មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (CDC) ក្រុងកឹងធើ បានព្យាករណ៍នៅប៉ុន្មានខែខាងមុខនេះ ចំនួនករណីជំងឺគ្រុនឈាមនៅតែបន្តកើនឡើង ដោយសារឆ្នាំនេះឆាប់ភ្លៀង។ ដូច្នេះ ប្រជាជនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងនេះ។
ក្រុមការងារនៃផ្នែកសុខាភិបាលក្រុង កំពុងត្រួតពិនិត្យដង្កូវទឹកនៅតាមផ្ទះប្រជា
ជននៅស្រុកកើ-ដ។ រូបថត៖ សហការី
យោងតាមស្ថិតិរបស់មជ្ឈមណ្ឌល ត្រួតពិនិត្យជំងឺ (CDC) ក្រុងកឹងធើ ចំនួនករណីកើតជំងឺគ្រុនឈាមនៅក្រុងកឹងធើ ចាប់ពីដើមឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ មានចំនួន ៨៣២ ករណី កើន ៣,២ ដង បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ (មាន ២៥៩ ករណី)។ អ្វីដែលគួរឱ្យបារម្ភ នោះគឺចំនួនករណីកើតជំងឺគ្រុនឈាមនៅឆ្នាំ ២០២៣ កើនជាលំដាប់ ចាប់ពីខែមករាដល់ខែមីនា ខណៈពេលនេះអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យសត្វមូសនិងដង្កូវទឹកមិនអាចកើតបាន ហើយក៏មិនមែនជារដូវកាលចំណុចខ្ពស់នៃជំងឺគ្រុនឈាមដែរ។
ថ្មីៗនេះ មន្ទីរសុខាភិបាលនិងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (CDC) ក្រុងកឹងធើ បានត្រួតពិនិត្យការងារបង្ការ ប្រឆាំងជំងឺរាតត្បាតនៅស្រុកចំនួន ២ គឺស្រុកផុងដៀងនិងកើ-ដ។ នៅស្រុកផុងដៀង ចំនួនករណីកើតជំងឺគ្រុនឈាមទាបជាងបើប្រៀបធៀបនឹងខណ្ឌ ស្រុកចំនួន ៩ ប៉ុន្តែ ខែមីនាជាខែមានចំនួនករណីកើតជំងឺគ្រុនឈាមខ្ពស់បំផុត កើន ៣,៥ដង បើប្រៀបនឹងខែមករា ឆ្នាំ ២០២៣ ( ២១ ករណី/៦ករណី) និងកើនឡើង ២,៣ ដង បើប្រៀបនឹងខែកុម្ភៈ ឆ្នាំ ២០២៣ (២១ករណី/៩ករណី)។ ចំនួនករណីធ្ងន់មាននិន្នាការកើនឡើង។ អត្រានៃការធ្វើកោសល្យវិច័យវិជ្ជមានខ្ពស់ ប្រភេទ DEN-1 និង DEN-2 និង DEN-4 កំពុងតែកើតមាន ប៉ុន្តែ DEN-2 ខ្ពស់ជាងគេ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសុខាភិបាលស្រុកកើ-ដ គិតចាប់តាំងពីដើម ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៣ ទូទាំងស្រុកបានកត់សម្គាល់មានជំងឺគ្រុនឈាម ៩៨ ករណី ជំងឺពងដៃ ជើង មាត់ ១៣ ករណី។ ចំពោះមុខស្ថានភាពរោគរាតត្បាតមានការប្រែប្រួលយ៉ាងស្មុគស្មាញ ដោយមាននិន្នាការកើនឡើងនៃចំនួនករណីកើតជំងឺ និងសំបុករោគផ្ទុះរាលដាលក្នុងខែមីនា មជ្ឈមណ្ឌលសុខាភិបាលស្រុក សហការជាមួយនឹងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (CDC) និងគណៈកម្មាធិការប្រជាជនទីប្រជុំជនកើ-ដ បានធ្វើការពិនិត្យពិច័យ វាយតម្លៃបាញ់ថ្នាំគីមីកម្ចាត់សំបុករោគលើវិសាលភាពទូលាយនៅភូមិចំនួន៤ ដែលប្រឈមនឹងហានិភ័យជំងឺផ្ទុះរាលដាលលើភូមិសាស្ត្រទីប្រជុំជន។ បន្តការរក្សាក្រុមសង្គ្រោះបន្ទាន់ចល័តរបស់មជ្ឈមណ្ឌលសុខាភិបាលស្រុកនិងដំណាក់សុខាភិបាលឃុំនានា និងក្រុមបង្ការ ប្រឆាំងជំងឺរាតត្បាតចល័តចំនួន ២ ដើម្បីផ្សព្វផ្សាយ ឆ្លើយតបបានរហ័សទៅនឹងការបង្ការ ប្រឆាំងជំងឺរាតត្បាតលើភូមិសាស្ត្រ។
ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពីការបង្ការ ប្រឆាំងជំងឺរាតត្បាត ជាមួយនឹងខេត្ត ក្រុងទាំង ៦៣ សាស្ត្រាចារ្យ ផាងត្រុងឡឹង ប្រធាននាយកដ្ឋានសុខាភិបាលបង្ការ ឱ្យដឹង៖ តាមរយៈរបាយការណ៍របស់ភូមិភាគនានា សឱ្យឃើញថា ចំនួនករណីកើតជំងឺគ្រុនឈាមមានការកើនឡើងបើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ ក្នុងពេលនោះតាមការព្យាករណ៍ឆ្នាំនេះ អាកាសធាតុមានការប្រែប្រួលខុសប្រក្រតី ហានិភ័យកើតជំងឺគ្រុនឈាមកើនឡើង។ ចាប់ពីពេលនេះ គ្រប់ខេត្ត ក្រុងទាំងអស់ គប្បីផ្សព្វផ្សាយយុទ្ធនាការត្រួតពិនិត្យសំបុករោគ បង្កើនការឃោសនាផ្សព្វផ្សាយ ដើម្បីប្រជាជនសកម្មចូលរួមបង្ការ ប្រឆាំងជំងឺរាតត្បាត៕
កាសែតកឹងធើ-មុនី