22/04/2023 - 07:45

ដំ​ណើរ​ធ្វើ​មាន​របស់​កសិករ​ហ្វិញ​ម៉ាក​

ថ្ងៃ​ដែល​យើង​ខ្ញុំ​ទៅ​ជួប​សំ​ណេះ​សំ​ណាល​ក្នុង​ផ្ទះ​ឥដ្ឋ​ដ៏​រឹង​មាំ ទើប​សាង​សង់​ថ្មី​ អស់​រាប់​ពាន់​លាន​ដុង​ ចង្អុល​បង្ហាញ​ផ្ទះ​ចាស់​ លោក​ពូ​ភ្នក​នឹក​៖ “នោះ​ហើយ​ គឺជា​កន្លែង​រស់​នៅ​របស់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​កាល​ពី​ដើម។​ គឺ​ជា​សាក្សី​នៃ​ដំ​ណើរ​ជីវិត​ដ៏​លំ​បាក​លំ​បិន និង​ការ​ឆ្លង​កាត់​លំ​បាក​នឿយ​ហត់​របស់​ប្តី​ប្រ​ពន្ធ​ខ្ញុំ។ល។​ ទើប​ប្តី​ប្រ​ពន្ធ​ខ្ញុំ​មិន​ទាន់​ចង់​រុះ​រើ​ចេញ​ ទុក​សម្រាប់​ធ្វើ​ជង្រុក​ស្រូវ​វិញ។​ សម្លឹង​ឃើញ​ផ្ទះ​ចាស់​ ក៏​ជា​ការ​ក្រើន​រំលឹក​៖ ពេញ​មួយ​ឆាក​ជីវិត​យើង​ លំ​បាក​នឿយ​ហត់​។​ ឥឡូវ​គួរ​រស់​នៅ​យ៉ាង​ណា​ អប់រំ​កូន​ចៅ​ដូច​ម្តេច​ ដើម្បី​មាន​ជីវ​ភាព​សុខ​ដុម​រម​នា​!”។​

គេហដ្ឋាន​ស្កឹម​ស្កៃ​ដែល​ប្តី​ប្រ​ពន្ធ​លោក​ពូហ្វិញ​ម៉ាក​ទើប​សាង​សង់​ថ្មី​
តម្លៃរាប់ពាន់លានដុង នៅក្បែរផ្ទះចាស់។

លោក​ពូ​ហ្វិញ​ម៉ាក​ នៅ​ភូមិ​គិញ​ឌឹង B ឃុំ​ខាញ់​ហ៊ឹង​ ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កា​ម៉ាវ។​ លោក​ពូគឺ ជា​កសិករ​ខ្មែរ​វ័យ​ចំ​ណាស់​ម្នាក់​នៅ​តំ​បន់​ដី​នេះ​។​ លោក​ពូរៀប​រាប់​៖ កាល​ពី​មុន​ នៅ​ទីនេះ​ធ្វើ​ស្រែ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ ឆ្នាំ​ខ្លះ​ស្រូវ​បាន​ផល​ តែថ្លៃ​ថោក ឆ្នាំ​ខ្លះ​ស្រូវ​បាន​ថ្លៃ​ តែ​មិន​សូវ​បាន​ផល​វិញ។​ ម្យ៉ាង​ផ្លូវ​ទៅ​មក​លំ​បាក​ ការ​ដោះ​ដូរ​ទំ​និញ​ក៏​ជួប​ការ​លំ​បាក​ ម្ល៉ោះ​ហើយ​ក្នុង​ភូមិ​ទាំង​មូល​គឺ​ផ្ទះ​ស្លឹក​ស្ទើរ​តែ​ទាំង​អស់។ល។​ ក្រោយ​ពី​រដ្ឋ​ជីក​ប្រ​ឡាយ​ បើក​ផ្លូវ​គមនា​គមន៍​ជន​បទ​ដោយ​ចាក់​បេ​តុង។​ ពិ​សេស​ កសិករ​បាន​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ទៅ​ទស្សនា​សិក្សា​ទម្រង់​ផលិត​កសិកម្ម​ សម្រេច​ប្រ​សិទ្ធ​ភាព។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​នៅ​ទីនេះ​កាន់​តែ​រីក​ចម្រើន​ឡើង។​ មាន​ផ្ទះ​ឥដ្ឋ​ធំ​ទូលាយ​ ទំ​នើប​ៗ​ ត្រូវ​បាន​សាង​សង់​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ តំ​បន់​ជន​បទ​ហាក់​ដូច​ផ្លាស់​ថ្មី​ទាំង​ស្រុង។​

