មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/10/2023 - 17:32

សិល្ប​ការិនី​សម្បូរ​ទេព​កោសល្យ

សិល្ប​ការិនី​ស្រី​មុំ (ឈ្មោះ​ពិត​ថាច់​ធី​ធូ​ហៀង) ជា​តា​រា​ចម្រៀង តា​រា​សម្ដែង​ឆ្នើម​នៃ​ក្រុម​សិល្បៈ​ខ្មែរ​សុក​ត្រាំង។

តារា​ចម្រៀង​ស្រី​មុំ (កណ្តាល) ច្រៀង​កំ​ដរមាមីង​នៅ​វត្ត​សិរីតា​ម៉ឺន។

សម្រាប់​ស្រី​មុំ សម្ដែង​ក្នុង​តួអង្គ​ណា​ក៏​នាង​ធ្វើ​បាន​ល្អ​ដែរ ហើយ​តែង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្ស​និក​ជន។ ស្រី​មុំ ឱ្យដឹង៖ “ខ្ញុំ​ចូល​ចិត្ត​សិល្បៈ​តាំង​ពីកុមារ​ភាព​ម៉្លេះ ខណៈ​ពេល​បាន​ចូល​ក្រុម​សិល្បៈ​ខ្មែរ មាន​ឱកាស​រៀន​សូត្រ ហាត់​សម​និង​ស្រាវ​ជ្រាវ ម្ល៉ោះ​ហើយ​យូរៗ ទៅ​កែ​លម្អ​បាន​សមត្ថ​ភាព​របស់​ខ្លួន​ឯង។ ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​ចូល​រួម​ពិធី​ប្រ​ឡង​ សមោសរ សិល្បៈ​ទូទាំង​ប្រ​ទេស​និង​សម្តែង​ក្នុង​ព្រឹត្តិ​ការណ៍​ធំៗ​នៅ​ក្នុង​ខេត្ត​និង​តំបន់ ម្ល៉ោះ​ហើយ​ជួយ​ដល់​ការ​រៀន​សូត្រ​ជា​ច្រើន។ ក្តី​សប្បាយ​រីក​រាយ​និង​សុភមង្គល​បំ​ផុត​របស់​ខ្ញុំ គឺ​បាន​នាំ​មក​នូវ​បទ​ច្រៀង ក្បាច់​រាំ​បម្រើ​ជូន​ទស្ស​និក​ជន ហើយ​បាន​មាមីង​គាំ​ទ្រ​អស់​ពីចិត្ត”។

 ស្រី​មុំ​បង្ហាត់​របាំ​ដល់​ប្អូនៗ​ក្នុង​វត្ត​ផ្តៅ​ពេន ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹង​ដេ។

ឪពុក​ម្តាយ​សុទ្ធ​តែ​ជា​សិល្បករ​-ការិនី​ក្នុង​ក្រុម​សិល្បៈ​ខ្មែរ​ហូវ​យ៉ាងចាស់​ (បច្ចុប្បន្ន​ជា​ក្រុម​សិល្បៈ​ខ្មែរ​សុក​ត្រាំង) ម្ល៉ោះ​ហើយ​ក្នុង “ឈាម” ស្រី​មុំ​ពោរ​ពេញ​ទៅ​ដោយ​ទេព​កោ​សល្យ​ច្រៀង​ រាំ និង​សម្តែង​លើ​ឆាក​សិល្បៈ​ល្ខោន​យូរ​កេរ។ អា​យុ​ទើប​៦​ឆ្នាំ  ស្រី​មុំ​បាន​ពង្រីក​សមត្ថ​ភាពច្រៀង​ រាំ ​ហើយ​បាន​ក្លាយ​ជា “ពន្លក​តារា​ចម្រៀង” មួយ​រូប​នៅ​ភូមិ​ភឿកឡុង ឃុំ​ភូ​តឹង ស្រុក​ចូវ​ថាញ់ ហើយ​តែង​ទៅ​តាម​ឪពុក​ម្តាយ​ពេល​ទៅ​សម្តែង។ អា​ស្រ័យ​ហេតុ​នោះ ពេល​ធំដឹង​ក្តី​ស្រី​មុំ​មាន​ទឹក​ដម​សំ​ឡេង​ពីរោះ​រណ្តំ​ទាក់​ទាញ​អា​រម្មណ៍​អ្នក​ស្តាប់។ ឆ្នាំ​២០០៧ ពេល​ចូល​រួម​ពិធី​ប្រ​ឡង​ចម្រៀង​ស្ថានីយ​ទូរទស្សន៍​សុក​ត្រាំង ស្រី​មុំ​បាន​ឆ្លង​កាត់​បេក្ខ​ជន​រាប់​រយ​នាក់​ដើម្បី​ឈ្នះ​រង្វាន់​លេខ​មួយ ក្រោយ​មក​ស្រី​មុំ​ត្រូវ​បាន​ជម្រើស​ចូល​ក្រុម​សិល្បៈ​ខ្មែរ​សុក​ត្រាំង​រហូត​មក​ដល់​សព្វ​ថ្ងៃ។

