មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/04/2026 - 06:55

អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ នៅ​លើ​ភូមិ​ឋានទី​ក្រុង​កឹង​ធើ ការ​ជំ​រុញ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ផលិត​កសិ​កម្ម បាន​នាំ​មក​នូវ​ការ​វិវឌ្ឍន៍​យ៉ាង​សកម្ម​ជា​ច្រើន។ តាម​រយៈ​នោះ ជួយ​លើក​កម្ពស់​ទិន្ន​ផល គុណ​ភាព​កសិ​ផល បន្ថយ​ការ​ចំ​ណាយ និង​កម្លាំង​ពល​កម្ម​ព្រម​ទាំង​ឆ្លើយ​តប ទៅ​នឹង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​នៃ​ទី​ផ្សារ សំ​ដៅ​ដល់​ការ​ផលិត​ប្រ​កប​ដោយ​ចីរ​ភាព បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។

  បង​លី​វើង នៅ​ភូមិ​ដៃ​សូ​ ឃុំ​យ៉ា​ហ្វា ទី​ក្រុង​កឹង​ធើ ប្រើ​ដ្រូន​កសិ​កម្ម​ក្នុង​ការ​ផលិត​ស្រូវ​នាំ​មកនូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។

ក្រោយ​ពី​ការ​ដាំ​ដុះ​ជា​ច្រើន​ឆ្នាំ​មក បង​ឡេ​ថាញ​តឹង នៅ​ភូមិ​បៃ​ង៉ាង ឃុំ​តឹង​ហ្វា បាន​យល់​ថា វិធី​សាស្ត្រ​ដាំ​ដុះ​តាម​បែប​ប្រ​ពៃ​ណី​នៅ​មាន​ចំ​ណុច​ខ្វះ​ខាត​ជា​ច្រើន ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ទាប​។ ហេតុ​ដូច្នេះ ក្នុង​បំ​ណង​ចង់​ផ្គត់​ផ្គង់​ផលិត​ផល​ដែល​មាន​គុណ​ភាព​ទៅ​កាន់​ទី​ផ្សារ ឆ្លើយ​តប​នឹង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​នៃ​អ្នក​ប្រើ​ប្រាស់ ឆ្នាំ​២០២០ បង​តឹង បាន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ ដើម្បី​វិនិ​យោគ​ដាក់​ប្រ​ព័ន្ធ​បាញ់​ទឹក​ផ្សែង​ក្រូច​ស្វ័យ​ប្រ​វត្តិ​ដល់​ចម្ការ​ស្វាយ​កែវ​រមៀត​លើ​ផ្ទៃ​ដី ០២ ហិក​តា។ ចែក​រំលែក​អំ​ពី​អត្ថ​ប្រ​យោជន៍​នៃ​ទម្រង់​នេះ បង​តឹង ឱ្យ​ដឹង៖ “ប្រ​ព័ន្ធ​បាញ់​ទឹក​ផ្សែង​ក្រូច​លើ​ដើម​ស្វាយ ជួយ​ឱ្យ​យើង​ម្ចាស់​ការ​ក្នុង​ការ​សម្រួល​បរិ​មាណ​ទឹក​ស្រោច​ស្រព ប្រិត​សំ​ចៃ​បាន​ទឹក​និង​ជី។ ចំ​ពោះ​របៀប​ស្រោច​ស្រព​កាល​ពី​មុន ទុយោ​ទឹក​ត្រូវ​អូស​ទៅ​ដល់​គល់​ស្វាយ​នី​មួយៗ​ដើម្បី​ស្រោច​កម្លាំង​ទឹក​ហូរ​ខ្លាំង​ពិ​បាក​គ្រប់​គ្រង​និង​ធ្វើ​ឱ្យ​ហូរ​ច្រោះ​ដី​និង​ជី។ ឯ​ប្រ​ព័ន្ធ​បាញ់​ទឹក​ផ្សែង​ក្រូច​ពី​លើ​នឹង​ផ្តល់​ទឹក​បាន​គ្រប់​គ្រាន់​ដល់​ដើម​ស្វាយ ព្រម​ទាំង​ជួយ​លាង​ជម្រះ​ទឹក​ភ្លៀង​ខុស​រដូវ​ដែល​ជាប់​លើ​ផ្កា​ស្វាយ​ផង​ដែរ។ ក្រៅ​ពី​នេះ ប្រ​ព័ន្ធ​នេះ​នៅ​ទាំង​ជួយ​ប្រិត​សំ​ចៃ​ពេល​វេលា​និង​កម្លាំង​ពល​កម្ម ដោយ​គ្រាន់​តែ​អនុ​វត្ត​តាម​ជំ​ហាន​ងាយៗ​មួយ​ចំ​នួន គឺ​អាច​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​ជា​ច្រើន​ហិក​តា​បាន​យ៉ាង​ឆាប់​។ ចំ​ពោះ​ផ្ទៃ​ដី​ដាំ​ស្វាយ​កែវ​រមៀត ០២ ហិក​តា ផ្តល់​ទិន្ន​ផល​បាន​ជាង​២០​តោន​ក្នុង​មួយ​រដូវ តម្លៃ​ពី ៥០​.០០០-៧០​.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម។ បើ​ប្រៀប​នឹង​ពី​មុន ទិន្ន​ផល​គឺ​ខ្ពស់​ជាង​ប្រ​ហែល ២០%”។

