ទន្ទឹមនឹងការយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំ ផ្នែកអប់រំខេត្តសុកត្រាំង នៅទាំងសហការជាមួយនឹងស្ថានីយវិទ្យុទូរទស្សន៍ រៀបចំពិធីប្រឡងសិល្បៈសាលាជនជាតិអន្តេវាសិកក្នុងខេត្ត។ ឆ្លងតាមរយៈនោះ បានជំរុញចលនាសិល្បៈក្នុងប្រព័ន្ធសាលាជនជាតិអន្តេវាសិក កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ឈុតរបាំគោះត្រឡោករបស់ក្លឹបសិល្បៈសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ។
សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង បានបង្កើតក្លឹបសិល្បៈ រួមមាន៖ ក្រុមរបាំ ក្រុមភ្លេងពិណពាទ្យ ទាក់ទាញសិស្សានុសិស្សចូលរួមយ៉ាងកុះករ។ លោកគ្រូគឹមវ៉ាន់ង៉យ នាយករងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “គណៈនាយកសាលាតែងយកចិត្តទុកដាក់ដល់ការចលនាសិល្បៈ ម្ល៉ោះហើយ ក៏បានទិញសំលៀកបំពាក់ ភ្លេងពិណពាទ្យជាដើម ដើម្បីសិស្សមានកន្លែងលេងកម្សាន្តមានប្រយោជន៍និងរក្សាបានតម្លៃវប្បធម៌ជនជាតិ។ រាត្រីថ្ងៃសៅរ៍រៀងរាល់សប្ដាហ៍ សាលាបង្កលក្ខណៈឱ្យសិស្សានុសិស្សហាត់របាំនិងប្រគំភ្លេងពិណពាទ្យ។ អាស្រ័យហេតុនោះ ក្លឹបសិល្បៈរបស់សាលាពេលទៅចូលរួមមហោស្រពសិល្បៈ ពិធីប្រឡង ក៏ទទួលបានរង្វាន់ខ្ពស់ថ្នាក់ខេត្តនិងថ្នាក់តំបន់ជាច្រើន”។
ក្លឹបសិល្បៈរបស់សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សម្ដែងក្នុងពិធីប្រឡងសិល្បៈសាលាជនជាតិអន្តេវាសិក។
តាមប្រសាសន៍របស់អ្នកគ្រូយ័ញធីភឿងថាវ អនុលេខាសម្ព័ន្ធយុវជនសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ស្រុកមីស្វៀង៖ អស់រយៈពេល ៤ ឆ្នាំមកនេះ ក្លឹបសិល្បៈរបស់សាលាមានការរីកចម្រើនយ៉ាងខ្លាំង ទាក់ទាញបានសិស្សានុសិស្សចូលរួមជាច្រើន។ ចូលរួមប្រឡងសិល្បៈសាលាជនជាតិអន្តេវាសិករបស់ខេត្ត ២ លើក សាលាទទួលបានរង្វាន់លេខ ៣ ទាំង ២ លើក។ ផ្ដើមពីនោះ ក្នុងថ្ងៃបើកបវេសនកាល បិទវគ្គឆ្នាំសិក្សា បុណ្យចូលឆ្នាំថ្មី ឬបុណ្យទានផ្សេងៗរបស់ជនរួមជាតិខ្មែរ ក្លឹបសិល្បៈរបស់សាលាតែងស្រាវជ្រាវហាត់របាំប្រពៃណី និងរបាំប្រជាប្រិយដើម្បីសម្ដែង។ ប្អូនសើុងធីស៊ីដេត សិស្សថ្នាក់ទី ១១ នៃសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ ឱ្យដឹង៖ “ប្អូនចូលចិត្តរបាំបុរាណ មានដូច៖ របាំជូនពរ របាំគោះត្រឡោក របាំឆៃយុាំជាដើម។ ប្អូនយល់ឃើញថា ចលនាសិល្បៈក្នុងសាលារៀនមានប្រយោជន៍ច្រើនណាស់ ជួយប្អូនៗលត់ដំនូវភាពជឿជាក់លើខ្លួនឯង មានបរិស្ថានលេងកម្សាន្តដ៏មានប្រយោជន៍ផង និងបានស្វែងយល់កាន់តែច្បាស់ពីតម្លៃវប្បធម៌របស់ជនជាតិផង”។ អ្នកគ្រូយ័ញ ធីភឿងថាវ ឱ្យដឹងបន្ថែម៖ “ការបង្កើតនិងពង្រីកចលនាសិល្បៈក្នុងសាលាជនជាតិអន្តេវាសិក បានបំផុសស្មារតីស្រឡាញ់សិល្បៈ គំនិតច្នៃប្រតិដ្ឋរបស់គ្រូបង្រៀន សិស្សានុសិស្ស។ ពេលចូលរួមសកម្មភាពសិល្បៈ ជួយឱ្យប្អូនៗចេះស្រឡាញ់រាប់អានគ្នា សាមគ្គីនិងជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាឈានឡើងក្នុងរៀនសូត្រ កសាងបានបរិស្ថានវប្បធម៌ដ៏មានប្រយោជន៍ក្នុងដំណើររៀនសូត្រ រួមចំណែកលើកកម្ពស់គុណភាពបង្រៀននិងរៀន”៕
យ្វីអាញ - ថាច់ធី