ដោយ​មាន​ទេព​កោ​សល្យ​ស្រាប់ ម្ល៉ោះ​ហើយ​ពេល​ចូល​ក្រុម​សិល្បៈ ​ទទួល​បាន​ការ​ហាត់​សម ពី​សិល្បករ​-ការិនី​ដែល​មាន​បទ​ពិសោធន៍​ ស្រី​មុំ​បាន​បញ្ចេញ​អស់​ពី​សមត្ថ​ភាព​ក្នុង​ការ​សម្តែង។ ក្នុង​ពិធី​សម្តែង​ចម្រៀង​អា​ជីព​ទូទាំង​ប្រ​ទេស​ឆ្នាំ​២០០៩ នៅ​ញ៉ា​ត្រាង ស្រី​មុំ​ទទួល​បាន​មេ​ដាយ​ប្រាក់​ក្នុង​ឈុត​សម្តែង “បណ្តាំ​អ៊ំ​ដក់​ជាប់​ក្នុង​ក្រឳ​បេះ​ដូង”។ ក្រៅ​ពី​នេះ ស្រី​មុំ​ថែម​ទាំង​ជោគ​ជ័យ​ក្នុង​ការ​សម្តែង​សិល្បៈ​ល្ខោន​យូរ​កេរ​ទៀត​ផង។ ឆ្នាំ​២០១៣ ស្រី​មុំ​ឈ្នះ​រង្វាន់​ការ​សម្តែង​ល្ខោន​យូរ​កេរ​ដ៏ឆ្នើម​ដោយ​ដើរ​តួ​ជា “នាង​សេ​ដា” ក្នុង​ពិធី​សមោសរ​ចម្រៀង​ល្ខោន​យូរ​កេរ​ទូទាំង​ប្រ​ទេស លើក​ទីមួ​យ​នៅ​សុក​ត្រាំង។ លទ្ធ​ផល​នោះ បង្ក​ជាកម្លាំង​ចលករ​និង​កាន់​តែ​មាន​ទំ​នុក​ចិត្ត​ដើម្បី​ស្រី​មុំ​សម្តែង​បាន​ល្អ​ជាង​ទៀត​ក្នុង​សិល្បៈ ​ល្ខោន​យូរ​កេរ។ ស្រី​មុំ ឱ្យ​ដឹង៖ “ចំ​ពោះ​ចម្រៀង​នោះ គឺ​ងាយ​ទេ គ្រាន់​តែ​ច្រៀង​ត្រូវ​តាម​ចង្វាក់ គឺ​បាន​ហើយ ចំ​ណែក​ការ​ដើរ​តួ​ឯក​ក្នុង​ល្ខោន​យូរ​កេរ គឺ​ទាម​ទារ​ត្រូវ​មាន​ទេព​កោ​សល្យ​ខាង​ច្រៀង​ រាំ​ និង​ក្បាច់​ទន់​ភ្លន់ សម្តែង​ត្រូវ​សម​ស្រប​ទៅ​នឹង​តួអង្គ​ក្នុង​សាច់​រឿងល្ខោន​ពិត​ជា​ពិបាក​ណាស់។ ដោយ​ទឹក​ចិត្ត​ស្នេហា​និង​មាន​ក្តីប្រាថ្នា ​ក្លាយ​ជា​តួឯក​ក្នុង​សិល្បៈ​ល្ខោន​យូរ​កេរ ម្ល៉ោះ​ហើយ​ខ្ញុំ​ទ្រាំ​លំ​បាក​ក្នុង​ការ​ហាត់​សម”។

លោក​ឡុក​ថាញ​ហ៊ីប អនុ​ប្រធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង ឱ្យ​ដឹង៖  “ដោយ​មាន​ទេព​កោ​សល្យ គួប​ផ្សំ​នឹង​ការ​ព្យា​យាម​ហាត់​សម​និង​ចូល​ចិត្ត​សិល្បៈ ម្ល៉ោះ​ហើយ​ស្រី​មុំ ពង្រីក​បាន​សមត្ថ​ភាព​សម្តែង​លើ​ឆាក។ ជា​ពិ​សេស ស្រី​មុំ​ច្រៀង​បទ​សម័យ បទ​ប្រ​ពៃ​ណី របាំ​ប្រ​ពៃ​ណី ឬក៏​ច្រៀង​ល្ខោន​យូរ​កេរ​បាន​យ៉ាង​ស្ទាត់​ជំ​នាញ។ ក្នុង​ក្រុម​សិល្បៈ ស្រី​មុំត្រូវ​បាន​ចាត់​ទុក​ជា​សិល្ប​ការិនី​ពោរ​ពេញ​ដោយ​ទេព​កោ​សល្យ​មួយ​រូប​ និង​ជោគ​ជ័យ​ឆាប់​បំផុត​លើ​ឆាក​សិល្បៈ​ល្ខោន​យូរ​កេរ”៕

                              យ្វី​អាញ-លី​សៀ

ចែករំលែកអត្ថបទ