មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/04/2026 - 08:14

សិល្ប​ករ​ប្រ​ជា​ប្រិយ​មាន​ទេព​កោ​សល្យ 

លោក​ថាច់​ស្រស់ នៅ​ភូមិ​ជ្រៃ​ប្រា​សាទ ឃុំ​ដូង​ចូវ ខេត្ត​វិញ​ឡុង ជា​បុគ្គល​គំរូ​ដែល​លះ​បង់​កម្លាំង​កាយ​ចិត្ត ដើម្បី​អភិ​រក្ស​និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ គាត់​បាន​មា​មីង​ស្រ​ឡាញ់​រាប់​អាន ហើយ​តែង​ហៅ​គាត់​ថា “សិល្ប​ករ​ប្រ​ជា​ប្រិយ”។

  លោក​ថាច់​ស្រស់ កំ​ពុង​បង្រៀន​សិស្ស​នៅ​វត្ត​ជ្រៃ​ប្រា​សាទ។

នៅ​ក្នុង​គេ​ហដ្ឋាន​របស់​លោក​ថាច់​ស្រស់ សម្បូរ​ទៅ​ដោយ​កម្រង​វណ្ណ​កម្ម​កំ​ណាព្យ និង​បទ​ភ្លេង​ដែល​លោក​និពន្ធ​ចង​ក្រង​ដោយ​ផ្ទាល់។ ស្នា​ដៃ​ទាំង​នេះ តែង​បាន​មា​មីង​ក្នុង​ភូមិ​ស្រុក​យក​ទៅ​សូត្រ​និង​ច្រៀង​កម្សាន្ត​ក្នុង​សកម្ម​ភាព​សហ​គមន៍។ ចែក​រំលែក​ពី​ចំ​ណូល​ចិត្ត​ក្នុង​ការ​និពន្ធ លោក​ថាច់​ស្រស់ ឱ្យ​ដឹង៖ “បច្ចុប្បន្ន ស្រុក​ភូមិ​រីក​ចម្រើន​ប្លែក​ជាង​ពី​មុន​ច្រើន​ណាស់ ទាំង​ផ្លូវ​ថ្នល់ សា​លា​រៀន​ស្អាត​បាត និង​ជីវ​ភាព​របស់​មា​មីង​ក៏​ធូរ​ធារ​ជាង​មុន​ដែរ។ ខ្ញុំ​និពន្ធ​បទ​ភ្លេង​និង​តែង​កំ​ណាព្យ​ស្ងើច​សរ​សើរ​ភូមិ​ស្រុក ក្នុង​គោល​បំ​ណង​ចង់​ឱ្យ​កូន​ចៅ​ជំ​នាន់​ក្រោយ​មាន​មោទន​ភាព ព្រម​ទាំង​ចេះ​ថែ​រក្សា​ភា​សា អក្សរ​សាស្ត្រ​និង​វប្ប​ធម៌​ខ្មែរ”។ ក្រៅ​ពី​ចេះ​និ​ពន្ធ​កំ​ណាព្យ លោក​ស្រស់ នៅ​ទាំង​ចេះ​ប្រ​គុំ​ឧប​ករណ៍​តន្ត្រី​ប្រ​ពៃ​ណី​យ៉ាង​ស្ទាត់​ជំ​នាញ ដូច​ជា៖ ទ្រ​អ៊ូ ស្គរ​សម្ភោរ​និង​ចា​ប៉ី​ដង​វែង​ជា​ដើម។ តន្ត្រី​របស់​លោក​គឺ​ការ​រួម​បញ្ចូល​រវាង​ប្រ​ពៃ​ណី​និង​ការ​ច្នៃ​ប្រ​តិដ្ឋ រក្សា​បាន​នូវ​អត្ត​សញ្ញាណ​ជាតិ និង​សម​ស្រប​តាម​ចំ​ណូល​ចិត្ត​របស់​អ្នក​ស្តាប់​សម័យ​ទំ​នើប។ ទន្ទឹម​នឹង​នោះ ទឹក​ដម​សំ​ឡេង​ដ៏​ពី​រោះ​គួរ​ឱ្យ​ទាក់​ទាញ​របស់​លោក បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ការ​ជួប​ជុំ​ក្នុង​សហ​គមន៍​កាន់​តែ​អធិក​អធម រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​ភាព​រវាង​មា​មីង​ក្នុង​ភូមិ​ស្រុក។

មិន​ត្រឹម​តែ​មាន​ទេព​កោ​សល្យ​សិល្បៈ​ប៉ុណ្ណោះ​ទេ លោក​ថាច់​ស្រស់ នៅ​ទាំង​យល់​ដឹង​ច្បាស់​អំ​ពី​ទំ​នៀម​ទម្លាប់ និង​ពិធី​កិច្ច​សាស​នា ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទៀត​ផង។ ក្នុង​តួ​នា​ទី​ជា​អា​ចារ្យ លោក​ក៏​ជា​អ្នក​ណែ​នាំ​និង​ចាត់​ចែង​រៀប​ចំ​កម្ម​វិធី​បុណ្យ​ទាន​នា​នា ធា​នា​បាន​នូវ​ភាព​សម​រម្យ​និង​ត្រឹម​ត្រូវ។

