កីឡា - ទេសចរណ៍ ទេសចរណ៍

03/07/2023 - 16:10

បាក​លីវ អភិវឌ្ឍ​ទេស​ចរណ៍​

ក្រុង​បាក​លីវ ខេត្ត​បាក​លីវ មាន​ឆ្នេរ​សមុទ្រ​ប្រវែង​ជាង​ ១០ គី​ឡូ​ម៉ែត្រ​ និង​មាន​ជន​ជាតិ​កិញ - ចិន​ - ខ្មែរ​រស់​នៅ​ជា​មួយ​គ្នា​ ម្ល៉ោះ​ហើយ​ ប្រ​មូល​ផ្តុំ​ខឿន​វប្ប​ធម៌​ពិសេស​ដោយ​ឡែក​ ជាលក្ខណៈ​ងាយ​ស្រួល​ដើម្បី​អភិវឌ្ឍ​ទេស​ចរណ៍។

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​រមណី​យដ្ឋាន​ទេស​ចរណ៍​បែប​ជំនឿសាសនា​នៅ​មណ្ឌល​បដិមា​
ព្រះម៉ែគង់ស៊ីអីម ក្រុងបាកលីវ។

តាម​ប្រ​សាសន៍​លោក​ស្រី ឌោ​អាយ​ឡាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​បាក​លីវ ក្រុង​មាន​រមណី​យដ្ឋាន​ទេស​ចរណ៍​ចំ​នួន​ ៩/១០ ក្នុង​ទូទាំង​ខេត្ត​ ត្រូវ​បាន​សម្ព័ន្ធ​សមា​គម​ទេស​ចរណ៍​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ ទទួល​ស្គាល់​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​ឆ្នើម។ ក្នុង​នោះ​ មាន​មណ្ឌល​កេរ​ដំ​ណែល​ថ្នាក់​ជាតិ​ចំ​នួន​ ៧ កេរ​ដំ​ណែល​ថ្នាក់​ខេត្ត​ចំ​នួន​ ២៥ និង​មាន​រមណី​យដ្ឋាន​ទេស​ចរណ៍​លេច​ធ្លោ​ជា​ច្រើន​ទៀត​ ដូច​៖ សួន​សត្វ​បាក​លីវ ចម្ការ​មៀន​ មណ្ឌល​បដិមា​ព្រះ​ម៉ែ​គង់​ស៊ី​អីម វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ មណ្ឌល​អគារ​កុង​តឺ​បាក​លីវ មណ្ឌល​វា​យោ​អគ្គិសនី​បាក​លីវ មណ្ឌល​ទេស​ចរណ៍​ញ៉ា​ម៉ាក​ និង​មណ្ឌល​សមា​ធិទ្រុក​ឡឹម​ជា​ដើម​។ ក្រៅ​ពី​នោះ​ នៅ​ទាំង​មាន​មុខ​ម្ហូប​អា​ហារ​ឆ្ងាញ់ៗ ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ជាច្រើន​ ដូច​៖ មៀន​សាច់​ក្រាស​ នំ​ចាក់អំ​បែង​ នំ​បញ្ចុក​សាច់​គោ​ហឺរ។ល។ គឺ​ជា​គោល​ដៅ​ទាក់​ទាញ​អា​រម្មណ៍​ភ្ញៀវ​ទេស​ចរមក​ទស្សនា និង​ភ្លក់​រស​ជាតិ។

ក្រុម​សិល្បៈ​វត្ត​កម្ភីរ​សាគរ​ព្រែក​ជ្រៅ ក្រុង​បាក​លីវ​សម្តែង​របាំអប្ស​រា​ប​ម្រើ​ភ្ញៀវ​ទេស​ចរ។

ផ្តើម​ពី​ឧត្តម​ភាព​ខាង​សមុទ្រ ព្រៃ​ឈើ​ក្បែរ​ឆ្នេរ​សមុទ្រ ចម្ការមៀន​បុរាណ​ ក្រុង​បាក​លីវ បាន​អភិវឌ្ឍ​ទៅ​ជា​មណ្ឌល​សម្រាក​លម្ហែ​កាយ​ សម្រាក​ចុង​សប្តាហ៍​ សកម្ម​ភាព​សហ​គមន៍​គួប​ផ្សំ​នឹង​ការ​ដើរ​ទស្សនា ឆ្លង​កាត់​បទ​ពិសោធន៍​ទម្រង់​កសិដ្ឋាន​អេកូ​ឡូស៊ី​ និង​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ដែល​ជា​ផលិត​ផល​ប្រណីត​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ។ អ្នក​មីង​ត្រឹង​កេវ​ អ្នក​ដាំ​ដើម​មៀន​សាច់​ក្រាស់​នៅ​ក្រុង​បាក​លីវ ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០១៤ ដំ​ណាំ​មៀន​សាច់​ក្រាស់ បាន​នា​យក​ដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា​ជូន​លិខិត​ទទួល​ស្គាល់​ការ​ពារ​ផ្លាក​សញ្ញា​ពា​ណិជ្ជ​កម្ម​ផ្តាច់​មុខ។ ឥឡូវ​ ដំ​ណាំ​មៀន​សាច់​ក្រាស់ បាន​ដាំជា​ទូទៅ​ បង្ក​ជា​ផលិត​ផល​ប្រណីត ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ”។

