មានបញ្ហាស្មុគស្មាញមួយខណៈពេលកើតជំងឺឆ្លងដ៏កាចសាហាវ គឺបុរសងាយបាត់បង់ជីវិតដោយជំងឺ COVID-១៩ មានហានិភ័យខ្ពស់ត្រូវដាក់បំពង់ដង្ហើម និងដេកពេទ្យយូរជាងស្ត្រី។ ភាពខុសគ្នានេះ តាមពិតបានប្រទះឃើញចាប់ពីដំណាក់កាលដំបូងនៃជំងឺឆ្លងដ៏កាចសាហាវ គឺមុនពេលមានវ៉ាក់សាំងម៉្លេះ។
ជំងឺ COVID-១៩ បានធ្វើឱ្យមនុស្សលើពិភពលោកបាត់បង់ជីវិតជាង ៥លាននាក់ ក្នុងនោះបុរសច្រើនជាស្រ្តី។ រូប៖ Reuters
ឆ្នាំ ២០២១ អត្រាបាត់បង់ជីវិតទាំងបុរសនិងស្ត្រី ត្រូវបានកាត់បន្ថយច្រើន ប៉ុន្តែល្បឿននៃការបាត់បង់ជីវិតរបស់បុរសនៅតែខ្ពស់។ ទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការទប់ស្កាត់ជំងឺរាតត្បាតអាមេរិក (CDC) បញ្ជាក់ថា បច្ចុប្បន្ន ចំនួនស្ត្រីបាត់បង់ជីវិត ដោយសារជំងឺ COVID-១៩ នៅប្រទេសនេះ ស្រូបអត្រា ៤៥,៦% ឯបុរសស្រូបអត្រា ៥៤,៤% (បុរសស្រូបអត្រាមិនដល់ពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅអាមេរិក)។ គិតដោយឡែកក្រុមមនុស្សក្នុងកម្រិតអាយុចាប់ពី ៦៥-៨៤ ឆ្នាំ ជាក្រុមមានហានិភ័យខ្ពស់បំផុតឆ្លងជំងឺ COVID-១៩ នៅកម្រិតធ្ងន់ អត្រានៃការបាត់បង់ជីវិតជួនកាលខ្ពស់ជាង ៥៧,៩% ចំពោះបុរសនិង៤២,១%ចំពោះស្ត្រី។
ក្រុមសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ Yale (អាមេរិក) កត់សម្គាល់នូវភាពខុសគ្នាអំពីប្រតិកម្មភាពសុាំចំពោះស្ថានភាពនៃការឆ្លងជំងឺរវាងបុរសនិងស្ត្រី។ តួយ៉ាងដូចជំងឺរបេង ច្រើនកើតឡើងជាទូទៅចំពោះបុរស ហើយរាងកាយរបស់ភេទនេះ មាននិន្នាការផ្ទុកកម្រិតវីរុសរលាកថ្លើមប្រភេទ C និង HIV ខ្ពស់ជាង។ ក្រុមសិក្សាស្រាវជ្រាវក៏រកឃើញភាពខុសគ្នាអំពីសមត្ថភាពនៃភាពសុាំនឹងរោគរបស់បុរសនិងស្ត្រី ជាមួយជំងឺ COVID-១៩ ផងដែរ។ ឆ្លងតាមរយៈនោះ បុរសឆ្លងជំងឺ SARS-CoV-២ មានកម្រិតប្រូតេអ៊ីនបណ្តាលឱ្យរលាកក្នុងឈាមខ្ពស់ជាងស្រ្តី (ប្រូតេអ៊ិននេះ មានមុខងារកែតម្រូវប្រតិកម្មភាពសុាំនឹងរោគ)។ ប្រការនោះអាចធ្វើឱ្យមានបាតុភូតប្រតិកម្មភាពសុាំនឹងរោគ ហួសកម្រិតជាមួយនឹងវីរុស នៅទាំងបានហៅថា “ព្យុះ Cytokine”។
បុរសជក់បារី ផឹកស្រាច្រើនជាងស្រ្តី ហើយប្រការនេះក៏ជាកត្តាជំរុញឱ្យមានហានិភ័យបាត់បង់ជីវិតដោយសារជំងឺ COVID-១៩ ខ្ពស់ជាងដែរ។ តាមការសិក្សាស្រាវជ្រាវមួយថ្មីៗនេះ នៅប្រទេសអ៊ីស្រាអែល អំពីវ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer បញ្ជាក់ឱ្យឃើញថា អត្រាកើតជំងឺរលាកសាច់ដុំបេះដូងក្រោយពីចាក់វ៉ាក់សាំង លើបុរសភេទខ្ពស់ជិត ១៨ ដងបើប្រៀបជាមួយនឹងស្រ្តីភេទមានអាយុលើ ១៦ ឆ្នាំ។ មានភស្តុតាងបញ្ជាក់ឱ្យឃើញថា សមត្ថភាពនៃភាពសុាំ នឹងរោគ ក្រោយពីចាក់វ៉ាក់សាំងនេះនៅលើបុរសភេទក៏អន់ថយជាងដែរ។ តាមការសិក្សាស្រាវជ្រាវផ្សេងមួយទៀតបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែក្រោយពីចាក់វ៉ាក់សាំងដូសទី ២ កម្រិតអង្គបដិបក្ខនៅលើបុរសទាបជាងស្រ្តីគួរឱ្យកត់សម្គាល់។ ចំពោះបុរសមានអាយុពី ៦៥ ឡើងទៅ កម្រិតអង្គបដិបក្ខក្រោយពីចាក់វ៉ាក់សាំងទាបជាង ៤៦% បើប្រៀបនឹងស្រ្តីមានអាយុស្របាលគ្នា។
តាមអ្នកវិទ្យាសាស្រ្តមួយចំនួន អ័រម៉ូនក៏ជាមូលហេតុមួយផងដែរ។ Testosterone អាចទប់ស្កាត់ប្រតិកម្មភាពសុាំនឹងរោគនៅលើបុរស ខណៈពេល Estrogen អាចដើរតួនាទីសំខាន់ក្នុងការដែលស្រ្តីមានទិន្នាការ “មាន” កោសិកា ភាពសុាំនឹងរោគB ដែលបង្កើតអង្គបដិបក្ខ។ Estrogen ក៏អាចជួយគាបសង្កត់នូវកោសិកាភាពសុាំនឹងរោគដែលបណ្តាលឱ្យរលាកសាច់ដុំបេះដូង។
ក្នុងពេលរង់ចាំមជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្តអនុវត្តបន្ថែមការសិក្សាស្រាវជ្រាវ ដើម្បីយល់កាន់តែច្បាស់ហេតុអ្វីបុរសងាយបាត់បង់ជីវិតដោយសារជំងឺ COVID-១៩ ជាងស្រ្តីនោះ ឯវិធានការទប់ទល់នាបច្ចុប្បន្នគឺចាក់វ៉ាក់សាំងដល់បុរសភេទ រួមមានទាំងចាក់បង្កើនវ៉ាក់សាំងដូសទី៣៕
កាសែតកឹងធើអនឡាញ (យោង NY Times) ប្រែសម្រួល៖ វិមាន