បងស្រី លីធីឡាញ នៅភូមិត្រឿងថាញ់ ឃុំត្រឿងថាញ់ ស្រុកថើយឡាយ ក្រុងកឹងធើ បានចាកផុតពីភាពក្រីក្រ អាស្រ័យប្រើប្រាស់ដើមទុនជំនួយរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព។
បងស្រីឡាញ ទើបលក់កូនស្ពៃក្ដោបបណ្ដុះជាង ១ ពាន់ថង់ នៅសល់តែបន្តិចបន្ដួចសម្រាប់លក់រាយ។
បងស្រីឡាញ រៀបរាប់៖ មុននេះ ប្ដីប្រពន្ធបងស្រីរស់នៅដោយការដើរស៊ីឈ្នួលរកបានថ្ងៃណាហូបថ្ងៃនោះ មិនមានសេសសល់អ្វីទេ។ ពេលកូន ២ នាក់ធំឡើង ប្រាក់ចំណាយប្រើប្រាស់កើន ជីវភាពរឹតតែលំបាក។ បំផុតនៅពេលគ្រួសារមានធុរៈ ឬកូនៗឈឺថ្កាត់ជាដើម។
បងត្រឹងឡុងហោ លេខាបក្សឃុំត្រឿងថាញ់ ឱ្យដឹង៖ "បងស្រីឡាញ អ្នកនៅក្នុងភូមិភាគម្ដាយគាត់ជាជនជាតិខ្មែរ ពេលដែលភូមិស្នើជំនួយមុខរបរចំណុះកម្មវិធី ១៣៥ យើងខ្ញុំបានពិនិត្យនិងជំនួយប្ដីបងស្រីរៀនមុខរបរជាងសំណង់ ចំណែកបងស្រីឡាញ ត្រូវបានជំនួយទុនសម្រាប់ធ្វើអាជីវកម្ម"។
ខណៈពេលដងផ្លូវតាមភូមិបានចាក់កៅស៊ូ បងស្រីឡាញ ក៏មានគំនិតបង្កើតរបរបណ្ដុះគ្រាប់ពូជដំណាំ។ បងស្រីឡាញ ឱ្យដឹង៖ "សមាគមនារីឃុំបានឧទ្ទេសនាមទម្រង់ត្បាញកំប្លោក និងលក់ដូរកំប៉ិកកំប៉ុក ដើម្បីខ្ញុំប្រើប្រាស់ទុនបុលដែលរដ្ឋជំនួយ។ ដោយសារខ្ញុំធ្លាប់ស៊ីឈ្នួលបណ្ដុះគ្រាប់ពូជដំណាំនៅខណ្ឌថូកណូក ក៏ដឹងថាមុខរបរនេះរកបានប្រាក់ចំណូលលំនឹង។ ពេលផ្លូវខាងមុខផ្ទះខ្ញុំបានចាក់កៅស៊ូ កិច្ចការលក់ដូរកាន់តែមានភាពងាយស្រួល។ ជាពិសេស ខ្ញុំអាចប្រកបរបរក្នុងផ្ទះ នឹងមានពេលវេលាដណ្ដំាបាយ គិតគូរឱ្យកូន ២ នាក់ ទៅរៀន"។
ការងារបណ្ដុះគ្រាប់ពូជដំណាំមិនលំបាកទេ ដ្បិតអី បងស្រីឡាញធ្លាប់ចេះកាលពីទៅធ្វើការឈ្នួល។ ប៉ុន្តែពេលទើបចេញធ្វើរបរបណ្ដុះគ្រាប់ពូជដំណាំ អ្នកដាំមិនទាន់ដឹងឮច្រើន។ ព្រោះហេតុនោះ បងស្រីឡាញបានទំនាក់ទំនងទៅមូលដ្ឋានអាជីវកម្មដែលគាត់ធ្លាប់ធ្វើការឈ្នួលនៅថូកណូកដើម្បីបោះម៉ូយ។ លុះដងផ្លូវមុខផ្ទះបងស្រីមានម៉ូតូបើកបរចុះឡើងច្រើន និងមានអ្នកទិញកាន់តែច្រើនឡើង។ បងស្រីឡាញ ចែករំលែក៖ "ខ្ញុំជ្រើសគ្រាប់ពូជធុនល្អសម្រាប់បណ្ដុះ ម្ល៉ោះហើយដំណាំឆាប់ចាក់ឫសខណៈពេលយកទៅដាំ។ ហេតុនោះ អ្នកដាំជឿទុកចិត្តមករកទិញកាន់តែច្រើន។ ហើយចេះតែឧទ្ទេសនាមបន្តពីមួយទៅមួយ ទើបមានច្រកចេញលំនឹង។ ខ្ញុំក៏ឈប់បោះម៉ូយឱ្យមូលដ្ឋានអាជីវកម្មនៅខ័ណ្ឌថូកណូកទៀត"។
ធ្វើការងារពេលថ្ងៃមិនទាន់ ប្ដីប្រពន្ធបងស្រីឡាញនិងកូនៗពេលយប់នាំគ្នាមូរកន្ទោងស្លឹកធ្វើថង់បណ្ដុះគ្រាប់ពូជ។ សព្វថ្ងៃប្រាក់ចំណូលផ្ដើមពីមុខរបរបណ្តុះគ្រាប់ពូជដំណាំរបស់បងស្រីឡាញបានលំនឹង។ ប្ដីបងស្រីក៏បានឡើងមេជាង ម្ល៉ោះហើយការងាររកស៊ីកាន់តែមានភាពងាយស្រួលថែមទៀត។ ផ្ទះត្រូវបានទទួលឧបត្ថម្ភអំពីកម្មវិធី ១៣៤ ដោយបានជំនួយជួសជុលយ៉ាងសមរម្យ ម្ល៉ោះហើយគ្រួសារបងស្រីបានចាកផុតពីភាពក្រីក្រ៕
ហាថាញ - ថាច់ធី