេង លោកគ្រូត្រឹងសឹមហា តែងខិតខំរៀនសូត្រនិងស្រាវជ្រាវដោយខ្លួនឯងតាមរយៈសៀវភៅបង្រៀនក្នុងស្រុកនិងប្រទេសកម្ពុជា ដើម្បីមានវិធីសាស្ត្របង្រៀនល្អៗ។ ក្រៅពីនេះ លោកគ្រូសឹមហា ត្រូវបានសាលាចាត់ឱ្យបង្រៀនដល់ក្រុមសិស្សរៀនពូកែរបស់សាលា ដើម្បីចូលរួមប្រឡងសិស្សពូកែថ្នាក់ស្រុក និងខេត្ត។ ចាប់ពីឆ្នាំសិក្សា២០១៧ ដល់ឆ្នាំ ២០២៣ សិស្សដែលលោកគ្រូសឹមហា ណែនាំឈ្នះបានរង្វាន់ថ្នាក់ស្រុកចំនួន៣រង្វាន់ លេខ២ ១រង្វាន់ លេខ៣ចំនួន៤រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន៤រង្វាន់; ថ្នាក់ខេត្តទទួលបានរង្វាន់លេខ១ចំនួន២រង្វាន់ លេខ២ចំនួន១រង្វាន់ លេខ៣ចំនួន៤រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន៣។
ប្អូនឡឹមធីអៀងញ៉ឺ ជាសិស្សទទួលបានជ័យលាភីលេខ២ សម្រាប់សិស្សពូកែភាសាខ្មែរថ្នាក់ខេត្ត ឱ្យដឹង៖ “លោកគ្រូសឹមហា មានវិធីសាស្រ្តបង្រៀនភាសាខ្មែរល្អណាស់ ដូច្នេះពួកប្អូនយល់ខ្លឹមសារមេរៀនយ៉ាងលឿន។ លោកគ្រូបង្ហាញពីរបៀបរៀន មានវិធីសាស្រ្តបង្រៀនល្អៗដើម្បីសិស្សងាយចងចាំវេយ្យាករណ៍ខ្មែរ បកប្រែពីខ្មែរ-វៀតណាមវៀតណាម -ខ្មែរ និងគម្រោងតែងសេចក្តី ម្ល៉ោះហើយប្អូនធ្វើបានល្អនៅពេលប្រឡង។ លោកគ្រូសឹមហា មានចំណេះដឹងភាសាខ្មែរទូលំទូលាយ ពួកប្អូនសួរអ្វីលោកគ្រូឆ្លើយបានទាំងអស់ ឆ្លើយបានរហ័ស ត្រឹមត្រូវនិងងាយយល់ ដូច្នេះពួកប្អូនចូលចិត្តរៀនភាសាខ្មែរខ្លាំងណាស់”។
ក្នុងការបង្រៀន លោកគ្រូសឹមហា តែងតែអនុវត្តវិធីសាស្រ្តបង្រៀនថ្មីៗ ពង្រីកគំនិតសកម្ម ម្ចាស់ការច្នៃប្រតិដ្ឋរបស់សិស្ស ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាព។ រួមបញ្ចូលបរិស្ថានទាំង៣ ដើម្បីអប់រំសិស្ស “គ្រួសារ-សាលា-សង្គម”។ បង្កើត “មិត្តជឿនលឿន” ដើម្បីសិស្សពូកែ អមសិស្សខ្សោយ លោកគ្រូតែងសន្ទនា សាកសួរ ដើម្បីក្តាប់ពីគោលបំណងនិងមនោសញ្ចេតនារបស់សិស្ស សំដៅមានវិធានការជួយទាន់ពេល។ លោកគ្រូសឹមហា មានប្រសាសន៍៖ “ប្អូនៗរៀនអនុវិទ្យាល័យ វ័យនៅក្មេង ឆ្ងាយពីផ្ទះ ដូច្នេះគ្រូបង្រៀនគឺជាឪពុកម្តាយដែលប្អូនៗទុកចិត្តបំផុត។ ខ្ញុំតែងលើកទឹកចិត្តនិងជំរុញទឹកចិត្តប្អូនៗខិតខំរៀនសូត្រ ចុះសម្រុង រស់នៅសាមគ្គី និងចេះជួយគ្នាទៅវិញទៅមកក្នុងការសិក្សា។ ក្នុងការបង្រៀន អាស្រ័យលើសមត្ថភាពទទួលចំណេះដឹងរបស់សិស្សម្នាក់ៗ ខ្ញុំនឹងជ្រើសរើសវិធីសាស្ត្របង្រៀនដែលសមស្រប ដើម្បីធានាថាសិស្សយល់មេរៀន និងរៀនសូត្របានល្អបំផុត។ តាមដែលបានដឹងមកក្នុងឆ្នាំ២០១២ លោកគ្រូសឹមហា បានបញ្ចប់ការសិក្សាផ្នែកគរុកោសល្យផ្នែកវិចិត្រសិល្បៈ ហើយបានមកបំពេញការងារនៅអនុវិទ្យាល័យទូឌីម។ ដើម្បីបង្កើនជំនាញបម្រើការបង្រៀនភាសាខ្មែរឱ្យបានល្អ លោកគ្រូសឹមហា បានសិក្សាផ្នែកមហាវិទ្យាល័យគរុកោសល្យអក្សរសាស្ត្រខ្មែរនៅមហាវិទ្យាល័យត្រាវិញ ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៨។ បន្ទាប់មក លោកគ្រូក៏ត្រូវបានបញ្ជូនមកបង្រៀននៅអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកត្រឹងដេ រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោកគ្រូសឹមហា បានបញ្ចប់ថ្នាក់បកប្រែនៃគម្រោងបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការរបស់ខេត្ត។ ក្រៅពីនេះ លោកគ្រូក៏សកម្មស្រាវជ្រាវ និងជួយណែនាំអស់ពីចិត្តដល់គ្រូបង្រៀនក្នុងសាលាពីការអនុវត្តបច្ចេកវិទ្យាព័ត៌ មានក្នុងការបង្រៀនទទួលបានលទ្ធផលខ្ពស់។ តួយ៉ាងដូច៖ ទទួលបានរង្វាន់លេខ១ក្នុងការប្រឡង “បង្កើតឧបករណ៍សម្រាប់បង្រៀន” ថ្នាក់ស្រុក; រង្វាន់លេខ២ ថ្នាក់ខេត្ត ខាងវិញ្ញាសាប្រវត្តិវិទ្យា; រង្វាន់លើកទឹកចិត្តក្នុងការប្រឡង “បង្កើតឧបករណ៍សម្រាប់បង្រៀន” វិញ្ញាសាជីវវិទ្យាថ្នាក់ស្រុក។ លោកគ្រូសឹមហា ឱ្យដឹងបន្ថែម៖ “បច្ចុប្បន្ន ខ្ញុំបានដាក់ពាក្យសុំទៅសិក្សាថ្នាក់អនុបណ្ឌិតអក្សរសាស្ត្រខ្មែរនៅប្រទេសកម្ពុជា តាមគម្រោងសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ នេះក៏ជាឱកាសមួយដើម្បីជួយខ្ញុំលើកកម្ពស់ជំនាញភាសាខ្មែរ ដើម្បីបម្រើការបង្រៀនភាសាខ្មែរដល់សិស្សឱ្យកាន់តែល្អថែមទៀត”។
លោកគ្រូត្រឹងស៊ុង នាយកសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកត្រឹងដេ មានប្រសាសន៍៖ “លោកគ្រូត្រឹងសឹមហា គឺជាគ្រូបង្រៀនវ័យក្មេង មានភាពស្វាហាប់ មានឆន្ទៈក្នុងការរៀនសូត្រ អស់ពីចិត្តជួយមិត្តរួមអាជីព និងសម្រេចបានល្អភារកិច្ចដែលប្រគល់ឱ្យ។ លោកគ្រូមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀននិងយកចិត្តទុកដាក់គិតគូរអប់រំ សិស្សគ្រប់ផ្នែក។ ជាច្រើនឆ្នាំបន្តបន្ទាប់ លោកគ្រូត្រឹងសឹមហា ត្រូវបានទទួលស្គាល់ជាគ្រូបង្រៀនពូកែថ្នាក់សាលានិងថ្នាក់មូលដ្ឋាន។ យុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន និងទទួលបានប័ណ្ណសរសើរជាច្រើនពីគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង និងប័ណ្ណសរសើរពីក្រសួងអប់រំនិងបណ្តុះបណ្តាល”៕
លីធាន-មេងលី