អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ង្វៀងត្រឿងសើុង ផ្ដល់អនុសាសន៍ដល់ F0, F1 ដែលគ្មានរោគសញ្ញា គ្មានជំងឺ ធ្វើចត្តាឡីស័កសុខាភិបាលនៅផ្ទះ។
អ្នកស្ម័គ្រចិត្តយករបស់ប្រើប្រាស់ដល់អ្នកធ្វើចត្តាឡីស័កនៅផ្ទះ ក្នុងតំបន់បិទខ្ទប់ខណ្ឌ ៣ ទីក្រុងហូជីមិញ។
កំណត់ចំណាំចំណុច ១០ យ៉ាង ដើម្បីធានាសុវត្ថិភាពដល់ខ្លួនឯងនិងសហគមន៍។ជាក់ស្ដែង៖
១-រៀបចំកន្លែងធ្វើចត្តាឡីស័កក្នុងផ្ទះ ដោយមានបន្ទប់ដោយឡែក (ឬស្នាក់នៅកន្លែងមួយដាច់ដោយឡែក) មានបន្ទប់អនាម័យដោយឡែក យកលេខទូរស័ព្ទមូលដ្ឋានសុខាភិបាល បុគ្គលិកសុខាភិបាលដែលបានចាត់មកពិនិត្យ តាមដាន និងលេខទូរស័ព្ទគ្រូពេទ្យផ្ដល់ពិគ្រោះ។
ត្រៀមបម្រុងរបស់របរប្រើប្រាស់ចាំបាច់ ដូចជា សារធាតុកម្ចាត់មេរោគលាងដៃនិងវត្ថុប្រើប្រាស់ ទឹកខ្ពុលមាត់ ឬទឹកអំបិលសរីរវិទ្យា (០,៩%) ម៉ាស់ ឧបករណ៍វាស់កម្ដៅ អាល់កុលកម្ចាត់មេរោគ។ គប្បីមានថ្នាំពេទ្យចាំបាច់មួយចំនួន ដូចជា ថ្នាំគ្រុនក្ដៅ ថ្នាំប៉ូវសុខភាព ដូចជា vitamin C, multivitamin។
គប្បីរៀបចំតុ កៅអី ដាក់នៅខាងមុខបន្ទប់ ឬកន្លែងធ្វើចត្តាឡីស័ក សម្រាប់ដាក់គ្រឿងសម្ភារៈផ្សេងៗ ដែលគ្រួសារនិងបុគ្គលិកសុខាភិបាលផ្គត់ផ្គង់។ មានធុងសំរាមដោយឡែក មានគម្របនិងថង់ត្រឹមត្រូវ។
២-បើកទ្វារបង្អួចឱ្យស្រឡះស្រឡំ កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់។
៣- ពាក់ម៉ាស់ជាប្រចាំ វៀរលែងតែហូបចុក អនាម័យខ្លួនប្រាណ។ ផ្លាស់ម៉ាស់ពីរដងក្នុងមួយថ្ងៃ ហើយប្រើអាល់កុលកម្ចាត់មេរោគមុនពេលប្ដូរម៉ាស់ម្ដងៗ។
៤-ឧស្សាហ៍កម្ចាត់មេរោគនៅដៃ របស់របរប្រើប្រាស់ និងតុកៅអី បង្កាន់ដៃទ្វារ បង្គន់ ឡាបូលាងដៃ។ល។
៥- រៀងរាល់ថ្ងៃត្រូវវាស់កម្ដៅយ៉ាងតិច ២ ដង ឬនៅពេលសង្កេតឃើញមានអាការៈគ្រុនក្ដៅ។ កត់ត្រាកម្រិតកម្ដៅ និងរាយការណ៍ជូនបុគ្គលិកសុខាភិបាលរៀងរាល់ថ្ងៃ។
៦-ទទួលទានអាហារបំប៉នឱ្យបានគ្រប់គ្រាន់។
៧-ផឹកទឹកឱ្យបានច្រើន បំពេញបន្ថែមវីតាមីន និងសារធាតុរ៉ែជាប្រចាំ។
៨-ហាត់ប្រាណនៅនឹងកន្លែង ហាត់ដកដង្ហើមយ៉ាងតិចបំផុត ១៥ នាទី ជារៀងរាល់ថ្ងៃ។
៩-សំណូមពរបុគ្គលិកសុខាភិបាល មកយកសំណាកធ្វើតេស្ត បន្ទាប់ពីធ្វើចត្តាឡីស័កបាន ៧ ថ្ងៃ។
១០-គប្បីទូរស័ព្ទហៅទៅបុគ្គលិកសុខាភិបាលជាបន្ទាន់ ខណៈពេលមានរោគសញ្ញាមួយចំនួនដូចជា គ្រុនក្ដៅលើសពី ៣៧,៥ អង្សា C ក្អក ឈឺបំពង់ក ចុះរាក ពិបាកដកដង្ហើម (នៅពេលដែលមិនអាចដកដង្ហើមចូលវែងៗ និងអត់ដង្ហើមគ្រប់ ១០ វិនាទី៕
ប្រភព៖ moh.gov.vn -ប្រែសម្រួល៖ ពេជ្រសឿន