អ្នកគ្រូឡេធីយ៉ីមហ្គឿង ជាគ្រូបង្រៀនសាលាវិទ្យាល័យញ៉ីទ្រឿង ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងយកអស់ពីចិត្តពីថ្លើមគិតគូរដល់ការបង្ហាត់បង្រៀន ម្ល៉ោះហើយតែងបានសិស្សគោរពស្រឡាញ់។
អ្នកគ្រូឡេធីយ៉ីមហ្គឿង គ្រូបង្រៀនសាលាវិទ្យាល័យញ៉ីទ្រឿង។
ដើម្បីសម្រេចក្តីស្រមៃតាំងពីតូច អ្នកគ្រូឡេធីយ៉ីមហ្គឿង បានប្រឡងចូលរៀនមុខវិជ្ជាគរុកោ សល្យ ជំនាញខាងគណិតនៅសាកលវិទ្យាល័យកឹងធើ។ ឆ្នាំ ២០០៨ ក្រោយពីបញ្ចប់ការសិក្សា អ្នកគ្រូក៏បានសុំទៅបង្រៀននៅសាលាវិទ្យាល័យញ៉ីទ្រឿង មានទីតាំងនៅភូមិត្រពាំងវែង ឃុំញ៉ីទ្រឿង។ អ្នកគ្រូហ្គឿង បានឲ្យដឹង៖ “ជាង ១០ ឆ្នាំទៅបង្រៀន ក្តីស្រឡាញ់ចំពោះអាជីពជាគ្រូបង្រៀនមិនរលត់បាត់ឡើយ ថែមទាំងពុះពោរក្នុងបេះដូងរបស់ខ្ញុំជានិច្ចដោយការស្រឡាញ់ ការគោរពអំពីកូនសិស្សនិងការគាំទ្ររបស់មិត្តរួមអាជីព។ រយៈពេលកន្លង ខ្ញុំរៀនបានបទពិសោធន៍ជាច្រើន ទើបមានភាពជឿជាក់លើខ្លួនឯង ដើម្បីឈរបង្ហាត់ បង្រៀនផ្តល់នូវចំណេះដឹងដល់ប្អូនៗសិស្សានុសិស្ស”។ ដោយទឹកស្រឡាញ់អាជីព អ្នកគ្រូហ្គឿង បានឆ្លងកាត់រាល់ឧបសគ្គដើម្បីស្វែងរក វិធីបង្រៀនល្អៗដល់សិស្ស ពិសេសគឺសិស្សជនជាតិខ្មែរ។ ផ្តើមពីនោះ ម៉ោងបង្រៀនគណិតរបស់អ្នកគ្រូ មិនបង្កឱ្យមានសម្ពាធ ការធុញទ្រាន់ ផ្ទុយវិញគឺជួយឲ្យសិស្សចូលចិត្តនិងយល់មេរៀនបានឆាប់រហ័ស។ ការអស់ពីចិត្តរបស់អ្នកគ្រូបានជួយឲ្យសិស្សពង្រឹងបានសមត្ថភាពក្នុងការរៀនសូត្រនិងមានភាពជឿជាក់ពេលចូលរួមវគ្គប្រឡងនានា។
មិនត្រឹមតែជាគ្រូបង្រៀនពូកែថ្នាក់សាលាថ្នាក់ខេត្តជាច្រើនឆ្នាំបន្តបន្ទាប់ប៉ុណ្ណោះទេ អ្នកគ្រូហ្គឿង នៅទាំងចូលរួមយ៉ាងស្វាហាប់បណ្តាចលនារបស់សាលារៀន ដើម្បីរួមចំណែកកសាង “សាលារៀនស្និទ្ធស្នាល សិស្សសកម្ម”។ អស់រយៈពេលជាង ១០ ឆ្នាំបង្ហាត់បង្រៀន អ្នកគ្រូ យ៉ីមហ្គឿង ទទួលបានកិត្តិនាមជាយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋានជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៣-២០១៧; ឆ្នាំ ២០១៨ អ្នកគ្រូបានប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរ ឆ្នាំ ២០២១ បានអង្គភាពវាយតម្លៃសម្រេចបានស្នាដៃឆ្នើម។ មិនត្រឹមតែស្រឡាញ់ពេញចិត្តនឹងអាជីពរបស់ខ្លួនប៉ុណ្ណោះទេ អ្នកគ្រូហ្គឿង ក៏អស់ពីចិត្តពីថ្លើមជួយឃោសនាដើម្បីឧបត្ថម្ភដល់ប្អូនៗដែលមានជីវភាពលំបាក មានលក្ខណៈបានទៅរៀនបន្តទៀតផង។
លោកគ្រូថាច់តឹងផុង គ្រូបង្រៀននៅសាលាវិទ្យាល័យញ៉ីទ្រឿង បានឲ្យដឹង៖ “អ្នកគ្រូហ្គឿង គឺគ្រូបង្រៀនម្នាក់ដែលអស់ពីចិត្តពីថ្លើមចំពោះការងារ មិនខ្លាចនឿយហត់ តែងចូលរួមគ្រប់សកម្មភាពចលនារបស់សាលារៀន ហើយតែងសម្រេចបានល្អនូវភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យផងដែរ។ អ្នកគ្រូតែងយកចិត្តទុកដាក់គិតគូរនិងស្រឡាញ់កូនសិស្ស ព្រមទាំងជួយណែនាំមុខជំនាញដល់មិត្តរួមអាជីព។ អ្នកគ្រូជាគំរូដ៏ល្អសម្រាប់គ្រូបង្រៀនវ័យក្មេងឯទៀតនៅក្នុងសាលារៀនសូត្រតាម”៕
អត្ថបទ & រូបថត៖ សារី