មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/04/2026 - 06:52

លោក​គ្រូ​សឺន​សៅរ៍ – គំ​រូ​ល្អ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​ 

កំ​ព្រា​ឪ​ពុក​តាំង​ពី​អា​យុ ១៣ ឆ្នាំ ប៉ុន្តែ​ដោយ​ឆន្ទៈ​និង​បំ​ណង​ប្រាថ្នា​ក្នុង​ការ​សិក្សា​រៀន​សូត្រ លោក​គ្រូ​សឺន​សៅរ៍ បាន​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​តាម​វិស័យ​សិក្សា។ អស់​រយៈ​ពេល​ជិត ២០ ឆ្នាំ ផ្សារ​ភ្ជាប់​នឹង​ការ​បង្ហាត់​បង្រៀន​នៅ​វត្ត​សំ​រោង​ឯក លោក​គ្រូ​មិន​ត្រឹម​តែ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ព្រះ​សង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​ការ​និពន្ធ​អក្សរ​សិល្ប៍ រួម​ចំ​ណែក​អភិ​រក្ស​និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។

កើត​និង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួ​សារ​កសិករ​នៅ​ភូមិ​សំ​រោង សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង ជីវ​ភាព​របស់​លោក​គ្រូ​សឺន​សៅរ៍ លំ​បាក​តាំង​ពី​ក្មេង។ អា​យុ​ ១៣ ឆ្នាំ បន្ទាប់​ពី​ឪ​ពុក​ស្លាប់ សឺន​សៅរ៍ សម្រេច​ចិត្ត​បួស​សង​គុណ។ ក្នុង​រយៈ​ពេល​បួស​រៀន​ធម៌​វិន័យ​និង​អក្សរ​សាស្រ្ត​ខ្មែរ សឺន​សៅរ៍ បាន​យល់​ពី​តម្លៃ​នៃ​ចំ​ណេះ​ដឹង​មាន​សារៈ​សំ​ខាន់។ ផ្ដើម​ពី​នោះ គាត់​បាន​ប្ដេជ្ញា​ថា​ នឹង​ខិត​ខំ​រៀន​សូត្រ​ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន ហើយ​ផ្ដល់​ចំ​ណេះ​ដឹង​ដែល​ខ្លួន​បាន​រៀន​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ស្រុក។

លោក​គ្រូ​សឺន​សៅរ៍ ជា​គំ​រូ​ល្អ​ក្នុង​វិស័យ​អប់រំ​ជន​រួម​ជាតិ​ខ្មែរ។

ឆ្នាំ ១៩៩៥ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​ពុទ្ធិក​សិក្សា​បឋម​ភូមិ​បា​លី​-ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ (ចាស់) លោក​គ្រូ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ (ទី​ក្រុង​កឹង​ធើ)។ រំលឹក​ឡើង​វិញ​រយៈ​ពេល​នោះ លោក​គ្រូ​សឺន​សៅរ៍​ ឱ្យ​ដឹង៖ “នៅ​ពេល​នោះ គ្រួ​សារខ្ញុំ​លំ​បាក​ណាស់ ហើយ​មិន​អាច​គិត​គូរ​ថវិកា​រៀន​សូ​ត្រ​   ដូច្នេះ​ខ្ញុំ​ត្រូវ​ខិត​ខំ​អស់​ពី​សមត្ថ​ ​​ភាព​។ សំ​ណាង​ល្អ​ ខណៈ​ពេល​កំ​ពុង​សិក្សា​នៅ​សា​លា​នេះ តាំង​ពី​ការ​រស់​នៅ​រហូត​ដល់​ថ្លៃ​សិក្សា​គឺ​សា​លា​ឧបត្ថម្ភ​ទាំង​ស្រុង ម៉្លោះ​ហើយ​ខ្ញុំ​ស្ងប់​អា​រម្មណ៍​សិក្សា​រៀន​សូត្រ។ ក្រៅ​ពី​សិក្សា​នៅ​សា​លា​បា​លី ខ្ញុំ​ឆ្លៀត​ឱ​កាស​រៀន​ភា​សា​អង់​គ្លេស​បន្ថែម​ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង”។ បន្ទាប់​ពី​សិក្សា អស់​រយៈ​ពេល ៤ ឆ្នាំ ឆ្នាំ​២០០០ លោក​គ្រូ​បាន​បញ្ចប់​វគ្គ​សិក្សា ហើយ​ត្រ​ឡប់​មក​វត្ត​ដើម្បី​ជួយ​កិច្ច​ការ​ក្នុង​វត្ត ទន្ទឹម​នឹង​នោះ បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​ដល់​ព្រះ​សង្ឃ​បួស​ថ្មី​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ។ មិន​ផ្អាក​ត្រឹម​នេះ លោក​គ្រូ​បន្ត​សិក្សា​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ត្រា​វិញ ៣ ឆ្នាំ​ទៀត ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង។

