និយាយពីស្ថានីយរថភ្លើងដាឡាត បើអ្នកណាធ្លាប់មកកាន់ទីក្រុងដ៏ទីមនោរម្យនេះប្រាកដជាស្គាល់។ ទៅកាន់ទីនោះនាដើមរដូវក្ដៅដូចសព្វថ្ងៃនេះ ភ្ញៀវទេសចរច្បាស់ជាលង់នឹងសម្រស់ផ្កាក្ងោកពណ៌ស្វាយនៅទីបញ្ចប់នៃស្ថានីយរថភ្លើងពុំខាន។
មកកាន់ស្ថានីយរថភ្លើងដាឡាត ភ្ញៀវទេសចរអាចថតរូប ដោយសេរី ដ្បិតអីទេស
ភាពនៅទីនោះស្រស់ស្អាតខ្លាំងណាស់។
ប្រហែលជាដើមក្ងោកនៅទីនេះមានតាំងពីយូរមកហើយ ទើបមានមែកសាខារយោនរយានល្មមដៃ។ ជាធម្មតា ដើមក្ងោកបានក្លាយជា “រុក្ខជាតិគំរូ” សម្រាប់ភ្ញៀវទេសចរពីម្នាក់ទៅម្នាក់មកថតរូបជាមួយ។ ក្រុងដាឡាត សម្បូរដើមក្ងោកពណ៌ស្វាយណាស់ នៅគ្រប់ដងវិថីក្នុងក្រុងតែងមានផ្កាក្ងោកពណ៌ស្វាយបង្អួតសម្រស់។ ប៉ុន្តែភាគច្រើនដើមក្ងោកនៅទីនោះខ្ពស់ៗ ចំណែកដើមផ្កាក្ងោកនៅស្ថានីយរថភ្លើងដាឡាត មានកម្ពស់ល្មមយកដៃតោង ទើបក្លាយជាកន្លែង “ទាក់ទាញភ្ញៀវ”។ និយាយឱ្យចំពេលអង្គុយលើរថភ្លើងចាកចេញពីស្ថានីយ សម្លឹងឃើញដើមក្ងោកចេះតែឆ្ងាយទៅៗ ហើយពណ៌ស្វាយចេះតែរលាយបាត់ទៅបន្តិចម្តងៗ ញុាំងឱ្យអារម្មណ៍សោកសៅមិនអាចពណ៌នាបាន។ ប៉ុន្តែផ្ទុយមកវិញ ពេលរថភ្លើងឆ្ពោះពីចម្ងាយមកកាន់ស្ថានីយ សម្លឹងឃើញពណ៌ស្វាយធំឡើងបន្តិចម្តងៗ ហើយកាន់តែច្បាស់ឡើងនៅកណ្ដាលលំហទិដ្ឋភាពដ៏បុរាណ ញុាំងឱ្យអារម្មណ៍រីករាយ ហាក់បីដូចជិតដល់កន្លែងណាត់ជួបគ្នាអ៊ីចឹង។ មានភ្ញៀវទេសចរជាច្រើនបានទៅកាន់គោលដៅតែមួយក្នុងរយៈពេលជាច្រើនឆ្នាំ ត្រឹមតែទៅកន្លែងណាមួយដើម្បីគយគន់ទិដ្ឋភាពតែប៉ុណ្ណោះ ដ្បិតអីវាស្អាតគួរឱ្យអាឡោះអាល័យ ហើយដើមផ្កាក្ងោកពណ៌ស្វាយគឺជាគោលដៅបែបនោះឯង។ ប៉ុន្តែស្ថានីយរថភ្លើងដាឡាតនៅមានទិដ្ឋភាពស្អាតៗជាច្រើនទៀត ពិសេស ខណៈពេលមិត្តអង្គុយផឹកកាហ្វេលើរថភ្លើងមើលអ្នករាល់គ្នាថតរូប គយគន់លំហទិដ្ឋភាព ដែលមានតាំងពីបុរាណ មានអារម្មណ៍ដូចបាន ល្ហែល្ហើយក្នុងដួងចិត្ត។
ពេលបានមកកាន់ទីនេះ ទើបភ្ញៀវទេសចរអាចយល់ច្បាស់ពីមូលហេតុដែលគេចាត់ទុកស្ថានីយរថភ្លើងដាឡាត ជាស្ថានីយរថភ្លើងបុរាណដ៏ស្រស់ស្អាតបំផុតនៅវៀតណាមនិងឥណ្ឌូចិន។ ព្រោះថា រចនាសម្ព័ន្ធសំណង់មានភាពស៊ីសង្វាក់គ្នា មានលក្ខណៈវិទ្យាសាស្រ្ត ហើយចំណែកខាងទ្រង់ទ្រាយគឺល្អឥតខ្ចោះ។ រថភ្លើងដាឡាតឋិតនៅតាមវិថីក្វាងទ្រុងសង្កាត់ ១០ ក្រុងដាឡាត។ ស្ថានីយរថភ្លើងដាឡាត ឋិតនៅលើផ្លូវរថភ្លើងប្រាសាទចាម- ដាឡាត តភ្ជាប់ក្រុងផ្សែងអ័ព្ទជាមួយនឹងឆ្នេរសមុទ្រផាងរ៉ាង ខេត្តនិញធ្វឹង។ ផ្លូវរថភ្លើងនេះមានប្រវែង៨៤គីឡូម៉ែត្រ ជាមួយនឹងកម្ពស់ខុសគ្នារបស់ដងផ្លូវទាំងមូលគឺ១.៥០០ម៉ែត្រ បានចាប់ផ្ដើមកសាងនៅឆ្នាំ១៩០៨ ដែលរចនាឡើងដោយស្ថាបត្យករជនជាតិបារាំងពីរនាក់គឺ Moncet និង Revéron។ នឹកឃើញដល់ភាពបត់បែន ជម្រាលភ្នំដែលឋិតនៅតាមដងផ្លូវតភ្ជាប់តីង្វៀនជាមួយនឹងបណ្ដាខេត្តមាត់សមុទ្រនៃភូមិភាគកណ្ដាល ទើបដឹងថា ផ្លូវរថភ្លើងនេះត្រូវបានកសាងហ្មត់ចត់យ៉ាងណា។ ស្ថានីយរថភ្លើងដាឡាត ត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ជាតិឆ្នាំ២០០១។ បច្ចុប្បន្ន ស្ថានីយរថភ្លើងនៅរក្សារថភ្លើងទេសចរណ៍មួយដោយមានក្បាលរថភ្លើង១និងថតអង្គុយចំនួន ៤ ដែលធ្វើដំណើរទៅមកស្ថានីយត្រាយម៉ាក សង្កាត់១១ ក្រុងដាឡាត ស្ថិតនៅទិសខាងកើត ចម្ងាយពីដាឡាត៧គីឡូម៉ែត្រ ចេញដំណើរមួយលើកប្រហែល២៥នាទី។ ពេលអង្គុយលើរថភ្លើង ភ្ញៀវទេសចរអាចគយគន់ទិដ្ឋភាពជាយក្រុងជាទីមនោរម្យក្នុងអាកាសធាតុត្រជាក់ ជួនកាលក៏មានភ្លៀងធ្លាក់ស្រិចៗទៀតផង៕
ហាថាញ-ថាច់ធី