ណាត់ជួបបងដាវហាញ នៅភូមិថើយថ្វឹង B ទីរួមស្រុកថើយឡាយ ស្រុកថើយឡាយ ក្រុងកឹងធើ ច្រើនលើកមកហើយនៅតែមិនបានជួប ទើបយើងខ្ញុំត្រូវចុះមកដល់ស្រែដើម្បីជួបគាត់។
បងហាញ ដាំសណ្តែកខៀវជុំវិញដីស្រែ មិនទុកដីនៅទំនេរ។
ក្រៅពីដីស្រែ ២ កុងរបស់គ្រួសារ បងហាញនៅទាំងជួលដីស្រែ ៥ កុង ដើម្បីធ្វើបន្ថែម។ បងហាញ ឱ្យដឹង៖ “ខ្ញុំជួលដីស្រែ ៥ កុងនេះជាង ១០ ឆ្នាំមកហើយ អាស្រ័យហេតុនេះ ទើបគ្រួសាររកបានប្រាក់ចំណូលលំនឹង”។ ជាអ្នកឧស្សាហ៍ព្យាយាម ហេតុនោះបងហាញ មិនទុកដីនៅទំនេរឡើយ។ បងមិនធ្វើស្រែ ៣ រដូវទេ ព្រោះខ្លាចដីអស់ជីជាតិ មិនអំណោយផល បងក៏ដាំដំណាំរួមផ្សំមួយរដូវ។ បងហាញ បានដាំដំណាំឆ្លាស់គ្នា មួយឆ្នាំដាំពោត មួយឆ្នាំដាំសណ្តែកខៀវ។ បងហាញ ចង្អុលទៅអំពកស្រែស្រូវទុំ ឱ្យដឹង៖ “រដូវនេះ ស្រូវអំណោយផល ឃើញដូច្នោះខ្ញុំក៏សប្បាយចិត្តដែរ សង្ឃឹមថាពេលប្រមូលផល ស្រូវលក់បានថ្លៃ នឹងរកបានប្រាក់ចំណេញដូចការរំពឹងទុក”។
បងលីធីមីយុង ប្រពន្ធបងហាញកំពុងបកសម្បកសណ្តែតខៀវនៅផ្ទះ បងស្រីឱ្យដឹង៖ “ខ្ញុំប្រាប់គាត់ធ្វើតែស្រែបានហើយ គាត់ស្តាយដីក៏ដាំសណ្តែតខៀវជុំវិញស្រែដើម្បីរកចំណូលបន្ថែម។ គាត់ថែមទាំងដណ្តើមទៅបេះសណ្តែកទៀត ឱ្យខ្ញុំនៅផ្ទះចាំតែបកសម្បកទៅបានហើយ។ នៅក្នុងភូមិគេតែងហៅគាត់ថា អ្នកស្រឡាញ់ស្រែចម្ការ បានជាដណ្តើមធ្វើម្នាក់ឯង មិនឱ្យប្រពន្ធកូនជួយធ្វើ”។ តាមសម្ដីបងយុង ពេលប្រមូលផលពោត គួរណាស់លក់ម្តងឱ្យអស់ តែប្តីប្រពន្ធបងបែរជាកាច់យកមកស្ងោរលក់នៅឯផ្សារថើយឡាយ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ដើម្បីសន្សំសំចៃ មិនថាធ្វើស្រែ ឬធ្វើចម្ការទេ ប្តីប្រពន្ធបងសុទ្ធតែធ្វើដោយខ្លួនឯង កម្រជួលឈ្នួលណាស់។
តាមប្រសាសន៍ បងលីវតឹងឃឿង អនុប្រធានការិយាល័យជនជាតិស្រុកថើយឡាយ ដោយសារស៊ូទ្រាំលំបាក ទើបប្តីប្រពន្ធបងហាញចាកផុតពីភាពក្រីក្រ។ កូនប្រុសទាំងពីរក៏បានរៀនចប់ថ្នាក់ទី ១២ ហើយទៅរៀនបើកឡាន ក៏មានការងារលំនឹង។ ពេលគ្រួសារបានចាកភាពក្រីក្រ បងហាញ ក៏ឱ្យប្រពន្ធចូលរួមការងារនៅភូមិភាគ។ នៅថ្ងៃដែលបងយុង នាំសិស្សក្រីក្រសង្វាត់រៀនសូត្រមកទទួលអាហារូបករណ៍របស់សារព័ត៌មានកាសែតកឹងធើ ស្របក្នុងពេលនៅផ្ទះកំពុងប្រមូលផលពោត។ បងយុង រៀបរាប់៖ បងហាញគាត់ឱ្យខ្ញុំជូនក្មួយៗទៅ ព្រោះថាប្អូនៗជីវភាពក្រីក្រ បានទទួលអាហារូបករណ៍សប្បាយចិត្តណាស់ ដូច្នេះ យើងអាចជួយបានអ្វីគឺជួយទៅ។ បងហាញ បានកាច់ពោតហើយស្ងោរទុកជាស្រេច ចាំតែខ្ញុំមកយកទៅលក់តែប៉ុណ្ណោះ”។ ដោយបានប្តីជួយចែករំលែកការងារ ទើបបងយុង មានពេលចូលរួមការងាររណសិរ្សនៅភូមិថើយថ្វឹងB ។ បងលីវថា នៅភូមិជាមួយ ឱ្យដឹង៖ “ប្តីប្រពន្ធបង តែងឧស្សាហ៍ព្យាយាម អស់ពីចិត្តនិងយកចិត្តទុកដាក់ចំពោះអ្នកភូមិផងរបងជាមួយ ម្ល៉ោះហើយអ្នកណាក៏ចូលចិត្តដែរ។ ពូហាញ ជាគំរូជម្នះការលំបាកចាកភាពក្រីក្រ គួរឱ្យយកតម្រាបតាម”៕
ហាថាញ់-ត្រឹងរ៉ូន