ជម្នះស្ថានភាពក្រលំបាក ឈានឡើងធ្វើមានដោយកម្លាំងខ្លួនឯង គឺជាការងារធ្វើមិនធម្មតា ប៉ុន្តែបងស្រីត្រឹងគឹមដុង (អាយុ ៤៤ ឆ្នាំ ជាជនជាតិខ្មែរ សមាជិកសាខាសមាគមនារីនៅភូមិ ៥ ឃុំហ៊ីបតុង) ធ្វើបាននូវបញ្ហានេះ។
បងស្រីត្រឹងគឹមដុង អនុវត្តល្អនូវចលនា " ៥ គ្មាន ៣ ស្អាត" អាស្រ័យសមាគមសហពន្ធនារីគ្រប់លំដាប់ថ្នាក់បំផុស។
បងស្រីត្រឹងគឹមដុង កើតនិងធំឡើងក្នុងគ្រួសារកសិករ នៅភូមិតឹងឌៀង B ឃុំថាញ់តុង ស្រុកដឹមយើុយ ខេត្តកាម៉ាវ ឆ្នាំ ១៩៩៩ បងស្រីដុងបានរៀបការ។ ដោយសារគ្រួសារសងខាងទីទ័លក្រ មានបងប្អូនច្រើន ម្ល៉ោះហើយក្រោយពីរៀបការបាន ៧ ខែ ប្តីប្រពន្ធគាត់បុលប្រាក់របស់សាច់ញាតិទិញដីចិញ្ចឹមបង្គានាគបាន ២ ហិកតា នៅភូមិ ៥ ឃុំហ៊ីបតុង ដើម្បីចាប់ផ្តើមជីវភាពថ្មី។ និយាយថាដីចិញ្ចឹមជលផល ប៉ុន្តែធាតុពិតទៅសុទ្ធតែភ្លឺប្រឡាយនិងឈើព្រៃ មានតែប្រឡាយ ២ តូចៗរាក់អស់ ម្ល៉ោះហើយការចិញ្ចឹមបង្គានាគតែងបរាជ័យ ជីវភាពកាន់តែដុនដាប។
ក្នុងអំឡុងឆ្នាំ ២០០០ និង ២០០១ គឺជាដំណាក់កាលដ៏លំបាកបំផុតនៅពេលកូនៗ ទាំងពីរនាក់របស់បងស្រីបានកើតមកជាបន្តបន្ទាប់។ ដោយមិនចុះចាញ់នឹងវាសនាប្តីប្រពន្ធបងស្រីបានបញ្ចេញកម្លាំងកាប់ឆ្ការ ជីកស្តារប្រឡាយ អណ្តូង សន្សឹមៗបើកទូលាយ ផ្ទៃទឹកដើម្បីចិញ្ចឹមបង្គានាគ មួយវិញទៀតទប់ទំនប់ជុំវិញដើម្បីសម្រាប់ចិញ្ចឹមសត្វ ដាំដុះ កែលម្អជីវភាពបន្ថែម។
ដីធ្លីមិនឱ្យមនុស្សអស់សង្ឃឹម នៅអំឡុងឆ្នាំ ២០០៦ និងឆ្នាំ ២០០៧ សេដ្ឋកិច្ចគ្រួសារបងស្រីដុង ចាប់ផ្តើមវិវឌ្ឍន៍ រកបានប្រាក់ចំណូលមធ្យមភាគពី ៥ លានដល់ ១០ លានដុងរៀងរាល់ខែពីការចិញ្ចឹមបង្គានាគ។ នេះជាប្រភពប្រាក់ចំណូលខ្ពស់បង្គួរនៅដំណាក់កាលនោះ។ ដោយសារចិញ្ចឹមបង្គានាគអំណោយផលបន្តបន្ទាប់ ប្តីប្រពន្ធគាត់មិនត្រឹមតែសងស្រឡះបំណុលប៉ុណ្ណោះទេ នៅទាំងទិញបានដីផលិតកម្មបន្ថែមទៀតផង។ បច្ចុប្បន្ន គ្រួសារគាត់មានដីចិញ្ចឹមជលផលជាង ៩ ហិកតា រកបានប្រាក់ចំណូលមធ្យមភាគជាង ១០០ លានដុង រៀងរាល់ឆ្នាំ ។
