មានជំនាញរឹងមាំ ប្តេជ្ញាជាមួយអាជីព អ្នកគ្រូត្រឹងធីគឹមហុង គ្រូបង្រៀនសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងខេត្តសុកត្រាំង តែងបានសិស្ស និងមិត្តរួមអាជីពគោរពស្រឡាញ់។
អ្នកគ្រូ ត្រឹងធីគឹមហុង កំពុងឱ្យពិន្ទុធ្វើលំហាត់របស់សិស្ស។
ឆ្នាំ ២០០៧ បញ្ចប់បរិញ្ញាបត្រគរុកោសល្យអក្សរសាស្រ្ត អ្នកគ្រូហុង បានបញ្ជូនមកបង្រៀននៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង រហូតមកទល់សព្វថ្ងៃ។ ជាមួយនឹងស្មារតីប្តេជ្ញាចិត្ត អស់ពីចិត្តនឹងអាជីពនិងដើម្បីសិស្សជាទីស្រឡាញ់ អ្នកគ្រូតែងបំពាក់បំប៉ន លត់ដំគុណសម្បត្តិ ក្រមសីលធម៌ជាគ្រូបង្រៀន មិនបង្អង់រៀនសូត្រ បង្កើនចំណេះដឹងដើម្បីមានវិធីសាស្ត្របង្រៀនល្អៗ សមស្របនឹងសិស្ស។
អ្នកគ្រូហុង ឱ្យដឹង៖ “ខ្ញុំជាអតីតសិស្សរបស់សាលា ដូច្នេះយល់ពីចិត្តសាស្ត្រសិស្សអន្តេវាសិក ក្នុងការបង្ហាត់បង្រៀន ខ្ញុំតែងរិះរកវិធីបង្រៀនល្អៗ សំដៅទាក់ទាញចំណាប់អារម្មណ៍សិស្សផង និងប្រកបដោយគុណភាពផង។ បង្រៀនវិញ្ញាសាអក្សរសាស្រ្ត ខ្ញុំសប្បាយចិត្តបំផុតនោះ គឺនៅពេលកណ្ដឹងរោទិ៍ចប់ម៉ោងរៀន ប៉ុន្តែសិស្សនៅតែសុំបន្ថែមពីរបីនាទីដើម្បីមានយោបល់ អំពីខ្លឹមសារមេរៀន។ នោះគឺជាកម្លាំងចិត្តដើម្បីខ្ញុំបន្តស្វែងយល់បន្ថែមចំណេះដឹងថ្មី រិះរកវិធីសាស្ត្របង្រៀនប្រកបដោយវិទ្យាសាស្ត្រ ទាក់ទាញសិស្សដើម្បីសម្រេចបានគុណភាពខ្ពស់ជាងទៀត”។ តាមអ្នកគ្រូហុង ដោយសារបានការយកចិត្តទុកដាក់ដោយអស់ពីចិត្តរបស់លោកគ្រូ អ្នកគ្រូ កាលនៅរៀនទីនេះ ទើបអ្នកគ្រូមានអារម្មណ៍កក់ក្ដៅ និងមានបំណងចង់ក្លាយជាគ្រូបង្រៀន។ ពិសេស ពេលដែលបានឮឪពុក និយាយ៖ “អាជីពជាគ្រូបង្រៀនគឺថ្លៃថ្នូរណាស់” កាន់តែធ្វើឱ្យអ្នកគ្រូមានកម្លាំងចិត្ត ហើយប្តេជ្ញាអនុវត្តតាមក្តីប្រាថ្នាជាងទៀត។ ពេលដែលក្លាយជាគ្រូបង្រៀន ខ្លួនអ្នកគ្រូផ្ទាល់តែងលត់ដំ រៀនសូត្រ ផ្លាស់ប្តូរជាមួយមិត្តរួមអាជីព តាមរយៈការចូលរួមម៉ោងបង្ហាត់បង្រៀន សមាជវិជ្ជាជីវៈ និងបធានបទផ្សេងៗ ដើម្បីលើកកម្ពស់ចំណេះដឹងមុខវិជ្ជាជីវៈ។ ផ្ដើមពីនោះ ផ្លាស់ប្ដូរវិធីសាស្ត្រ បង្រៀនថ្មីៗ សមស្របនឹងសិស្សដើម្បីសម្រេចបានគុណភាពខ្ពស់។ ជាពិសេស អ្នកគ្រូតែងជិតដិត យកចិត្ដទុកដាក់ថែទាំ ជួយសិស្សដើម្បីប្អូនៗបានទទួលអារម្មណ៍កក់ក្ដៅថា សាលាគឺជាផ្ទះ ហើយលោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទីពីរ។
ម៉ោងបង្រៀនរបស់អ្នកគ្រូត្រឹងធីគឹមហុង។
ទន្ទឹមនឹងនោះ អ្នកគ្រូហុង នៅទាំងច្នៃប្រតិដ្ឋ បទពិសោធន៍ក្នុងវិជ្ជាជីវៈ ត្រូវបានក្រុមប្រឹក្សា ប្រឡងប្រណាំងរបស់សាលាវាយតម្លៃខ្ពស់ ដូចជា៖ “គ្រូបង្រៀនប្រចាំថ្នាក់ ជាមួយការងារផ្ដល់យោបល់ ពិគ្រោះតម្រង់ទិសអាជីពឱ្យសិស្ស” សំដៅផ្ដល់យោបល់ ពិគ្រោះដល់សិស្សក្នុងការកំណត់ទិសដៅវិជ្ជាជីវៈ ក្រោយពីបញ្ចប់កម្រិតវិទ្យាល័យ; “លើកកម្ពស់ស្មារតីស្វ័យសិក្សាដល់សិស្សនៅសាលាអន្តេវាសិក” គឺសំដៅលើកកម្ពស់ស្មារតីស្វ័យសិក្សា លត់ដំចរិយាសម្បត្តិ បំណិនជីវិតដល់សិស្សនៅសាលាជនជាតិអន្តេវាសិកហ្វិញកឿង”។
លោកគ្រូថាច់សុង នាយកសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង វាយតម្លៃ៖ “អ្នកគ្រូត្រឹងធីគឹមហុង មានសីលធម៌ អាកប្បកិរិយាស្លូតបូត និងជាគ្រូបង្រៀនពូកែមួយរូបក្នុងចំណោមគ្រូបង្រៀនវិញ្ញាសាអក្សរសាស្ត្ររបស់សាលា។ ដោយការរួមចំណែករបស់អ្នកគ្រូហុង រយៈពេល ៣ ឆ្នាំបន្តបន្ទាប់ សាលាមានពិន្ទុប្រឡងបញ្ចប់កម្រិតវិទ្យាល័យខាងវិញ្ញាសាអក្សរសាស្រ្តខ្ពស់ជាងគេក្នុងខេត្ត។ ថ្នាក់ដែលអ្នកគ្រូហុង ទទួលបន្ទុកបង្រៀនវិញ្ញាសាអក្សរសាស្ត្រគឺ សិស្សសម្រេចបានពិន្ទុលើមធ្យមភាគ ១០០% ។ អ្នកគ្រូហុង ពិតជាគ្រូបង្រៀនគំរូ គួរឱ្យស្ងើចសរសើរ”៕
យ្វីអាញ-លេងមី