ក្រៅ​ពី​នោះ លោក​ថាច់​ស្រស់ នៅ​ទាំង​បាន​ចំ​ណាយ​ពេល​វេលា ដើម្បី​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ និង​ភា​សា​បា​លី​ដល់​សមណៈ​សិស្ស និង​កុមារ​នៅ​វត្ត​ជ្រៃ​ប្រា​សាទ​ទៀត​ផង។ ប្អូន​គឹម​ធី​ង៉ុក​ទឺយ ជា​សិស្ស​ម្នាក់​របស់​លោក​គ្រូ​ថាច់​ស្រស់ ឱ្យ​ដឹង៖ “លោក​គ្រូ​បង្រៀន​ងាយ​យល់​ណាស់ ហើយ​ថែម​ទាំង​ច្រៀង​ឱ្យ​ពួក​ខ្ញុំ​ស្តាប់ ដើម្បី​ឱ្យ​ឆាប់​ចង​ចាំ​មេ​រៀន​ទៀត​ផង។ អា​ស្រ័យ​ហេតុ​នេះ ទើប​ខ្ញុំ​ឆាប់​យល់​ឆាប់​ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ”។

លោក​គៀង​តៀ សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ជ្រៃ​ប្រា​សាទ មាន​ប្រ​សាសន៍៖ “លោក​អា​ចារ្យ​ស្រស់ មិន​ត្រឹម​តែ​យល់​ដឹង​ច្បាស់​ពី​ទំ​នៀម​ទម្លាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចេះ​ពន្យល់​យ៉ាង​ក្បោះ​ក្បាយ​អំ​ពី​អត្ថ​ន័យ​នៃ​ពិធី​កិច្ច​នី​មួយៗ ជួយ​ឱ្យ​មា​មីង​កាន់​តែ​យល់​ដឹង និង​ថែ​រក្សា​ប្រ​ពៃ​ណី​ឱ្យ​កាន់​តែ​ប្រ​សើរ​ទៀត​ផង។ ចំ​ពោះ​ការ​ងារ​បង្រៀន លោក​តែង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​បង្ហាត់​បង្រៀន​សមណៈ​សិស្ស​និង​កូន​ចៅ​សិស្សា​នុសិស្ស។ អា​ស្រ័យ​ហេតុ​នោះ ទើប​យុវ​ជន​ជំ​នាន់​ក្រោយ​ចេះ​អក្សរ​សាស្ត្រ​ខ្មែរ ចេះ​ច្រៀង និង​ចេះ​តែង​កំ​ណាព្យ​។ល។ ក្នុង​ពិធី​បុណ្យ​ផ្សេងៗ មា​មីង​តែង​មាន​ភាព​ជឿ​ជាក់ និង​កក់​ក្តៅ ក្រោម​ការ​ណែ​នាំ​ផ្ទាល់​របស់​លោក”។

ក្នុង​តួនា​ទី​ណា​ក៏​ដោយ លោក​ថាច់​ស្រស់ តែង​តែ​ខិត​ខំ​លះ​បង់​កម្លាំង​កាយ​ចិត្ត ដើម្បី​បម្រើ​ផល​ប្រ​យោជន៍​សហ​គមន៍។ រាល់​ការ​រួម​ចំ​ណែក​ដ៏​ស្ងៀម​ស្ងាត់​របស់​លោក បាន​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ថែ​រក្សា​និង​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ឱ្យ​កាន់​តែ​សាយ​ភាយ​ក្នុង​ជីវ​ភាព​បច្ចុប្បន្ន។ ជំ​នឿ​ទុក​ចិត្ត​និង​ក្តី​ស្រ​ឡាញ់​របស់​មា​មីង​បង​ប្អូន គឺ​ជា​កម្លាំង​ចល​ករ​ដ៏​ធំ​បំ​ផុត​សម្រាប់​រូប​លោក។ តាម​រយៈ​សកម្ម​ភាព​ដ៏​សា​មញ្ញ​តែ​ពោរ​ពេញ​ដោយ​អត្ថ​ន័យ លោក​ថាច់​ស្រស់ កំ​ពុង​រួម​ចំ​ណែក​រក្សា “ព្រលឹង” វប្ប​ធម៌​ខ្មែរ ដើម្បី​ផ្ទេរ​បន្ត​នូវ​តម្លៃ​ដ៏​ថ្លៃ​ថ្លា​ទាំង​នោះ​ដល់​ជំ​នាន់​ក្រោយៗ​ទៀត៕

                            ស៊ើង​ម៉ាល័យ - ថាច់​ធី

ចែករំលែកអត្ថបទ