ចាប់​ពី​ឆ្នាំ ២០០៤ លោក​គ្រូ​សឺន​សៅរ៍ បាន​វត្ត​សំ​រោង​ឯក​ចាត់​ឱ្យ​បង្រៀន​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​ក្នុង​វត្ត។ ក្នុង​រយៈ​ពេល​បង្រៀន លោក​គ្រូ​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម ឡើង​គ្រោង​មេ​រៀន​យ៉ាង​ហ្មត់​ចត់ អនុ​វត្ត​វិធី​សាស្រ្ត​បង្រៀន​ងាយ​យល់ សម​ស្រប​នឹង​សិស្ស​ម្នាក់ៗ។ ព្រះ​តេជ​គុណ ថាច់​ថាយ​ហ៊ុង សម​ណ​សិស្ស​សា​លា​ពុទ្ធិក​មធ្យម​សិក្សា​វត្ត​សំ​រោង​ឯក មាន​ថេរ​ដី​កា៖ “លោក​គ្រូ​សឺន​សៅរ៍ គឺ​ជា​គ្រូ​បង្រៀន​ដែល​មាន​សមត្ថ​ភាព​និង​មាន​បទ​ពិ​សោធន៍​ច្រើន ពិ​សេស​ផ្នែក​អត្ថ​បទ​និង​កំ​ណាព្យ។ លោក​គ្រូ​ពន្យល់​មេ​រៀន​បាន​ច្បាស់​លាស់ ងាយ​យល់​ជួយ​ដល់​សម​ណ​សិស្ស​ក្រេប​ជញ្ជក់​មេ​រៀន​បាន​យ៉ាង​ល្អ”។

មិន​ត្រឹម​តែ​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ប៉ុណ្ណោះ​ទេ លោក​គ្រូ​សឺន​សៅរ៍ នៅ​ទាំង​ចំ​ណាយ​ពេល​និង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​តែង និ​ពន្ធ​កំ​ណាព្យ​និង​អក្សរ​សិល្ប៍។ ឆ្នាំ​ ២០០៨ លោក​គ្រូ​បាន​អញ្ជើញ​ចូល​រួម​ជា​សមា​ជិក​សមា​គម​អក្សរ​សិល្ប៍​វិញ​ឡុង។ ដោយ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​និង​ស្រ​ឡាញ់​វប្ប​ធម៌​ជន​រួម​ជាតិ លោក​គ្រូ បាន​និពន្ធ​កំ​ណាព្យ​និង​បទ​ចម្រៀង​ជា​ច្រើន​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​ខ្មែរ។ ស្នា​ដៃ​របស់​លោក​គ្រូ​ភាគ​ច្រើន​អប់រំ​យុវ​ជន​ជំ​នាន់​ក្រោយ​ឱ្យ​មាន​ស្មារតី​អភិ​រក្ស​ភា​សា អក្សរ​សាស្រ្ត​ជាតិ ទន្ទឹម​នឹង​នោះ ជំ​រុញ​ទឹក​ចិត្ត​យុវ​ជន​ឱ្យ​ចេះ​ស្រ​ឡាញ់​ភូមិ​កំ​ណើត ប្រ​ទេស​ជាតិ។ ស្នា​ដៃ​មួយ​ចំ​នួន​របស់​លោក​គ្រូ​បាន​បោះ​ពុម្ព​ផ្សាយ​លើ​ទំ​ព័រ​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍ និង​បាន​ក្រុម​សិល្បៈ​យក​ទៅ​សម្តែង​ទៀត​ផង រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​តម្លៃ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ជីវ​ភាព​សហ​គមន៍។

ដោយ​មិន​បង្អង់​ក្នុង​ការ​សិក្សា​រៀន​សូត្រ លោក​គ្រូ​សឺន​សៅរ៍ បាន​ប្រ​ឡង​ជាប់​ចូល​រៀន​គរុ​កោ​សល្យ​អក្សរ​សាស្ត្រ​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា លោក​គ្រូ​បាន​ជ្រើស​រើស​ចូល​ក្រប​ខណ្ឌ​របស់​សា​លា​មធ្យម​សិក្សា​បា​លី-ខ្មែរ​វិញ​ឡុង។ បច្ចុប្បន្ន លោក​គ្រូ​បង្រៀន​មុខ​វិជ្ជា​កំ​ណាព្យ​នៅ​វត្ត​សំ​រោង​ឯក​និង​នៅ​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​វិញ​ឡុង។ ព្រះ​តេជ​គុណ គឹម​សេន​វិចិត្រ​ សម​ណ​សិស្ស​ថ្នាក់​ទី ១១ B សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​វិញ​ឡុង​ ឱ្យ​ដឹង៖ “អា​ស្រ័យ​ការ​បង្ហាត់​បង្រៀន​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​របស់​លោក​គ្រូ​សឺន​សៅរ៍ ទើប​អា​ត្មា​ងាយ​យល់។ លោក​គ្រូ​ពន្យល់​យ៉ាង​លម្អិត កន្លែង​ណា​សិស្ស​មិន​ទាន់​ច្បាស់ លោក​គ្រូ​ពន្យល់​សា​ឡើង​វិញ​រហូត​ដល់​យល់”។