ចម្ការ​ខ្នុរ​ថៃ​ជំ​នួស​ឱ្យ​ចម្ការ​ទៀបស្រុក​កំ​ពុង​ផ្តល់​ផ្លែ​។​

ប្តីប្រព័ន្ធលោកពូហ្វិញម៉ាកក្នុងគេហដ្ឋានថ្មី

និយាយ​គឺ​ងាយ​ស្រួល​ដូច្នេះ​ ប៉ុន្តែ​ដើម្បី​មាន​ជីវ​ភាព​ធូរ​ធារ​ដូច​បច្ចុប្បន្ន​នេះ​ គឺជា​ដំ​ណាក់​កាល​ខិត​ខំ​ឆ្លង​កាត់​លំ​បាក​គ្រប់​យ៉ាង​របស់​កសិករ​ហ្វិញ​ម៉ាក។​ អា​យុ​ ៣១ ឆ្នាំ​ លោក​ពូ បាន​រៀប​ការ។​ មិន​យូរ​ប៉ុន្មាន​ ប្តី​ប្រ​ពន្ធ​គាត់​ចេញ​នៅ​ដោយ​ឡែក​ ដោយ​ដើម​ទុន​គឺ​ដី​ស្រែ​ ៥ កុង​ប៉ុណ្ណោះ។​ កាល​នោះ​ ប្តី​ប្រ​ពន្ធ​លោក​ពូ ធ្វើ​ស្រែ​ផង​ ចិញ្ចឹម​សត្វ​ផង​ ដើម្បី​គិត​គូរ​ជីវ​ភាព​គ្រួ​សារ។​ មួយ​ឆ្នាំ​ក្រោយ​មក​ ប្តី​ប្រ​ពន្ធ​គាត់​សម្រាល​បាន​កូន​ស្រី។​ “គ្រួ​សារ​វ័យ​ក្មេង​ កណ្តោច​កណ្តែង ជីវ​ភាព​នៅ​ខ្វះ​ខាត​ ណា​មួយ​កូន​តូច​ផង​ ម្ល៉ោះ​ហើយ​កិច្ច​ការ​ក្នុង​ក្រៅ​ខ្ញុំ​រ៉ាប់​រង​តែ​ម្នាក់​ឯង។​ ពេល​ថ្ងៃ​គឺទៅ​ធ្វើ​ស្រែ​ វិល​ត្រ​ឡប់​មក​ផ្ទះ​គិត​គូរ​ចិញ្ចឹម​សត្វ។ល។​ ទោះ​បី​លំ​បាក​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​រក​ស៊ី​ ពី​ព្រោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​យល់​ច្បាស់​ពី​ជីវ​ភាព​ក្រ​លំ​បាក​”-លោក​ពូ​ហ្វិញ​ម៉ាក​ បាន​ចែក​រំលែក​ដូច្នេះ។​

កាល​នោះ​ លោក​ពូ​បាន​ចូល​រៀន​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​សត្វ។ល។​ ម្ល៉ោះ​ហើយ​លោក​ពូបាន​ងាក​មក​ដាំ​ល្ពៅ​ និង​សណ្តែក​បាយ​លើ​ដី​ស្រែ។​ “ពិត​ជា​មិន​ខក​បំណង​មែន​ ប៉ុន្មាន​ឆ្នាំ​នោះ​ ខ្ញុំ​ដាំ​ដុះ​កាក់​កប​ណាស់​ ដាំ​ល្ពៅ​ “ត្រូវ​ប៉ាន់​” ចំ​ណែ​ក​សណ្តែក​បាយ​វិញ​ “ទទួល​បាន​ភោគ​ផល​ច្រើន​ តម្លៃ​បាន​ថ្លៃ​ទៀត​ផង​”–លោក​ពូហ្វិញ​ម៉ាក​ បាន​រំលឹក​ឡើង​វិញ​ដ្នច្នេះ។​ ដោយ​ខិត​ខំ​រក​ទទួល​ទាន​ ចាយ​វាយ​ប្រិត​សំ​ចៃ​ ម្ល៉ោះ​ហើយ​ក្រោយ​រយៈ​ពេល​ជិត​ ៥ ឆ្នាំ​ចេញ​នៅ​ដោយ​ឡែក​ ប្តី​ប្រ​ពន្ធ​លោក​ពូ​សន្សែ​សន្សំ​ទិញ​បាន​ដី​ជិត​ ២,៤ ហិក​តា។​ “ពេល​មាន​ដី​ច្រើន​ ខ្ញុំ​ផ្តុំ​កម្លាំង​ធ្វើ​អស់​ពី​ចិត្ត​! ម្យ៉ាង​ទៀត​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​មាន​កូន​បន្ថែម​ ២ នាក់​ទៀត​ ម្ល៉ោះ​ហើយ​ខ្ញុំ​គិត​ថា​ ត្រូវ​តែសន្សំ​លុយ​ដើម្បី​គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ រួច​សង់​ផ្ទះ​ធំ​ទ្រ​នំខ្ពស់​ សម្រាប់​វ័យ​ចាស់​ផង​” លោក​ពូហ្វិញ​ម៉ាក​ បាន​ឱ្យ​ដឹង​ដូច្នេះ។​