ទោះជាជីវភាពបានធូរធារហើយក៏ដោយ ប៉ុន្តែនារីជនជាតិខ្មែររូបនេះ ខិតខំពលកម្មមិនឈប់ឈរ។ ក្រៅពីចិញ្ចឹមបង្គានាគ រៀងរាល់ថ្ងៃបងស្រីបិតស្រា ចិញ្ចឹមជ្រូកមេ មាន់ ទា និងដាំដុះជុំវិញផ្ទះ មិនត្រឹមតែកែលម្អការហូបចុកក្នុងគ្រួសារប៉ុណ្ណោះទេ នៅទាំងរកបានប្រាក់ចំណូលបន្ថែមពី ៥០-៦០ លានដុងរៀងរាល់ឆ្នាំទៀតផង។ កូនទាំងពីរនាក់របស់គាត់ម្នាក់ កំពុងសិក្សាឆ្នាំទី ២ នៃមហាវិទ្យាល័យឱសថសាស្រ្តនៅក្រុងកឹងធើ ម្នាក់ទៀតកំពុងរៀនថ្នាក់ទី ៧ នៅអនុវិទ្យាល័យឃុំហ៊ីបតុង។
ប្រការដែលគ្មានអ្នកណាស្មានដល់នោះគឺ គ្រួសារគាត់សង់បានផ្ទះមួយខ្នងដ៏ស្កឹមស្កៃ សង់លើផ្ទៃដីប្រមាណ ១០០ម២ គិតជាតម្លៃជាង ១ ពាន់លានដុង អាស្រ័យប្តីប្រពន្ធបងស្រី ចំណាយកម្លាំងធ្វើដោយខ្លួនឯង ទើបសម្រេចជាស្ថាពរ។ "សង់ទាំងផ្ទះមុខនិងរោងក្រោយ ពីរនាក់ប្តីប្រពន្ធខ្ញុំចំណាយពេលធ្វើ ៩ ខែគត់។ ជួលជាងលាបពណ៌តែសសរជួរមុខប៉ុន្មានដើម ឱ្យស្អាតនិងបូកជញ្ជាំងសងខាងប៉ុណ្ណោះ គិតជាទឹកប្រាក់ជិត ៤០ លានដុង ក្រៅពីនោះគឺ ធ្វើដោយខ្លួនឯងទាំងអស់" - បងស្រីដុង បានឱ្យដឹងដូច្នេះ។
មិនត្រឹមតែប៉ិនប្រសប់ការងារគ្រួសារប៉ុណ្ណោះទេ ក្នុងតួនាទីជាសមាជិកនារី បងស្រីដុងតែងគាំទ្រដោយអស់ពីចិត្តនូវចលនា អាស្រ័យសមាគមនារីគ្រប់លំដាប់ថ្នាក់បំផុសចលនា។ "បងស្រីត្រឹងគឹមដុង តែងគិតថាត្រូវតែឈានឡើងអភិវឌ្ឍជីវភាពគ្រួសារដោយកម្លាំងពលកម្ម។ ចំពោះការងារសង្គម បងស្រីខ្នះខ្នែងចូលរួមយ៉ាងសកម្ម ត្រៀមនឹងចែករំលែកបទពិសោធន៍ដោយអស់ពីចិត្ត ប្រសិនបងប្អូននារីមានតម្រូវការ" ប្រធានសាខាសមាគមនារីភូមិ ៥ ផាមធីឡេវ ឱ្យដឹងដូច្នេះ៕
យោង៖ baocamau.com.vn-វិមាន