ក្រុង​បាក​លីវ នៅ​ទាំង​ផ្តុំ​កម្លាំង​អភិរក្ស​ ពង្រីក​នូវ​ទម្រង់​សិល្បៈ​ដ៏​ប្រណីត​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​ ដូច​ជា៖ ល្ខោន​យូរ​កេរ្តិ៍ ភ្លេង​ពិណ​ពាទ្យ របាំ​អប្សរា រាំវង់​ របាំ​ឆៃ​យុាំ របាំ​គោះ​ត្រ​ឡោក​ ។ល។ និង​ពិធី​បុណ្យ​ប្រ​ពៃ​ណី មាន​ដូច៖ បុណ្យ​អកអំ​បុក​ បុណ្យ​ដង្ហែ​ផ្កា បុណ្យ​សែន​ដូន​តា បុណ្យ​ចូល​ឆ្នាំ​ថ្មី។ល។ ដើម្បី​ទាក់​ទាញ​ភ្ញៀវទេស​ចរ​មក​ទស្សនា និង​សិក្សា​ស្រាវ​ជ្រាវ​ទៀត​ផង​។ ព្រះ​តេជ​ព្រះ​គុណ​ យឿង​វឹង ព្រះ​ចៅ​អធិការ​វត្ត​គម្ភីរ​សាគរ​ព្រែក​ជ្រៅ មាន​ថេរ​ដី​កា៖ “បច្ចុប្បន្ន​ វត្ត​បាន​ក្លាយ​ជា​រមណី​យដ្ឋាន​ទេស​ចរណ៍​ឆ្នើម​របស់​តំ​បន់​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ ម្ល៉ោះ​ហើយ​ ក្រៅ​ពី​អភិរក្ស​ពិធី​បុណ្យ​វប្ប​ធម៌​របស់​ជន​ជាតិ​ ស្ថា​បត្យ​កម្ម​ដ៏​ប្រណីត​នៅ​ក្នុង​វត្ត​ អា​ត្មា​ភាព​នៅ​ទាំង​ស្តារ​ឡើង​វិញ​នូវ​ភូមិ​របរ​ធ្វើ​នំប្រ​ពៃ​ណីរបស់​ជន​ជាតិ​ខ្មែរ​ ដូច​៖ នំខ្ញី នំជើង​តាំង​ នំ​ត្រប់។ល។ ដើម្បី​ឧទ្ទេស​នាម​ដល់​ភ្ញៀវ​ទេស​ចរ​មក​ពី​ចម្ងាយ។ ទន្ទឹម​នឹង​នោះ​ រក្សា​ក្រុម​ភ្លេងពិណ​ពាទ្យ ក្រុម​ច្រៀង​រាំ ក្រុម​របាំ ដើម្បី​សម្តែង​បម្រើ​ភ្ញៀវ​ទេស​ចរ​ផង​ដែរ”។

លោក​ស្រី​ឌោ​អាយ​ឡាម​ ឱ្យ​ដឹង​៖ “ដើម្បី​ផ្តុំ​កម្លាំង​ទាញ​យក​ផល​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ពី​សក្តា​នុភាព​ និង​ឧត្តម​ភាព​ដែល​មាន​ស្រាប់ ក្រុង​បាន​ចលនា លើក​ទឹក​ចិត្ត​ ណែ​នាំ​អា​ជីវ​កម្ម​ មូល​ដ្ឋាន​ គ្រួសារ​ប្រ​ជា​ជន​ ធ្វើ​អា​ជីវ​កម្ម​ចូល​រួម​វិនិ​យោគ​លើវិស័យ​ទេស​ចរណ៍​ បង្កើន​កម្រិត​មូល​ដ្ឋាន​ដែល​មាន​ស្រាប់​តាម​ទិស​ដៅ​គ្រប់​បទ​ដ្ឋាន​បម្រើ​ភ្ញៀវ​ទេស​ចរ; ឧបត្ថម្ភ​ប្រ​ជា​ជន​វិនិ​យោគ​ពង្រីក​ផ្ទៃដី​ដាំ​ដើម​មៀន​សាច់​ក្រាស់ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អភិវឌ្ឍ​ទេស​ចរណ៍​ឆ្លង​កាត់​ ពិសោ​ធន៍​ធ្វើ​នំ​ចាក់​អំ​បែង​ សន្សឹមៗ​ក្លាយ​ជា​ផលិត​ផល​ទេស​ចរណ៍​សហ​គមន៍​នៅ​ភូមិ​ភាគ។ល។ ដើម្បី​ទេស​ចរណ៍​ខេត្ត​បាក​លីវ​គ្រប់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ និង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស”៕

                                      យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