ដើម្បី​ដាំ​ដំ​ណាំ​ឱ្យ​បាន​ច្រើន​មុខ​លើ​ផ្ទៃ​ដី​ដែល​ខ្លួន​មាន​ លោក​ពូលើក​ចម្ការ​មួយ​ហិក​តា​ សម្រាប់​ដាំ​ដំ​ណាំ។​ លោក​ពូឱ្យ​ដឹង​៖ “ដំ​បូង​ ខ្ញុំ​ដាំ​ទៀប​ស្រុក​ ដាំ​ឆ្លាស់​ល្ពៅ​ សណ្តែកនិង​ចេក។​ នៅ​ពេល​ដើម​ទៀប​ចាស់​ ខ្ញុំ​ក៏​ដាំ​ឆ្លាស់​ខ្នុរ​ថៃ​វិញ។​ នៅ​តាម​អណ្ដូង​ខ្ញុំ​ដាំ​កញ្ឆែត​ ចិញ្ចឹម​ត្រី។ល។​ ជា​ពិសេស​ ខ្ញុំ​នៅ​តែ​បន្ត​ការ​ចិញ្ចឹម​ ជ្រូក​ មាន់​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម។​ សព្វ​ថ្ងៃ​ ខ្ញុំ​កាប់​ដើម​ទៀប​ស្រុក​ចោល​អស់​ហើយ​ នៅ​តែ​ខ្នុរ​ថៃ​ដែល​កំ​ពុង​ប្រ​មូល​ផល​ប៉ុណ្ណោះ។​ ក្នុង​អណ្ដូង​ឥឡូវ​កញ្ឆែត​ចុះ​ថោក​ទៀត​ ខ្ញុំ​ចិញ្ចឹម​តែ​ត្រី​វិញ។​ ខ្ញុំ​កំ​ពុង​តែ​ស្វែង​យល់​ពី​ការ​ដាំ​ដំ​ណាំ​ក្រចាប់​ (ផ្លែ​ស្នែងក្រ​បី​) បើ​ទុក​អណ្ដូង​ចោល​ទំ​នេរ​គួរ​ឱ្យ​ស្តាយ​ណាស់”។​