ជា​មួយ​នឹង​ទិស​ដៅ​យន្តូប​នីយ​កម្ម​កសិ​កម្ម​ និង​ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​ការ​ផលិត ដើម្បី​ជួយ​បង្កើន​ទិន្ន​ផល​ ព្រម​ទាំង​ប្រិត​សំ​ចៃ​កម្លាំង​ពល​កម្ម ពេល​វេលា​និង​បន្ថយ​ការ​ប៉ះ​ពាល់​នឹង​សារ​ធាតុ​គី​មី។ ឆ្នាំ ២០២៤ គ្រួ​សារ៎បង​លី​វើង​នៅ​ភូមិ​ដៃ​សូ ឃុំ​យ៉ា​ហ្វា បាន​វិនិ​យោគ​ជាង ៤០០ លាន​ដុង ដើម្បី​ទិញ​ដ្រូន​ក​សិកម្ម​សម្រាប់​បម្រើ​ការ​ផលិត។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​បង​លី​វើង ឱ្យ​ដឹង៖ “ចាប់​ពី​មាន​ដ្រូន​មក បាន​ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​កាត់​បន្ថយ​ចំ​ណាយ បាន​ច្រើន​លើ​ការ​ព្រោះ​ស្រូវ បាញ់​ថ្នាំ​និង​បាច់​ជី។ ក្រៅ​ពី​នេះ នៅ​ទាំង​ជួយ​ឱ្យ​គ្រួ​សារ​មាន​ចំ​ណូល​បន្ថែម​ពី​ការ​ស៊ី​ឈ្នួល​បាញ់​ថ្នាំ​ឱ្យ​មា​មីង​ក្នុង​ភូមិ​ភាគ​ទៀត​ផង”។ ក្រៅ​ពី​បន្ថយ​បាន​កម្លាំង​ពល​កម្ម​ ពេល​វេលា​ថែ​ទាំ​និង​ជួយ​ឱ្យ​កសិ​ករ​បន្ថយ​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​សារ​ធាតុ​គី​មី ប្រើ​ប្រាស់​ដ្រូន​បាញ់​ថ្នាំ​ផ្តល់​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​ការ​បាញ់​ដោយ​ដៃ។ ល្បឿន​នៃ​ការ​បាញ់​ថ្នាំ​ក៏​លឿន​ជាង​មុន ក្នុង​មួយ​ហិក​តា​ចំ​ណាយ​ពេល​ត្រឹម​តែ ១៥ នា​ទី​ប៉ុណ្ណោះ ខណៈ​ដែល​ការ​បាញ់​ដោយ​ដៃ​ត្រូវ​ចំ​ណាយ​ពេល​រហូត​ដល់ ៣ ម៉ោង។ “ប្រើ​ប្រាស់​ដ្រូន​កសិ​កម្ម ជួយ​បន្ថយ​ការ​ចំ​ណាយ​ប្រ​ហែល ៣០% បើ​ធៀប​នឹង​វិធី​សាស្ត្រ​ធ្វើ​តាម​បែប​បុ​រាណ​ ទិន្ន​ផល​ស្រូវ​ក៏​កើន​ឡើង​យ៉ាង​ច្បាស់​ក្រ​ឡែត កើន​ពី ៨០០ គី​ឡូ​ក្រាម​ក្នុង​មួយ​កុង​ឡើង​ដល់ ១.០០០​គី​ឡូ​ក្រាម​ក្នុង​មួយ​កុង” បង​លី​វើង បាន​ឱ្យ​ដឹង​ដូច្នេះ។

ប្រ​ព័ន្ធ​បាញ់​ទឹក​ផ្សែង​ក្រូច​ស្វ័យ​ប្រ​វត្តិ​ដល់​ចម្ការ​ស្វាយ​កែវ​រមៀត​របស់​បង​ឡេ​ថាញ​តឹង នៅ​ភូមិ​បៃ​ង៉ាង ឃុំ​តឹង​ហ្វា ទី​ក្រុង​កឹង​ធើ។

តាម​សម​មិត្ត​ដាំង​តឹង​យ៉ាង​ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ ដើម្បី​ជំ​រុញ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត នៅ​ពេល​ខាង​មុខ មន្ទីរ ស្ថា​ប័ន ភូមិ​ភាគ​និង​អង្គ​ភាព​ពាក់​ព័ន្ធ​នា​នា​នឹង​បង្កើន​ការ​សាក​ល្បង​ពូជ​ថ្មីៗ។ ពង្រីក​ទម្រង់​ផលិត​ដែល​អនុ​វត្ត​វិទ្យា​សាស្ត្រ​និង​បច្ចេក​ទេស​ជឿន​លឿន​ សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​និង​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ។ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ ចង​សម្ព័ន្ធ​រវាង​កសិករ​និង​អា​ជីវ​កម្ម ធា​នា​បាន​នូវ​ច្រក​ចេញ​សម្រាប់​ផលិត​ផល ព្រម​ទាំង​អំ​ពាវ​នាវ​ដល់​អា​ជីវ​កម្ម​ឱ្យ​មក​វិនិ​យោគ​ក្នុង​វិស័យ​កសិ​កម្ម​ បង្ក​ការ​ងារ​ធ្វើ​និង​បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​ពល​កម្ម​នៅ​ជន​បទ។

អាច​សង្កេត​ឃើញ​ថា អា​ស្រ័យ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ ទម្រង់​សេដ្ឋ​កិច្ច​ជា​ច្រើន​បាន​បង្កើន​ប្រ​សិទ្ធ​ភាព។ តាម​រយៈ​នោះ រួម​ចំ​ណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​នូវ​ផលិត​ផល​កសិ​កម្ម ជួយ​ជំ​រុញ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​កសិ​កម្ម​នៅ​ក្នុង​ភូមិ​ឋាន​ទី​ក្រុង៕

 ថាញ​វ៉ាង-ដា​លីន

 

ចែករំលែកអត្ថបទ