គាំទ្រការចលនា “ទូទាំងប្រជាជនលត់ដំកាយសម្បទាតាមគំរូអ៊ំហូដ៏មហិមា” ចលនាកីឡាអប់រំកាយនៅតាមភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅកុះករនិងតំបន់ភ្នំ តែងបានយកចិត្តទុកដាក់។ ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់សុខភាព ជីវភាពស្មារតីរបស់ប្រជាជនផង អភិរក្សនិងពង្រីកលក្ខណៈប្រវេណីថ្លៃថ្លារបស់ជនរួមជាតិផង។
រូបថតជាឧទាហរណ៍។
ប៉ុន្មានឆ្នាំជិតៗនេះ ចលនាកីឡាអប់រំកាយ លើភូមិសាស្រ្តខេត្តអាងយ៉ាង បានការយកចិត្តទុកដាក់ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ នៅតាមឃុំ ទីប្រជុំជនភាគច្រើនមានទីលានសម្រាប់លេង ហ្វឹកហាត់និងប្រកួតកីឡា។ សាលាវិទ្យាល័យជនជាតិអន្តេវាសិក មានតួនាទីស្នូលក្នុងការជំរុញចលនាហ្វឹកហាត់កីឡាអប់រំកាយក្នុងជនរួមជាតិភាគតិច ពិសេសចំពោះស្រទាប់យុវវ័យ។
ទន្ទឹមនឹងការយកចិត្តទុកដាក់វិនិយោគរបស់ផ្នែកសមត្ថកិច្ច ភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅកុះករ ក៏បានរវាសរវៃចលនាប្រជាជនរួមវិភាគទានដោយផ្ទាល់ដើម្បីកសាងទីលានបម្រើការហ្វឹកហាត់ និងដោះដូរប្រកួតកីឡាជាញឹកញាប់។ ការប្រកួតនិងសកម្មភាពកីឡាអប់រំកាយបានក្លាយជាសកម្មភាពវប្បធម៌ប្រពៃណី បង្កលក្ខណសម្បត្តិសម្រាប់ប្រជាជនទំនាក់ទំនង រៀនសូត្រ ដោះដូរបទពិសោធន៍ កសាងចំណងសាមគ្គីរវាងបណ្ដាជនជាតិ។
បងចៅធី (នៅឃុំអូរឡឹម ស្រុកទ្រីតូង) ឱ្យដឹង៖ “រយៈពេលកន្លង រដ្ឋអំណាចភូមិភាគបានយកចិត្តទុកដាក់វិនិយោគកសាងទីលាន បង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់ប្រជាជនគ្រប់គ្នាចូលរួមហ្វឹកហាត់ដើម្បីប្រកួតកីឡាអប់រំកាយ។ រៀងរាល់ថ្ងៃ ខ្ញុំរួមជាមួយនឹងបងប្អូនក្នុងភូមិលេងបាល់ទះ ដើម្បីហាត់ប្រាណ។ ជួនកាល ខ្ញុំចូលរួមប្រកួតកីឡាដែលឃុំ ស្រុករៀបចំឡើង ឬប្រកួតដោះដូរជាមួយនឹងភូមិភាគនានា”។
ការប្រណាំងគោ តាំងពីយូរមកបានក្លាយជាវិញ្ញាសាកីឡាយ៉ាងពិសេសរបស់ជនរួមជាតិខ្មែរនៅតំបន់បៃណុយ។ រៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ ស្រុកទិញបៀងនិងស្រុកទ្រីតូង តែងរៀបចំពិធីប្រណាំងគោបៃណុយ។ អាស្រ័យហេតុនេះ ក៏ពង្រីកបាននូវអត្តសញ្ញាណវប្បធម៌និងកសាងផែនមហាសាមគ្គីជនជាតិ; បង្កើនកម្រិតទទួលផលខាងវប្បធម៌ស្មារតី បង្កបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យសែនដូនតា។ ព្រមជាមួយនោះ ផ្សព្វផ្សាយរូបភាពប្រណាំងគោបៃណុយដល់ប្រជាជនទាំងក្នុងនិងក្រៅប្រទេស។ “ឆ្នាំណាក៏ខ្ញុំទៅមើលប្រណាំងគោដែរ ឃើញនឹមគោប្រណាំងយកឈ្នះចាញ់យ៉ាងជក់ចិត្តណាស់។ ដើម្បីសម្រេចបានលទ្ធផលល្អ នឹមគោដែលយកមកប្រណាំងត្រូវមានសុខភាពល្អ ហើយអ្នកបញ្ជាគោក៏ត្រូវមានបទពិសោធន៍ផងដែរ” លោកង្វៀងវ៉ាន់ថាញ (នៅឃុំវិញថាញ់ ស្រុកចូវថាញ់) បានចែករំលែកដូច្នេះ។
រយៈពេលខាងមុខ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តអាងយ៉ាង នឹងបន្តសហការជាមួយនឹងគ្រប់ថ្នាក់ គ្រប់ផ្នែកនិងភូមិភាគ ជំរុញការងារផ្សព្វផ្សាយ ចលនា ណែនាំប្រជាជនចូលរួមហ្វឹកហាត់និងប្រកួតកីឡា៕
យោង៖ កាសែតអាងយ៉ាង-ប្រែសម្រួល៖ ថាច់ធី