សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង បានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលព្រះសង្ឃ កូនចៅជនរួមជាតិខ្មែរ និងបង្កបង្កើតប្រភពកម្មាភិបាលបំពេញការងារជនជាតិ សាសនារបស់ខេត្ត។
សមណសិស្សក្រោយពីបញ្ចប់ពុទ្ធិកសិក្សាបាលីរង នឹងត្រូវបានជម្រើសចូលរៀន
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។
បើតាមសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង រយៈពេល៥ឆ្នាំកន្លង សមាគមបានចលនាវត្តខ្មែរនានាលើភូមិសាស្ត្រខេត្ត បើកថ្នាក់ពុទ្ធិកបឋមសិក្សាបាន២១៧បន្ទប់ ដោយមានសមណសិស្សរៀនចំនួន២.៩៥៨អង្គ; ធម្មវិន័យ២០បន្ទប់(ថ្នាក់ត្រីនិងថ្នាក់ទោ) មានសមណសិស្សរៀន៤៥២អង្គ។ ទន្ទឹមនឹងនោះ គណៈប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បានសហការជាមួយនឹងការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុក ទីរួមខេត្ត ក្រុង រៀបចំសម័យប្រឡងសញ្ញាបត្រពុទ្ធិកបឋមសិក្សាឆ្នាំទី៤ ធ្វើតេស្តនិងពិនិត្យទទួលស្គាល់បញ្ចប់កម្មវិធីបឋមសិក្សាដល់សមណសិស្ស៣៧៨អង្គ។ នេះគឺជាមូលដ្ឋានដើម្បីសមណសិស្សបានជម្រើសចូលសិក្សាសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ព្រះតេជព្រះគុណឡឹមហ៊ីប ព្រះចៅអធិការវត្តទំនប់ មានថេរដីកា៖ “រៀងរាល់ឆ្នាំ វត្តខ្មែរនានាលើភូមិសាស្ត្រស្រុក បើកថ្នាក់ពុទ្ធិកសិក្សាបាន៦បន្ទប់ មានសមណសិស្សចូលរៀន៦១អង្គ។ ក្នុងនោះ វត្តទំនប់បើកថ្នាក់ពុទ្ធិកសិក្សា១បន្ទប់ មានសមណៈសិស្ស១៨អង្គ។ ក្រៅពីនេះ ដល់រដូវវិស្សមកាល វត្តបើកបង្រៀនអក្សរខ្មែរចាប់ពីថ្នាក់ទី១-៣ មានកូនចៅខ្មែររាប់រយនាក់មករៀន ម្ល៉ោះហើយរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សភាសានិងអក្សរសាស្ត្ររបស់ជនជាតិ”។
ថ្នាក់បង្រៀនពុទ្ធិកបឋមសិក្សានៅវត្តសិរីតាម៉ឺនឃុំវៀងប៊ិញ ស្រុកត្រឹងដេ។
លោកគ្រូថាច់ឫទ្ធិ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “ភាគច្រើនសមណសិស្សដែលបានជម្រើសចូលរៀន តែងបានវត្តខ្មែរនានាបណ្តុះបណ្តាល។ ពីព្រោះលក្ខឋានជម្រើសចូលរបស់សាលា គឺសមណសិស្សត្រូវបញ្ចប់សញ្ញាបត្របាលីរង។ អាស្រ័យដោយការយកចិត្តទុកដាក់របស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ក្នុងការបណ្តុះបណ្តាលពុទ្ធិកបឋមសិក្សា និងផ្តល់ជូនសញ្ញាបត្របាលីរងដល់ព្រះសង្ឃ បានជួយឱ្យសាលាសម្រេចបទដ្ឋានជម្រើសសិស្សត្រូវតាមផែនការ។ ចំពោះសមណសិស្សដែលបានជម្រើសចូលរៀន គឺបានស្នាក់នៅអន្តេវាសិកដ្ឋាន ទទួលបានរបបគោលនយោបាយគ្រប់សព្វរបស់រដ្ឋ។ ខណៈពេលសិក្ខាកាមរបស់សាលាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺបានផ្តល់ជូនសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាថ្នាក់១២និងសញ្ញាបត្រវិទ្យាល័យ ដើម្បីបន្តរៀនមហាវិទ្យាល័យផងដែរ”។
តាមថេរដីកាព្រះឧបជ្ឈាយ៍តាំងណោ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្តសុកត្រាំង ព្រះសង្ឃគ្រប់ព្រះអង្គស្នាក់នៅតាមវត្តនានា តែងហ្វឹកហាត់លត់ដំ រក្សាក្រឹត្យក្រមវិន័យតាមពុទ្ធប្បញ្ញត្តិ។ ប៉ុន្មានឆ្នាំមកនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តែងយកចិត្តទុកដាក់ដល់ការងារបណ្តុះបណ្តាល ដើម្បីបង្កបង្កើតប្រភពសមណសិស្សសម្រាប់សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ ក្រោយរយៈពេល២៩ឆ្នាំ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បណ្តុះបណ្តាលសមណសិស្សបានជាង១.៣០០អង្គ។ ក្នុងនោះ មានសមណសិស្សជាច្រើនក្រោយពីប្រឡងបញ្ចប់អនុមហាវិទ្យាល័យ មហាវិទ្យាល័យ ឬវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ក្លាយជាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកបម្រើការងារនៅតាមផ្នែកសុខាភិបាល សារព័ត៌មាន ស្ថានីយផ្សាយសំឡេង-ទូរទស្សន៍ កងទ័ពនគរបាល គណៈជនជាតិ គណៈសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិតាមខេត្ត ក្រុងតំបន់ណាមបូ៘៕
លីធាន- លីសៀ