…មាន​ថ្ងៃ​មួយ​នោះ​ យើង​ខ្ញុំ​បាន​លោក​ថាច់​សា​លឿង​ កម្មា​ភិបាល​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ត្រឹង​វ៉ាន់​ថើយ​ នាំ​ទៅ​ផ្ទះ​លោក​ពូ​ហ្វិញ​ម៉ាក​ ដើម្បី​ស្វែង​យល់​ពី​ទម្រង់​ផលិត​កសិកម្ម​ ដែល​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ជន​រួម​ជាតិ។​ ក្នុង​ដំ​ណើរ​រឿង​ លោក​ថាច់​សា​លឿង​ សម្ដែង​ការ​កោត​សរ​សើរ៖ “លោក​ពូ​ហ្វិញ​ម៉ាក​ ប៉ិន​ណា​ស់! ដាំ​ដំ​ណាំ​អ្វី​ក៏​កាក់​កប​ដែរ។​ មាន​ដូច​ ល្ពៅ​ សណ្តែកបាយ គឺទិន្ន​ផល​ខ្ពស់​ណាស់​ និង​បាន​ថ្លៃ​ផង។​ រីឯ​ដាំ​ទៀប​វិញ​ គាត់​អនុវត្ត​បច្ចេក​ទេស​មិន​ត្រឹម​តែប្រ​មូល​ផល​ខួប​ប្រាំង​វស្សា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្លែ​ល្អ​ លក់​ដាច់។ល។​ ហើយ​មិន​ត្រឹម​តែ​បង្ក​បង្កើន​ផល​ពូកែ​ទេ​ លោក​ពូហ្វិញ​ម៉ាក​ ប៉ិន​ក្នុង​ការ​គិត​គូរ​ ព្យា​ករណ៍​ទីផ្សារ រក​ច្រក​ចេញ​សម្រាប់​ដំ​ណាំ​រួម​ផ្សំ​ ឬ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ដែល​គាត់​ដាំ​ផង។​  ជា​មួយ​នឹង​ការ​រក​បាន​ប្រាក់​ចំ​ណេញ​រាប់​រយ​លាន​ដុង​/ឆ្នាំ​ ទម្រង់​ផលិត​កសិកម្ម​របស់​លោក​ពូហ្វិញ​ម៉ាក​ ក្លាយ​ជា​ទម្រង់​គំរូ​របស់​ឃុំ​និង​ស្រុក​។​ ជា​ពិសេស​ គ្រួ​សារ​គាត់​គឺគ្រួ​សារ​អ្នក​មាន​នៅ​ភូមិ​ស្រុក”។​ មិន​តែប៉ុណ្ណោះ​ កូន​ៗ​របស់​លោក​ពូ បាន​រៀន​សូត្រ​ត្រឹម​ត្រូវ។​ លោក​ពូហ្វិញ​ម៉ាក​ ចែក​រំលែក៖ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​ឱ្យ​កូន​ខំ​ប្រឹង​រៀន​សូត្រ​ដើម្បី​មាន​ជីវ​ភាព​ល្អ​ប្រ​សើរ​ កុំ​ឱ្យ​លំ​បាក​ដូច​ឪ​ពុក​ម្តាយ។​ សព្វ​ថ្ងៃ​ កូន​ច្បង​ជា​គិលានុបដ្ឋា​យិកា​ កូន​បន្ទាប់​ជា​វេជ្ជ​បណ្ឌិត​! កូន​ពៅ​ជា​និស្សិត​ឆ្នាំ​ទី ២ នៃ​វិទ្យា​ស្ថាន​ជន​ជាតិ​ ចំ​ណុះ​គណៈ​កម្មា​ធិការ​ជន​ជាតិ​នៅ​ហា​ណូយ។​ មក​ទល់​ពេល​នេះ​ ចាត់​ទុក​ថា​កូន​ៗ​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ​ ដូច​បំ​ណង​របស់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ហើយ​”។​

សព្វ​ថ្ងៃ​ ខណៈ​ឈាន​ចូល​វ័យ​ ៦៥ ឆ្នាំ​ កូន​ម្នាក់ៗ​ទៅ​ធ្វើ​ការ​ ម្នាក់​ទៅ​រៀន​ដល់​ហា​ណូយ​ ប្តី​ប្រ​ពន្ធ​គាត់​នៅ​តែច្បាម​នឹង​ស្រែ​ចម្ការ​ដដែល​ “សុខ​ភាព​ខ្ញុំ​មិន​ដូច​ដើម​ទៀត​ទេ​ ម្ល៉ោះ​ហើយ​ធ្វើ​ស្រែ​ ធ្វើ​ចម្ការ៘ គឺមាន​ម៉ាស៊ីន​ជំ​នួយ​ទាំង​អស់​។​ មាន​ម៉ាស៊ីន​គ្រប់​សព្វ​ ទើប​របរ​ស្រែ​ចម្ការ​ អាច​ទៅ​រួច។​ ប្រ​ហែល​ជា​មិន​យូរ​ឆ្នាំ​ទៀត​ទេ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​នឹង​ប្រ​គល់​ឱ្យ​កូន​ៗ​ទាំង​អស់​ ដើម្បី​ឈប់​សម្រាក​វ័យ​ចាស់​” លោក​ពូហ្វិញ​ម៉ាក​ បាន​ចែក​រំលែក​ដូច្នេះ៕​

ថាញឡុង​-លីសៀ

ចែករំលែកអត្ថបទ