រយៈពេលជាង ២០ ឆ្នាំបម្រើការងារនៅស្ថានីយទូរទស្សន៍ VTV កឹងធើ បងឡឹមហ្វាងពាង មានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងអាជីពជាអ្នកសារព័ត៌មាន។ ហេតុនេះ បងសង្កេតឃើញការជ្រើសរើសអាជីពមិនជាប់ទាក់ទងទៅនឹងមុខវិជ្ជាខាងផ្នែកសេដ្ឋកិច្ចកសិកម្មដែលខ្លួនបានសិក្សានៅសាកលវិទ្យាល័យកឹងធើនោះទេ នេះគឺជាច្រកចេញមួយដ៏អស្ចារ្យ។

អ្នកកាសែតឡឹមហ្វាងពាង។
អាជីពផ្ទុយពីមុខវិជ្ជាដែលខ្លួនបានសិក្សា ធ្វើឱ្យបងឡឹមហ្វាងពាង ប្រឈមនឹងការលំបាកមិនតិចនោះទេ យ៉ាងណាក៏ដោយ ភាពលំបាកធ្លាប់បានឆ្លងកាត់តាំងពីវ័យកុមារ គឺជាមូលដ្ឋានគ្រឹះសម្រាប់យុវបរិញ្ញាសេដ្ឋកិច្ចរូបនេះ ឆ្លងផុតដំណាក់កាលហាត់ការ។ បងឡឹមហ្វាងពាង រៀបរាប់ៈ “គិតៗទៅខ្ញុំជាអ្នកមានសំណាង ពីព្រោះដំណាក់កាលដែលខ្ញុំរៀនចប់មហាវិទ្យាល័យ ស្របពេលដែលស្ថានីយទូរទស្សន៍កំពុងបង្កើនម៉ោងផ្សាយកម្មវិធីជាភាសាខ្មែរ។ កាលនៅរៀនសាលាអន្តេវាសិកទាំងពេលនៅជានិស្សិតសាកលវិទ្យាល័យកឹងធើ ខ្ញុំតែងខិតខំប្រឹងប្រែងពង្រឹងលត់ដំភាសាខ្មែរ ទើបខ្ញុំជាប់ជម្រើសបានចូលបម្រើការងារនៅស្ថានីយទូរទស្សន៍”។

អ្នកកាសែតឡឹមហ្វាងពាង (កណ្ដាល) កំពុងបំពេញភារកិច្ច។
ទោះបីផ្ទុយនឹងមុខវិជ្ជាសិក្សាក៏ដោយ តែអាជីពជាអ្នកសារព័ត៌មាន គឺជាការងារអស្ចារ្យមួយ ពីព្រោះមានភាពទាក់ទាញដើរបានច្រើនកន្លែង ហើយជួបប្រស្រ័យនឹងបុគ្គលគំរូល្អៗនិងទម្រង់ថ្មីៗជាច្រើន បន្តិចម្ដងៗធ្វើឱ្យបងជក់ចិត្តដិតអារម្មណ៍នឹងអាជីពនេះ។ បងឡឹមហ្វាងពាង បង្ហើបឱ្យដឹងៈ “ប្រឡូកក្នុងអាជីពជាអ្នកសារព័ត៌មាន ខ្ញុំកាន់តែចូលចិត្តនិងស្រឡាញ់អាជីពមួយនេះតាំងពីពេលណាដោយមិនដឹងខ្លួន”។ ប្ដេជ្ញាចិត្តផ្សារភ្ជាប់នឹងអាជីពជាអ្នកសារព័ត៌មាន ម្ល៉ោះហើយ បងបានឆ្លងកាត់វគ្គបំប៉នមុខជំនាញវិជ្ជាជីវៈដើម្បីមានភាពងាយស្រួលក្នុងការបម្រើការងារ។ បច្ចុប្បន្ន បងឡឹមហ្វាងពាង គឺជាការីនិពន្ធរបស់នាយកដ្ឋានការិយាល័យកម្មវិធីភាសាខ្មែរ ទូរទស្សន៍ភាសាជនជាតិនៃអគ្គនាយកដ្ឋាន ទូរទស្សន៍វៀតណាម។
ផ្ទះបងឡឹមហ្វាងពាង មានបងប្អូន ៦ នាក់ នៅឃុំថាញ់ទ្រី ស្រុកថាញ់ទ្រី ខេត្តសុកត្រាំង។ គ្រួសារមានដីតិចតួច ម្ល៉ោះហើយ ឪពុកម្ដាយបងបានចិញ្ចឹមក្របីដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារ។ បងប្អូនបងឡឹមហ្វាងពាង ទៅរៀនមួយពេលទៅឃ្វាលក្របីមួយពេល ដោយសង្ឃឹមថានឹងផ្លាស់ប្ដូរជីវភាពតាមរយៈវិថីសិក្សា។ រៀនដល់ថ្នាក់ទី ៩ សាលារៀននៅជនបទត្រូវបានរំសាយ ទើបគ្រួសារសម្រេចឱ្យគាត់និងបងប្រុសរៀនថ្នាក់ទី ១០ ចូលរៀនសាលាអន្តេវាសិកដែលជាវគ្គជម្រើសសិស្សដំបូងរបស់វិទ្យាល័យជនជាតិអន្តេវាសិកខេត្តសុកត្រាំង។ បងឡឹមហ្វាងពាង ចែករំលែក៖ ទោះបីរស់នៅជនបទជាកសិករ ប៉ុន្តែឪពុកម្ដាយខ្ញុំគាត់តែងប្ដេជ្ញាចិត្តឱ្យកូនៗរៀនសូត្របានចប់ចុងចប់ដើម”។
លោកលីសិន ប្រធានការិយាល័យកម្មវិធីភាសាខ្មែរ នាយកដ្ឋានទូរទស្សន៍ភាសាជនជាតិនៃអគ្គនាយកដ្ឋានទូរទស្សន៍វៀតណាម ឱ្យដឹង៖ “អ្នកកាសែត ឡឹមហ្វាងពាង ជាការីនិពន្ធម្នាក់ក្នុងចំណោមការីនីពន្ធចំណានៗរបស់ផ្នែកកម្មវិធីព័ត៌មាន ប្រធានបទជំនាញ ទទួលបន្ទុកផលិតប្រធានបទសំខាន់ៗ អំពីនយោបាយ វប្បធម៌ សង្គម របស់ខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគឺវឡុង ពិសេស គឺនៅលើភូមិសាស្រ្តមានជនរួមជាតិខ្មែររស់នៅកុះករ។ ដោយមានបទពិសោធន៍ច្រើនក្នុងអាជីពជាអ្នកសារព័ត៌មាន អ្នកកាសែតឡឹមហ្វាងពាង ភាគច្រើនតែងទទួលភារកិច្ចបន្ទាន់របស់អង្គភាព សកម្មក្នុងការអនុវត្តនូវមាតិកាសំខាន់ ដូច៖ ទស្សនាវដ្ដីគោលនយោបាយនិងការរស់នៅ ជនជាតិអភិវឌ្ឍន៍ជាដើម ធានាក្នុងការផ្ដល់ជូនព័ត៌មានផ្សព្វផ្សាយបានទាន់ពេល និងមានប្រសិទ្ធភាពនៃគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋជាភាសាខ្មែរលើស្ថានីយទូរទស្សន៍ជាតិ”៕
ហាថាញ-ពេជ្រសឿន