គម្រោង “បណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកលើភូមិសាស្ត្រខេត្តសុកត្រាំង” (ហៅកាត់ថា គម្រោង) បានពង្រីកប្រសិទ្ធភាព។ មកទល់ពេលនេះ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិករាប់រយនាក់អាចនឹងប្រើប្រាស់ភាសាខ្មែរខណៈអនុវត្តភារកិច្ចនៅមូលដ្ឋាន។
ព្រះឧបជ្ឈាយ៍ តាំងណោ ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ប្រទានបរិញ្ញាបត្រគរុកោសល្យភាសាខ្មែរដល់សមណសិស្ស។
គម្រោងត្រូវបានផ្សព្វផ្សាយបណ្តុះបណ្តាល ២ ដំណាក់កាល (ដំណាក់កាល ១ ចាប់ពីឆ្នាំ ២០១៩-២០២០ និងដំណាក់កាល ២ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥) អាស្រ័យគណៈកម្មាធិការបក្សខេត្តសុកត្រាំង ធ្វើជាប្រធានគណៈចង្អុលការគម្រោង។ គម្រោងបានផ្តុំកម្លាំងបណ្តុះបណ្តាល ៣ ថ្នាក់គឺ៖ ថ្នាក់ភាសាខ្មែរកម្រិតមូលដ្ឋាន ថ្នាក់បង្កើនកម្រិតនិងថ្នាក់បកប្រែ។ ឆ្លងតាមរយៈនោះ ថ្នាក់មូលដ្ឋាននឹងបណ្តុះបណ្តាលរយៈពេល ៤ខែ ថ្នាក់បង្កើនកម្រិត និងថ្នាក់បកប្រែបណ្តុះបណ្តាលរយៈពេល៦ខែ។ តាមប្រសាសន៍លោកង្វៀងថាយឌាំង អនុប្រធានគណៈចង្អុលការគម្រោង អនុប្រធានគណៈកម្មការចាត់តាំងនៃគណៈកម្មាធិការបក្សខេត្តសុកត្រាំង ខេត្តមានជនរួមជាតិខ្មែររស់នៅជាង ៣០% ម្ល៉ោះហើយគម្រោងនេះមានភាពជាក់ស្តែងសមស្របនឹងលក្ខណៈស្ថានភាពជាក់ស្តែងរបស់ខេត្ត។ “ក្នុងដំណាក់កាល ១ គម្រោងបានបណ្តុះបណ្តាលភាសាខ្មែរដល់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាង ៥០០ នាក់ លើភូមិសាស្ត្រខេត្ត។ ក្រោយពីវគ្គសិក្សា សិក្ខាកាមអាចនឹងទំនាក់ទំនង សរសេរនិងអានភាសាខ្មែរបានសម្រាប់បម្រើការងារបានល្អជាង។ នេះគឺជាលក្ខណៈងាយស្រួលសម្រាប់កម្មាភិបាល អ្នករដ្ឋការនិងបុគ្គលិកអនុវត្តល្អការងារផ្សព្វផ្សាយ ចលនាជនរួមជាតិខ្មែរអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ”- លោកឌាំង គូសបញ្ជាក់ដូច្នេះ។
លោកគ្រូត្រឹងធូវធី គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង ជាសិក្ខាកាមនៃគម្រោងនេះ ឱ្យដឹង៖ “ខ្ញុំបង្រៀននៅសាលាមានសិក្ខាកាមជាព្រះសង្ឃ ម្ល៉ោះហើយត្រូវការចេះភាសាខ្មែរដើម្បីងាយស្រួលទំនាក់ទំនង។ អាស្រ័យហេតុនោះ ខណៈពេលគណៈកម្មាធិការបក្សខេត្តមានគម្រោង គឺខ្ញុំចូលរៀនតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់បកប្រែ។ សព្វថ្ងៃ ខ្ញុំអាចនិយាយ សរសេរ អាននិងចេះបកប្រែពីភាសាវៀតណាមទៅខ្មែរ ពីខ្មែរទៅវៀតណាម។ ខ្ញុំអាចនឹងទំនាក់ទំនងដោយភាសាខ្មែរជាមួយនឹងសមណសិស្ស និងមិត្តរួមអាជីព ម្ល៉ោះហើយម៉ោងរៀនកាន់តែមានគុណភាព និងប្រសិទ្ធភាព”។
បើតាមគណៈចង្អុលការគម្រោងក្នុងដំណាក់កាល ២ (ចាប់ពីឆ្នាំ ២០២២-២០២៥) ខេត្តនឹងបណ្តុះបណ្តាលសិក្ខាកាមបន្ថែមចំនួន ៨៣០ នាក់ ក្នុងនោះ ថ្នាក់មូលដ្ឋានមានសិក្ខាកាមចំនួន ៤២០ នាក់ ថ្នាក់បង្កើនកម្រិតមានសិក្ខាកាមចំនួន ២៤០ នាក់ និងថ្នាក់បកប្រែមានសិក្ខាកាមចំនួន ១៧០ នាក់ សម្រាប់កម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិកដែលកំពុងបម្រើការលើភូមិសាស្ត្រខេត្ត។ ក្នុងនោះ អាទិភាពដល់កម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិកកំពុងបម្រើការងារនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ៕
យ្វីអាញ-លីសៀ