រយៈពេលកន្លង ភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង បានផ្សព្វផ្សាយនូវវិធានការជាច្រើន បន្តអនុវត្តល្អនូវគោលនយោបាយអភិវឌ្ឍអប់រំនៅតំបន់ជនជាតិភាគតិច។
សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកទ្រីតូង ស្រុកទ្រីតូង ខេត្តអាងយ៉ាង បានវិនិយោគកសាងសមរម្យ រួមចំណែកលើកកម្ពស់គុណភាពបង្រៀននិងរៀននៅតំបន់ជនរួមជាតិខ្មែរ។
លោកត្រឹងត្វឹងខាញ់ នាយករងនៃមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តអាងយ៉ាង ឱ្យដឹង៖ ដើម្បីអភិវឌ្ឍការអប់រំនៅតំបន់ជនជាតិភាគតិច ទន្ទឹមនឹងការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត បានចង្អុលការដល់សាលារៀននានា អនុវត្តនូវវិធានការជាច្រើនព្រមៗគ្នា។ ពិសេស គឺក្នុងអំឡុងពេលជំងឺ COVID-១៩ ប្រែប្រួលស្មុគស្មាញ ការបង្រៀននិងរៀននៅតំបន់ជនជាតិនៅតែរក្សាខ្ជាប់ដដែល។ គ្រូបង្រៀននៅសាលានានា បានរវាសរវៃ ច្នៃប្រតិដ្ឋក្នុងការប្រើប្រាស់ផ្នែកទន់ ដូចជា៖ Google Meet; K១២ Online, Microsoft Teams, Zoom Meeting។ល។ ដើម្បីរៀបចំបង្ហាត់បង្រៀនអនឡាញ ប្រើប្រាស់កម្មវិធី Google form ដើម្បីប្រគល់លំហាត់ដល់សិស្ស ។ល។ ក្រុមឯកទេសរបស់សាលា បានកសាងផែនការ ខ្លឹមសារបង្ហាត់បង្រៀនសមស្របជាមួយនឹងសិស្សគ្រប់រូប; បង្កើនការផ្លាស់ថ្មីនូវវិធានការបង្ហាត់បង្រៀន ជួយឱ្យសិស្សសកម្មនិងម្ចាស់ការក្នុងការរៀនសូត្រ។ សិស្សដែលខ្សោយ សាលាតែងកសាងផែនការបង្រៀនកួរ ដើម្បីប្អូនៗតាមទាន់ខ្លឹមសារកម្មវិធីសិក្សា ខណៈសិស្សបានវិលមកចូលរៀនផ្ទាល់ក្នុងសាលា។ល។ អាស្រ័យហេតុនោះ ឆ្នាំសិក្សា ២០២១ -២០២២ ខេត្តអាងយ៉ាង បន្តសម្រេចបានល្អនូវផែនការអប់រំជនជាតិនៅលើភូមិសាស្រ្ត។
មិនដោយឡែកតែខេត្តអាងយ៉ាងប៉ុណ្ណោះទេ ភូមិភាគជាច្រើនទៀតដែលមានជនជាតិភាគតិចរស់នៅកុះករនៅវាលរាបទន្លេគឺវឡុង ក៏អនុវត្តបានល្អនូវគោលនយោបាយអភិឌ្ឍអប់រំនៅតំបន់ជនជាតិផងដែរ។ តួយ៉ាងដូច៖ ក្រុងកឹងធើ បន្តអនុវត្តនូវសេចក្តីសម្រេចចិត្តលេខ ០១/២០១៥ /NQ-HĐND ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៥ របស់ក្រុមប្រឹក្សាប្រជាជនក្រុង ស្តីពីឧបត្ថម្ភកម្រៃសិក្សាដល់សិស្ស និស្សិត ជាជនជាតិភាគតិច។ រីឯខេត្តបាកលីវ បានពិនិត្យផ្ទៀងផ្ទាត់ ដោះស្រាយការលំបាកក្នុងការអនុវត្តរបបគោលនយោបាយឧបត្ថម្ភអភិវឌ្ឍអប់រំ និងអនុវត្តការផ្លាស់ថ្មីកម្មវិធី និងសៀវភៅសិក្សានៅតំបន់ជនជាតិភាគតិច។ ចំណែកខេត្តត្រាវិញ បានកសាងផែនការអនុវត្តគម្រោង បង្កើនការបង្រៀនភាសាវៀតដល់កុមារមតេ្តយ្យ និងសិស្សបឋមសិក្សានៅតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥។ គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង បានប្រកាសឱ្យប្រើផែនការលេខ ៨០/KH-UBND ចុះថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ស្ដីពីការបន្តផ្សព្វផ្សាយដំណាក់កាល ២ “បង្កើនការបង្រៀនភាសាវៀតដល់កុមារមតេ្តយ្យ និងសិស្សបឋមសិក្សានៅតំបន់ជនជាតិភាគតិចដល់ឆ្នាំ ២០២៥”។ល។
តាមប្រសាសន៍លោក តាវវៀតថាំង នាយករងនៃនាយកដ្ឋានភូមិភាគ III គណៈកម្មាធិការជនជាតិ មិនត្រឹមតែគិតគូរពីការបង្ហាត់បង្រៀនប៉ុណ្ណោះទេ ភូមិភាគនានាដែលមានជនជាតិភាគតិចរស់នៅកុះករនៅវាលរាបទន្លេគឺវឡុង ក៏បានជំរុញការរៀបចំទិវាជួបជុំពិគ្រោះជម្រើសសិស្ស និងតម្រង់ទិសវិជ្ជាជីវៈឆ្នាំ ២០២២ ដល់សិស្ស និស្សិត; ណែនាំពីបែបបទឱ្យបុលប្រាក់ ចំពោះសិស្ស និស្សិតដែលមានស្ថានភាពគ្រួសារលំបាក ដើម្បីទិញកុំព្យូទ័រ ឧបករណ៍រៀនអនឡាញ។ សកម្មភាពគិតគូរឧបត្ថម្ភ ជូនអំណោយអាហារូបករណ៍ដល់សិស្ស និស្សិតឆ្លងកាត់លំបាករៀនពូកែ; កុមារកំព្រាអាស្រ័យជំងឺ COVID -១៩ ក្នុងនោះមានកូនចៅជនរួមជាតិភាគតិច ក្នុងឱកាសថ្ងៃបុណ្យទានផ្សេងៗក៏ទទួលបានការយកចិត្តទុកដាក់។ល។ នេះជាសកម្មភាពមានអត្ថន័យជាក់ស្តែង បានរួមចំណែកយ៉ាងធំធេងសម្រាប់អភិវឌ្ឍអប់រំនៅតំបន់ជនជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង៕
ថាញឡុង-វិមាន