27/11/2023 - 08:42

ដើម្បី​អនា​គត​ភ្លឺ​ស្វាង

ទូ​ទាំង​ខេត្ត​សុក​ត្រាំង មាន​ជាង​១៦៤.​០០០​គ្រួសារ​ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​កិត្តិ​នាម “គ្រួ​សារ​រៀន​សូត្រ” ក្នុង​នោះ មាន​គ្រួ​សារ​លោក​ថាច់សន នៅ​ភូមិ​សុក​បឹង ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង និង​គ្រួ​សារ​លោក​យ័ញ​នៅ នៅ​ភូមិ​ទ្រុង​ញឹក ឃុំ​ឡឹម​តឹង ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង។

បច្ចុប្បន្ន ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង តែង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​
ឱ្យកូនចៅបានទៅរៀនសូត្រ។

លោក​ថាច់​សន នៅ​ភូមិ​សុក​បឹង បាន​ជម្នះ​ភាព​ក្រីក្រ ដើម្បី​ចិញ្ចឹម​កូន​ទាំង​៤​នាក់​ឱ្យ​រៀន​សូត្រ​ដល់​ចប់​មហា​វិទ្យា​ល័យ។ លោក​ថាច់​សន បាន​ឱ្យដឹង៖ “គ្រួសារ​ខ្ញុំ​មាន​ដី​ស្រែ​ត្រឹម​តែ​១០​កុង ដូច្នេះ​ការ​ប្រ​កប​របរ​ធ្វើ​ស្រែ​ចម្ការ ដាំ​ដំ​ណាំ ចិញ្ចឹម​គោ និង​ជ្រូក។ល។ គឺ​លំ​បាក​ខ្លាំង​ណាស់ ហើយ​គ្រប់​តែ​សម្រាប់​ចិញ្ចឹម​ជីវិត​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ម្ល៉ោះ​ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​លំ​បាក​ដូច​ខ្លួន​ទេ ទើប​សម្រេច​ចិត្ត​ចិញ្ចឹម​កូនៗ​ឱ្យ​រៀន​សូត្រ​ដល់​ចប់​មហា​វិទ្យា​ល័យ។ ខណៈ​ពេល​ដែល​កូន​រៀននៅ​មហា​វិទ្យា​ល័យ ខ្ញុំ​បាន​បញ្ចាំ​ដី​ស្រែ​បន្តិច​ម្តងៗ ដើម្បី​គិត​គូរ​ការ​រៀន​សូត្រ​របស់​កូនៗ។ ពេល​កូន​៤​នាក់​រៀន​ចប់ ខ្ញុំ​ក៏​បញ្ចាំ​ដី​អស់​១០ កុង​ដែរ។ ជា​ការ​តប​ស្នង​វិញ​កូនៗ​របស់​ខ្ញុំ ឥឡូវ​ជា​គ្រូ​បង្រៀន​ជា​វេជ្ជ​បណ្ឌិត ហើយ​មាន​ជីវ​ភាព​ធូរ​ធារ។ សព្វ​ថ្ងៃ ខ្ញុំសប្បាយ​ចិត្ត​ណាស់​ដែល​ឃើញ​កូនៗ​បាន​ជោគ​ជ័យ”។

ចំ​ណែក​គ្រួសារ​លោក​យ័ញ​នៅ នៅ​ភូមិ​ទ្រុង​ញឹក ក៏​បាន​ជម្នះ​ភាព​ក្រី​ក្រ ដើម្បី​ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ជោគ​ជ័យ​ដែរ។ បើ​តាម​លោក​យ័ញ​នៅ កាល​ពី​មុន គ្រួ​សារ​គាត់​មាន​ដី​ស្រែ​តែ​ពីរ​បី​កុង​ប៉ុណ្ណោះ ដូច្នេះ​ដើម្បី​មាន​ប្រាក់​គិត​គូរ​ឱ្យ​កូនៗ​រៀន​សូត្រ ប្រ​ពន្ធ​របស់​គាត់ ឈ្មោះសឺន​ធី​ឡាង បាន​ក្រោក​ពី​ព្រ​លឹម ដើម្បី​ចម្អិន​បបរ​លក់​ឱ្យ​សិស្ស​សាលា​និង​មាមីង​ក្នុង​ភូមិ​ស្រុក; ពេល​ថ្ងៃ​ត្រង់​ធ្វើ​បង្អែម​និង​នំ​បញ្ចុក​រែក​ដើរ​លក់​តាម​ភូមិ​ស្រុក។ ជីវ​ភាព​គ្រួសារ​គាត់​បាន​ប្រ​ព្រឹត្ត​ទៅ​បែប​នេះ​ឯង ប្តី​ប្រ​ព័ន្ធ​គាត់​ខិត​ខំ​រក​ប្រាក់​សម្រាប់​ផ្គត់​ផ្គង់​ឱ្យ​កូន​៣​នាក់​រៀន​ចប់​មហា​វិទ្យា​ល័យ​ដែរ។ លោក​យ័ញ​នៅ បាន​ឱ្យដឹង៖ “បំណង​ប្រាថ្នា​ធំ​បំ​ផុត​របស់​ប្តី​ប្រ​ព័ន្ធ​ខ្ញុំ គឺ​គិត​គូរ​ឱ្យ​កូនៗ​បាន​រៀន​សូត្រ​ជោគ​ជ័យ ដើម្បី​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ។ ពេល​ឃើញ​កូន​រៀន​បាន​លទ្ធ​ផល​ល្អ ក៏​បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​យើង​ខ្ញុំ​ថែម​ទៀត ដើម្បី​ជម្នះ​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម។ល។ បន្ត​ធ្វើ​ការ​ងារ​រក​ប្រាក់​ចិញ្ចឹម​កូន។ ប្តី​ប្រ​ព័ន្ធ​ខ្ញុំ​បាន​ស្រុះ​ស្រួល​គ្នា​ក្នុង​ការ​គិត​គូរ​ចិញ្ចឹម​កូន និង​បាន​លើក​ទឹក​ចិត្ត​កូន​ឱ្យ​ប្រឡង​ចូល​មុខ​ជំ​នាញ​នគរ​បាល ដើម្បី​ក្លាយ​ជា​យុទ្ធ​ជន​នគរ​បាល ជួយ​ការ​ពារ​ភូមិ​ស្រុក​និង​ប្រ​ទេស​ជាតិ​មាតុ​ភូមិ​ឱ្យ​បាន​សុខ​សាន្ត”។

ដោយ​ការ​ខិត​ខំ​ឆ្លង​កាត់​ភាព​ក្រីក្រ និង​ការ​តស៊ូ​រក​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​កូនៗ ឥឡូវ គ្រួសារ​របស់​លោក​យ័ញ​នៅនិង​លោក​ថាច់​សន ក៏​បាន​ប្រ​មូល​ផល​ផ្លែ​ផ្កា​សម្រាប់​ជី​វិត។ បច្ចុប្បន្ន កូនៗ​របស់​លោក​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​គ្រូ​បង្រៀន វេជ្ជ​បណ្ឌិត និង​យុទ្ធ​ជន​នគរ​បាល កំពុង​បំ​ពេញ​ភារ​កិច្ច​បាន​ល្អ ដើម្បី​រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម និង​ការ​ពារ​ភាព​សុខ​សាន្ត​ជូន​ភូមិ​ស្រុក ប្រ​ទេស​ជាតិ៕

យ្វីអាញ - បកប្រែ៖ សុផន

ចែករំលែកអត្ថបទ