យោងតាមសេចក្តីរបាយការណ៍របស់ផ្នែកសុខាភិបាលខេត្តវិញឡុង ស្ថានភាពជំងឺគ្រុនឈាមក្នុងខេត្តត្រូវបានគ្រប់គ្រង ចំនួនករណីកើតជំងឺថ្មីបានថយចុះជាបន្តបន្ទាប់។
ប្រជាជននៅភូមិទ្រុងត្រាច តែងពិនិត្យមើលពាង ក្រឡតម្កល់ទឹកខ្លាចមានដង្កូវទឹក។
ដើម្បីគ្រប់គ្រងបានជំងឺរាតត្បាត ខេត្តវិញឡុង បានអនុវត្តនូវដំណោះស្រាយជាច្រើនព្រមៗគ្នា ដូច៖ ឃោសនាលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។ ធ្វើការត្រួតពិនិត្យប្រចាំខែអំពីដង់ស៊ីតេមូស និងដង្កូវទឹកនៅតាមឃុំ។ ទន្ទឹមនឹងនោះ បើកយុទ្ធនាការកម្ចាត់ដង្កូវទឹក បាញ់ថ្នាំគីមីទ្រង់ទ្រាយធំ ដើម្បីកម្ចាត់សត្វមូស។ល។ ក្រៅពីនេះ គឺការសហការរវាងផ្នែកសុខាភិបាលជាមួយនឹងភូមិនានា យ៉ាងហ្មត់ចត់។
យោងតាមប្រសាសន៍លោកស្រីដាំងធីបែសាវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រាអូង ឱ្យដឹង៖ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗទៀត ប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រាអូង បានចេញសារលិខិតលេខ ២៦៩៣/UBND-VX ស្តីពីការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗនៅក្នុងស្រុក។ សារលិខិតបានបញ្ជាក់ច្បាស់ ប្រធានគណៈកម្មាធិការប្រជាជនស្រុកបានសំណូមពរមណ្ឌលសុខាភិបាលស្រុក បង្កើនការផ្សព្វផ្សាយអនុវត្តនូវយុទ្ធនាការកម្ចាត់ដង្កូវទឹក និងបាញ់ថ្នាំគីមីសម្លាប់មូស ដោយម្ចាស់ការលើភូមិសាស្រ្ត។ ពិសេស គឺត្រូវពិនិត្យតាមដានស្ថានភាពជំងឺរាតត្បាតយ៉ាងដិតដល់ សំដៅប្រទះឃើញករណីកើតជំងឺថ្មីបានឆាប់។ ជៀសវាងការផ្ទុះរាលដាលជំងឺនៅកន្លែងសម្បុករោគចាស់។ ទន្ទឹមនឹងនោះ ធ្វើការហ្វឹកហាត់ដល់បុគ្គលិកសុខាភិបាលអំពីការតាមដាន និងព្យាបាលជំងឺគ្រុនឈាម តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសង្រ្គោះ ព្យាបាលអ្នកជំងឺឱ្យបានទាន់ពេល និងកម្ចាត់សម្បុករោគពេលប្រទះឃើញភ្លាម។ល។ គណៈកម្មាធិការប្រជាជនស្រុក ក៏បានរំលឹកពីការសហការរវាងផ្នែកសុខាភិបាល និងផ្នែកអប់រំ ម្ល៉ោះហើយក៏បានសំណូមពរដល់ការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុក ត្រូវដឹកនាំគ្រឹះស្ថានអប់រំនានា ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការកម្ចាត់សត្វមូស និងដង្កូវទឹកក្នុងសាលារៀន និងសហគមន៍ លាងដៃជាមួយសាប៊ូ និងចាត់វិធានការបង្ការ ប្រឆាំងជំងឺឆ្លងផ្សេងៗទៀត តាមសេចក្តីណែនាំរបស់ផ្នែកសុខាភិបាល។ល។
នៅស្រុកវ៉ុងលីម លោកផាមមិញហ្វាង ប្រធានគណៈកម្មាធិការប្រជាជនស្រុក ក៏បានសំណូមពរឃុំ ទីប្រជុំជននានាបង្កើនការឃោសនា ចលនាប្រជាជនផ្សព្វផ្សាយអនុវត្តយុទ្ធនាការកម្ចាត់សត្វមូសនិងដង្កូវទឹក លើភូមិសាស្រ្តយ៉ាងខ្លាំងក្លាបំផុត។ បង្កើតក្រុមបង្ការ ទប់ស្កាត់ជំងឺរាតត្បាតក្នុងសហគមន៍ ដើម្បីឃោសនា ត្រួតពិនិត្យ និងណែនាំពីការអនុវត្តនូវវិធានការបង្ការនិងទប់ស្កាត់ជំងឺតាមការណែនាំរបស់ក្រសួងសុខាភិបាល។ល។ លោកកៀងថាញ់ដាក កម្មាភិបាលដំណាក់សុខាភិបាលឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម ឱ្យដឹង៖ “ខ្ញុំត្រូវបានថ្នាក់ដឹកនាំចាត់ឱ្យតាមដានយ៉ាងដិតដល់ស្ថានភាពជំងឺគ្រុនឈាមនៅភូមិទ្រុងត្រាច ដែលជាភូមិមួយមានជនរួមជាតិខ្មែររស់នៅកុះករ។ អាស្រ័យការស្រុះចិត្តគំនិតរបស់រដ្ឋអំណាចនិងប្រជាជន ម្ល៉ោះហើយភូមិគ្មានកើតមានជំងឺរាតត្បាតទេ”។
យោងតាមប្រសាសន៍ លោកហ្វិញថាញតឹម នាយករងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្តវិញឡុង មកដល់ពេលនេះ ចំនួនករណីកើតជំងឺគ្រុនឈាមក្នុងខេត្តបានថយចុះជាង ៥០% បើធៀបនឹងខែមុនៗ។ ទោះជាយ៉ាងនេះក្តី លោកក៏បានផ្តល់អនុសាសន៍ថា ប្រជាជនត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងកុំមានការធ្វេសប្រហែស ដើម្បីជៀសវាងជំងឺផ្ទុះរាលដាលឡើងវិញ៕
ហាថាញ-បកប្រែ៖ សុផន