លោក​លឹម​សុរន្តរ៍ ចាង​ហ្វាង​រង​សា​លា​មធ្យម​សិក្សា​បា​លី​-ខ្មែរ​វិញ​ឡុង​ ឱ្យ​ដឹង៖ “លោក​គ្រូ​ សឺន​សៅរ៍ គឺ​ជា​គំរូ​ល្អ​ដោយ​មាន​ស្មារតី​រៀន​សូត្រ និង​ស្រាវ​ជ្រាវ​ជ្រៅ​ជ្រះ​ក្នុង​វិស័យ​អប់រំ។ លោកគ្រូ​តែង​ម្ចាស់​ការ​និង​សកម្ម​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច; សម្រេច​ការ​ងារ​បង្ហាត់​បង្រៀន​បាន​ល្អ ស្រាវ​ជ្រាវ និង​បម្រើ​សហ​គមន៍។ ដោយ​មាន​ជំ​នាញ​ខាង​អក្សរ​សាស្ត្រ​និង​កំ​ណាព្យ លោក​គ្រូ​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិ​រក្ស និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ”។

 លោក​គ្រូ​សឺន​សៅរ៍​ (ខាង​ឆ្វេង)។

ព្រះ​តេជ​គុណ គឹម​ថាញ​ហៀង ព្រះ​ពហុ​ស្សូត​ឆ្វេង​វត្ត​សំ​រោង​ឯក មាន​ថេរ​ដី​កា៖ “អស់​រយៈ​ពេល​ជិត ២០ ឆ្នាំ លោក​គ្រូ​សឺន​សៅរ៍ ជួយ​បង្ហាត់ បង្រៀន​នៅ​វត្ត​សំ​រោង​ឯក គាត់​មាន​បទ​ពិ​សោធន៍​ច្រើន ស្រ​ឡាញ់​អា​ជីព​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជា​មួយ​ការ​ងារ។ មិន​ត្រឹម​តែ​ជា​គ្រូ​បង្រៀន​ប៉ុណ្ណោះ​ទេ លោក​គ្រូ​ជា​គណៈ​អភិ​បាល​វត្ត ហើយ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​ជា​ច្រើន​បម្រើ​សហ​គមន៍។ ថ្មី​ៗ​នេះ លោក​គ្រូ​ចូល​រួម​គម្រោង​ឌីជី​ថល​សា​ស្ត្រា​ស្លឹក​រឹត​នៅ​វត្ត​សំ​រោង​ឯក អា​ស្រ័យ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​សហ​ការ​អនុ​វត្ត ក្រោម​ការ​ឧបត្ថម្ភ​ពី​មូល​និធិ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ភូមិ​ភាគ​របស់​ស្ថាន​ទូត​កា​ណា​ដា ប្រ​ចាំ​ការ​នៅ​វៀត​ណាម។ ពិ​សេស លោក​គ្រូ​បង្ហាត់​បង្រៀន​នៅ​ក្នុង​វត្ត ដោយ​គ្មាន​ប្រាក់​ខែ​អ្វី​ទាំង​អស់។ គាត់​ជា​គំ​រូ​ល្អ​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ”។

ដោយ​ការ​ព្យា​យាម​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​ជា មួយ​អា​ជីព លោក​គ្រូ​សឺន​សៅរ៍ បាន​រួម​ចំ​ណែក​ ណ្តុះ​បណ្តាល​ព្រះ​សង្ឃ​និង​សិស្សា​នុសិស្សខ្មែរ​ជា​ច្រើន​ជំ​នាន់ ទន្ទឹម​នឹង​នោះ សកម្ម​អភិ​រក្ស និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ។ ការ​រួម​ចំ​ណែក​របស់​លោក​គ្រូ​បាន​ទទួល​ស្គាល់ តាម​រយៈ​លិ​ខិត​សរ​សើរ ប័ណ្ណ​សរ​សើរ​ជា​ច្រើន ពី​គ្រប់​ថ្នាក់ គ្រប់​ផ្នែក។ គំ​រូ​របស់​លោក​គ្រូ​សឺន​សៅរ៍ គឺ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ស្មារតី​នៃ​ការ​សិក្សា​រៀន​សូត្រ ឆន្ទៈ​ឈាន​ឡើង​និង​អស់​ពី​ចិត្ត​ពី​ថ្លើម ដើម្បី​សហ​គមន៍៕

                                      អត្ថ​បទ​៖ទីទុយ

ចែករំលែកអត្ថបទ